សភាសហភាពអឺរ៉ុបនឹងពិភាក្សាញត្តិរួមស្តីពីសេចក្តីសម្រេចចិត្តមួយ ដែលផ្តោតជាសំខាន់លើការរំលាយគណបក្សសង្គ្រោះជាតិ និងវិធានការផ្សេងៗដើម្បីជំរុញឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញផ្លាស់ប្តូរគោលជំហររបស់ខ្លួនឡើងវិញ និងធ្វើឲ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាឡើងវិញ។ នេះបើយោងតាមការបញ្ជាក់ពីស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកសារសេចក្តីសម្រេចចិត្តព្រាងទុកមួយរបស់សភាសហភាពអឺរ៉ុប។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ VOA តាមសារអេឡិចត្រូនិក ឬ Email នៅថ្ងៃព្រហស្បតិ៍នេះថា សេចក្តីសម្រេចចិត្តព្រាងទុកនេះនឹងត្រូវយកទៅពិភាក្សាដោយសភាសហភាពអឺរ៉ុបនៅថ្ងៃនេះ។ ប៉ុន្តែលោកបានសុំមិនផ្តល់សេចក្តីអធិប្បាយទៅលើពាក្យពេចន៍ដែលត្រូវបានសរសេរក្នុងសេចក្តីសម្រេចចិត្តព្រាងទុក ដែលបានដាក់បញ្ចូលក្នុងញត្តិរួមមួយរបស់សភាសហភាពអឺរ៉ុបនោះទេ។
លោកបានបញ្ជាក់តាមសារអេឡិចត្រូនិក ឬ Email ក្នុងន័យដើមថា៖
«នេះគឺជាសេចក្តីសម្រេចចិត្តព្រាងទុកមួយដែលខ្ញុំយល់ថា នឹងត្រូវបានពិភាក្សាដេញដោល ដោយសភាសហភាពអឺរ៉ុបនៅថ្ងៃនេះ។ វាមិនសមរម្យទេសម្រាប់ប្រតិភូផ្តល់ការអធិប្បាយទៅលើពាក្យពេចន៍ផ្សេងៗនៃសេចក្តីសម្រេចចិត្តព្រាងទុករបស់សភាសហភាពអឺរ៉ុប»។
ការត្រៀមរៀបចំកិច្ចពិភាក្សារបស់សភាសហភាពអឺរ៉ុបស្តីពីបញ្ហាកម្ពុជានេះកើតមានឡើង បន្ទាប់ពីក្រុមសមាជិកសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៧ បានបើកសវនាការសាធារណៈនៅក្នុងអនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់សភាអាមេរិក ពិភាក្សាអំពីវិធានការបន្ថែមដើម្បីជំរុញឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញទាញដំណើរការប្រជាធិបតេយ្យឲ្យមករកស្ថានភាពដើមឡើងវិញ។ ការព្រមានធ្ងន់ៗ ដោយមានវិធានការផ្សេងៗពីក្រុមបស្ចឹមប្រទេសគឺឆ្លើយតបនឹងការសម្រេចរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់ ការបង្ក្រាបលើក្រុមអង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យក្នុងស្រុកនាប៉ុន្មានខែចុងក្រោយនេះ។
ញត្តិរួមមួយរបស់សភាសហភាពអឺរ៉ុប ចុះថ្ងៃទី១៣ខែធ្នូ ស្តីពីសេចក្តីសម្រេចចិត្តព្រាងទុកឲ្យដឹងថា សភាសហភាពអឺរ៉ុបបានសម្តែងក្តីសោកស្តាយជាខ្លាំងលើការរំសាយចោលគណបក្សប្រឆាំង និងបរិយាកាសអាក្រក់សម្រាប់ក្រុមអ្នកនយោបាយប្រឆាំង សកម្មជនសិទ្ធិមនុស្ស សមាជិកសង្គមស៊ីវិល ហើយបានសម្តែងការគាំទ្រចំពោះទស្សនៈរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សដែលបានចាត់ទុកថា ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងគណបក្សសង្គ្រោះជាតិជាការការចោទប្រកាន់ស្រពេចស្រពិលមួយ។
សេចក្តីសម្រេចចិត្ដ ដែលបានលើកឡើងនូវចំណុចជាច្រើននោះបានអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីចាត់វិធានការដើម្បីស្តារដំណើរការប្រជាធិបតេយ្យឲ្យបានដូចដើមវិញ។
សភាសហភាពអឺរ៉ុបក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលរាល់វិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោតដែលបានរឹតត្បិតសេរីភាពក្នុងការនិយាយស្តី និងសេរីភាពនយោបាយ ហើយបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការចាប់ខ្លួនលោក កឹម សុខា និងសកម្មជននយោបាយផ្សេងទៀត។ សភាសហភាពអឺរ៉ុបទទូចឲ្យអាជ្ញាធរកម្ពុជាដកហូតចេញវិញជាបន្ទាន់នូវដីកាចាប់ខ្លួន និងទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងមេដឹកនាំប្រឆាំងគឺលោកសម រង្ស៊ី ក៏ដូចជាដោះលែងលោកកឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ប្រឆាំងនឹងគាត់ និងទម្លាក់បទចោទប្រកាន់ផ្សេងៗទៀតប្រឆាំងនឹងតំណាងរាស្ត្រគណបក្សជំទាស់។
ក្នុងសេចក្តីសម្រេចចិត្តព្រាងទុកនោះ សភាសហភាពអឺរ៉ុបបានលើកឡើងក្នុងន័យដើមថា៖
«ស្វាគមន៍ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការកាត់ជំនួយដែលគាំទ្រដល់ការបោះឆ្នោត រហូតទាល់តែប្រទេសកម្ពុជាចាប់ផ្តើមធ្វើកំណែទម្រង់ឲ្យស្របតាមបទដ្ឋានអន្តរជាតិ ដើម្បីធ្វើឲ្យជឿនលឿននៃប្រជាធិបតេយ្យ និងការពារលំហរបស់សង្គមស៊ីវិល»។
សភាសហភាពអឺរ៉ុប បានសង្កត់ធ្ងន់លើការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ដែលជាតម្រូវការអាទិភាពសម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីបន្តទទួលបានប្រយោជន៍ពីកម្មវិធីពាណិជ្ជកម្ម ដែលគេស្គាល់ថា ជាកម្មវិធី«អ្វីៗទាំងអស់លើកលែងតែអាវុធ»។ សភាសហភាពអឺរ៉ុប ក៏បានស្នើឲ្យធ្វើការពិនិត្យឡើងវិញជាបន្ទាន់នៃកាតព្វកិច្ចរបស់កម្ពុជា ដែលត្រូវធ្វើដើម្បីបន្តទាញយកប្រយោជន៍ពីកម្មវិធីនេះ។
ជាងនេះទៅទៀត សភាសហភាពអឺរ៉ុបបានស្នើឲ្យស្ថាបនពាក់ព័ន្ធរៀបចំបញ្ជីឈ្មោះបុគ្គលទាំងឡាយណាដែលមានការទទួលខុសត្រូវចំពោះការរំលាយគណបក្សសង្គ្រោះជាតិ និងការរំលោភបំពានសិទ្ធិមនុស្សផ្សេងទៀត ដើម្បីឲ្យបុគ្គលទាំងនោះប្រឈមនឹងការរឹតបន្តឹងលើទិដ្ឋាការ និងការបង្កកទុកទ្រព្យសម្បត្តិតាមដែលអាចធ្វើទៅបាន។ សភាសហភាពអឺរ៉ុបបានក្រើនរម្លឹកឲ្យរដ្ឋាភិបាលឲ្យអនុវត្តកាតព្វកិច្ច និងការប្តេជ្ញាចិត្តទាំងឡាយរបស់ខ្លួន ទៅតាមគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ដែលជាធាតុសំខាន់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ សភាសហភាពអឺរ៉ុបបានសម្តែងក្តីបារម្ភយ៉ាងខ្លាំងផងដែរចំពោះភាពស្របច្បាប់ និងតម្លាភាពនៃការបោះឆ្នោតឆ្នាំ២០១៨ បន្ទាប់ពីការចេញសេចក្តីសម្រេចរបស់តុលាការកំពូលដែលរំលាយចោលគណបក្សសង្គ្រោះជាតិ។
សភាសហភាពអឺរ៉ុបបានសង្កត់ធ្ងន់បន្ថែមក្នុងន័យដើមថា៖
«ដំណើរការបោះឆ្នោតមួយដែលគណបក្សប្រឆាំងសំខាន់ត្រូវបានដកចេញតាមអំពើចិត្ត នោះ ការបោះឆ្នោតនោះមិនស្របច្បាប់នោះទេ ហើយការបោះឆ្នោតដែលមានតម្លាភាព និងមានលក្ខណៈប្រកួតប្រជែងគឺជាគន្លឹះនៃការធានាបាននូវសន្តិភាព និងសិ្ថរភាពក្នុងប្រទេស និងតំបន់ទាំងមូល»។
ជំហានរបស់សហភាពអឺរ៉ុបក្នុងការពិនិត្យឡើងវិញនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានកើតឡើងភ្លាមៗ ក្រោយសវនាការរបស់ក្រុមសមាជិកសភាអាមរិកស្តីពីវិធានការបន្ថែមប្រឆាំងនឹងវិធានការរបស់របបលោក ហ៊ុន សែនដែលធ្វើឲ្យចុះខ្សោយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ក្រុមសមាជិកសភាអាមេរិក មន្ត្រីគណបក្សសង្គ្រោះជាតិ និងមន្ត្រីអង្គការសង្គមស៊ីវិល បានចូលរួមសវនាការរបស់អនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសសភាអាមេរិក ដោយបានពណ៌នាអំពីការវិវត្តចុងក្រោយនៃស្ថានភាពនយោបាយនៅកម្ពុជានិងស្នើឲ្យមានវិធានការចាំបាច់បន្ថែម ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលកម្ពុជាវិកមកធ្វើប្រក្រតីកម្មឡើងវិញនៃដំណើរប្រជាធិបតេយ្យនៅកម្ពុជា។
តែទោះបីជាយ៉ាងណាក៏ដោយចុះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលបានសម្រេចថា នឹងមិនវិលថយក្រោយ ហើយកែសម្រួលអ្វីៗដែលបានធ្វើឡើងនោះឡើយ ហើយថា ទោះបីមានសម្ពាធបែបណាក្តី ក៏រដ្ឋាភិបាលមិនអាចបន្ទន់ជំហរធ្វើតាមបានដែរ។
«ខ្ញុំមិននិយាយវែងទេ សុំនិយាយខ្លីចុះណ៎ា គឺថា ដំណើរការទៅមុខរបស់កម្ពុជាគឺទៅមុខហើយ អត់មានដកថយទេ ព្រោះអានេះជាការគោរពត្រឹមត្រូវទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យក្នុងក្របខណ្ឌឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ ការលើកឡើងជាសំណើយ៉ាងណាក្តី ខ្ញុំយល់ថា អានេះហើយវាឆ្លុះបញ្ចាំងពីការចូលលូកដៃជ្រៀតជ្រែកចូលក្នុងការកិច្ចការផ្ទៃក្នុងរបស់កម្ពុជាហើយ ដែលនោះជាការរំលោភលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងពិតប្រាកដបាទ»។
អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេសរូបនេះជឿថា រដ្ឋាភិបាលនៃប្រទេសក្នុងសហភាពអឺរ៉ុបនឹងពិចារណាទៅលើវិធានការដែលគេអាចធ្វើបាន ប្រសិនបើសភាសហភាពអឺរ៉ុបអនុម័តសេចក្តីសម្រេចចិត្តព្រាងទុកនោះ។ លោកជឿថា ការអនុម័តរបស់សភាសហភាពអឺរ៉ុបនឹងមិនមានឥទ្ធិពលខ្លំាងក្លាដែលឈានដល់ការលុបចោលចំណុចនានា ដែលមានទំនាក់ទំនងនឹងផលប្រយោជន៍ពាណិជ្ជកម្មនោះទេ។
«គ្រាន់តែសភាធ្វើនោះ វាមិនទាន់ដល់ដៃទេ មិនមែនសភាជាអ្នកឲ្យកំណត់ថា លុបនេះលុបនោះទេ។ អាហ្នឹងគ្រាន់តែជាបុគ្គលទេ។ ខ្ញុំពិនិត្យមើលឃើញថា គ្រាន់តែជាបុគ្គលមួយចំនួនតែប៉ុណ្ណោះទេ ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា យល់ឃើញស្របគ្នាជាមួយការថ្លែងរបស់មន្ត្រីនៃគណបក្សកាន់អំណាច ដោយលោកបានពន្យល់ថា រដ្ឋាភិបាលនៃប្រទេសដែលជាសមាជិកសហគមន៍អឺរ៉ុបនឹងធ្វើការសម្រេចចិត្តខាងនយោបាយ បន្ទាប់ពីសភាសហភាពអឺរ៉ុបបានផ្តល់ការយល់ព្រមលើសេចក្តីសម្រេចចិត្តដែលបានព្រាងទុករួចមកនោះ។ លោកនិយាយថា លោកមិនចង់ឃើញមានការបិទច្រកនាំចូលទំនិញកាត់ដេរកម្ពុជាចូលទីផ្សារអឺរ៉ុបនោះទេ ព្រោះថា ការណ៍នេះអាចបង្កជម្លោះការងារក្នុងឧស្សាកម្មកាត់ដេរ។
«ខ្ញុំអាចដឹងថា នៅពេលបើសិនជាវាមានការផ្តាច់មែន ទីមួយគឺគាត់អត់ការងារធ្វើ ទីពីរគឺគាត់អត់មានប្រាក់ចំណូល ហើយទីបី អាចនឹងមានជម្លោះរវាងកម្មករ និងនិយោជក។ យើងឃើញថា ការបង់ទូទាត់ប្រាក់សំណង ប្រាក់អីហ្នឹង អាហ្នឹងវាអាចកើតមានឡើង។ ហើយបន្ទាប់ពីហ្នឹងទៅទៀត យើងមិនដឹងថាមានរឿងអីកើតឡើងទៀត។ យើងអត់ទាន់អាចសន្និដ្ឋានបាន»។
លោកបានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលនានានៃប្រទេសសមាជិកសហភាពអឺរ៉ុបសម្រេចបិទទីផ្សារសម្រាប់ផលិតផលកាត់ដេរកម្ពុជាមែន នោះវាជាបន្ទុកធ្ងន់មួយសម្រាប់រដ្ឋាភិបាលផងដែរ ហើយហេតុការណ៍ដែលមិនអាចទាយទុកជាមុននឹងកើតឡើងផងដែរ ខណៈដែលកម្មករជាច្រើនត្រូវគេដឹងថា ជាប់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុឯកជន។
ប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហភាពអឺរ៉ុបគិតជាទឹកប្រាក់៤.៥៥៥លានដុល្លារនិងនាំចូលទំនិញពីសហភាពអឺរ៉ុបគិតជាទឹកប្រាក់៦៤៣លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៦។ ប្រទេសកម្ពុជាក៏បាននាំទំនិញចេញទៅសហរដ្ឋអាមេរិកគិតជាទឹកប្រាក់ ២.៨១៤លានដុល្លារអាមេរិក និងនាំចូលទំនិញពីសហរដ្ឋអាមេរិកគិតជាទឹកប្រាក់២៨៥លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។
នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប និងការិយាល័យស្ថិតិរបស់អាមេរិក៕