ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​បេឡារុស​នៅ​ថ្ងៃសុក្រ​នេះ

  • Lisa Bryant​

រូបឯកសារ៖ ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​នៅ​ក្នុង​វិមាន​ឯករាជ្យ​ក្នុង​ទីក្រុង Minsk នៃ​ប្រទេស​បេឡារុស នៅ​ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ទណ្ឌកម្ម​ថ្មី​របស់​សហភាព​អឺរ៉ុបទៅ​លើ​ប្រទេស​បេឡារុស បានចូល​ជាធរមាន​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​សហភាព​អឺរ៉ុប ​បាន​ព្រមានថា ​ប្រទេស​តួកគី​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ដែរ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​២​ថ្ងៃ​នៅ​ក្នុងទីក្រុង​ប្រ៊ុចសែល ចំពោះ​រឿង​ជម្លោះ​សមុទ្រ​មួយ។

ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប សំដៅ​ទៅលើ​មន្ត្រី​បេឡារុស​ប្រមាណ​៤០​នាក់ ប៉ុន្តែ​មិន​មាន​ឈ្មោះ​ប្រធានាធិបតី Alexander Lukashenko ទេ នៅក្នុង​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ និង​ការ​បង្ក្រាប​បាតុករ ក្រោយការ​បោះឆ្នោត​នោះ។ ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប បាន​ប្រកាស​វិធានការណ៍​នេះ ក្រោយ​កិច្ចពិភាក្សា​អស់​ពេល​ជាច្រើន​ម៉ោង នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​ប៊ែលហ្សិក បន្ទាប់​ពី​បាន​ដោះស្រាយ​ការ​ប្រឆាំង​ពី​សំណាក់​ប្រទេស​ស៊ីប ដែល​ជា​សមាជិក​តូច​មួយ​នោះ។

ប្រទេស​ស៊ីប បាន​សង្ឃឹម​ថា ​សហភាព​អឺរ៉ុប​ នឹង​ចាត់វិធានការណ៍​ស្រដៀងគ្នា​លើ​ប្រទេស​តួកគី ចំពោះ​រឿង​ជម្លោះ​សិទ្ធិ​រុករក​ប្រេង​និងឧស្ម័ន នៅ​ភាគ​ខាង​កើត​នៃ​សមុទ្រ​មេឌីទែរ៉ាណេ (Mediterrane)។ ផ្ទុយទៅវិញ ប្រធាន​គណកម្មការ​អឺរ៉ុប បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​តួកគី ធ្វើ​ការ​ចរចាជាមួយ​ប្រទេសក្រិក​និងស៊ីប ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ដែល​សហភាព​អឺរ៉ុប​ចាត់ទុក​ថា ​ជា​ការ​បំពាន​លើ​ដែនទឹក​នៃ​ប្រទេស​ស៊ីបនោះ។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា សហភាព​អឺរ៉ុប​មាន​វិធានការណ៍​ដើម្បី​ប្រើប្រាស់​ភ្លាមៗ ប៉ុន្តែ​ចង់​ឃើញ​ទំនាក់​ទំនង​ថ្មី​ ដែល​មាន​រយៈ​ពេល​យូរ​អង្វែងរវាង​តួកគី និង​សហភាព​អឺរ៉ុប។

មន្ត្រីតួកគីជាន់​ខ្ពស់​ម្នាក់ បាន​ថ្លែង​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្សេងៗ​នៅ​ថ្ងៃសុក្រ​ថា ទណ្ឌកម្មសេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប នឹងធ្វើឲ្យ​តួកគី ​កាន់​តែ​បេ្តជ្ញា​ចិត្ត​ថែមទៀត ដើម្បី​ធ្វើ​អ្វី​ដែល​លោក​បានពិពណ៌នា​ថា សិទ្ធិ​ដែន​ដី​របស់​តួកគី​ក្នុង​សមុទ្រ មេឌីទែរ៉ាណេ (Mediterrane)៕