មេដឹកនាំមកពីប្រទេសស្ថាបនិកសហភាពអឺរ៉ុបចំនួន៦បានមកជួបប្រជុំគ្នានៅក្នុងទីក្រុងប៊ែរឡាំងនៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីធ្វើការពិភាក្សាដែលមិនបានព្រាងទុកជាមុនស្តីពីអនាគតនៃសហភាពអឺរ៉ុប បន្ទាប់ពីប្រទេសអង់គ្លេសបានបោះឆ្នោតសម្រេចចាកចេញ។
លោក Frank-Walter Steinmeier រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់បានប្រាប់ក្រុមអ្នកសារព័ត៌មានខណៈពេលដែលលោកដើរចូលក្នុងកិច្ចប្រជុំនោះថា លោកគិតថា វាជាការចាំបាច់ដែលមនុស្សគ្រប់គ្នាត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយលោកបានអំពាវនាវឲ្យមេដឹកនាំសហភាពអឺរ៉ុបដទៃទៀតនៅរក្សាជំហររឹងមាំដើម្បី ប្រឈមនឹងភាពមិនច្បាស់លាស់មួយដែលនឹងត្រូវមកដល់។
លោកបានបញ្ជាក់ថា «ខ្ញុំមានជំនឿថា ប្រទេសទាំងនេះក៏អាចបញ្ជូនសារថា យើងនឹងមិនបណ្តោយឲ្យអ្នកណាម្នាក់យកអឺរ៉ុបពីយើងបានទេ។ យើងមិនត្រូវរូតរះធ្វើសកម្មភាពប្រញិបប្រញ៉ាប់ដោយធ្វើហាក់ដូចជាយើងមានចម្លើយគ្រប់គ្រាន់នោះទេ។ ប៉ុន្តែយើងក៏មិនត្រូវធ្លាក់ទៅក្នុងវិបត្តិ ឬអសកម្ម បន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសអង់គ្លេសនោះឡើយ»។ មានតំណាងមកពីប្រទេសបារាំង ហូឡង់ អ៊ីតាលី ប៊ែលហ្ស៊ិក និងលុចសំបួ បានមកជួបជុំគ្នានៅអគារក្រសួងការបរទេសដែលស្ថិតនៅជាយទីក្រុងប៊ែរឡាំង។
លោក Steinmeier បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះនឹងមិនផ្តោតតែលើបញ្ហាមួយមុខទេ គឺផ្តោតលើបញ្ហាជាច្រើនទៀតក្នុងនោះមានដូចជាវិបត្តិជនភៀសខ្លួន ភាពអត់ការងារធ្វើ និងសន្តិសុខនៅក្នុងសហភាពអឺរ៉ុបជាដើម៕