មេដឹកនាំ​សហភាព​អឺរ៉ុប​ជួប​ប្រជុំ​កំពូល​ប៉ុន្តែ​ខ្វែង​គំនិត​គ្នា​លើ​ផែនការ​ស្តារ​សេដ្ឋកិច្ច

ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប នៅទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក នៅ​​ថ្ងៃ​ទី​១៧ កក្កដា​២០២០ ក្នុង​ជំនួប​ទល់​មុខ​លើក​ទី​១ ចាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃជំងឺកូវីដ១៩។

មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ជួប​ប្រជុំ​កំពូល​ផ្ទាល់​មុខគ្នា​ជា​លើក​ដំបូង​នៅ​ថ្ងៃសុក្រ​នេះក្រោយពី​អាក់​ខាន​អស់​រយៈ​ពេល​៥​ខែ ប៉ុន្តែ​ការ​ជួបប្រជុំ​គ្នា​នេះ​ទំនង​ជាមិន​អាច​ផ្សះផ្សារ​ការខ្វែង​គំនិត​គ្នា​លើ​ផែនការ​សង្គ្រោះ​សេដ្ឋកិច្ច​ឡើយ។​

អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់​ អ្នកស្រី​ Angela Merkel ​បាន​និយាយ​ថា​ អ្នកស្រី​និង​សហការី​២៦​នាក់​ត្រឡប់​មក​ទីក្រុង​ប្រ៊ុចសែល​នៅ​ថ្ងៃ​នេះគឺ​មិន​មែន​ដើម្បី​ប្រារព្ធ​បុណ្យ​ខួបកំណើត​៦៦​ឆ្នាំ​របស់​អ្នកស្រី​ទេ​ ប៉ុន្តែ​គឺ​ដើម្បី​សាកល្បង​មើល​ថា​ការ​ចរចា​ដោយ​ផ្ទាល់​មុខ​អាច​ដោះស្រាយ​សំណួរ​ដែល​មាន​តម្លៃ​៧៥០​ពាន់​លាន​ដុល្លារ​ដែរ​ឬ​យ៉ាងណា។​

​សហភាព​អឺរ៉ុប​បាន​ធ្លាក់ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ជាប្រវត្តិសាស្រ្ត​ដោយ​សារតែ​វីរុស​កូរ៉ូណា ​ហើយ​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​រៀបចំ​ផែនការ​នានា​ដោយ​ត្រូវ​ចំណាយ​ថវិកា​ដ៏ធំ​ដើម្បី​នាំ​ប្រទេស​របស់​ពួកគេ​ចេញ​ពី​ការជាប់​គាំង។

ប៉ុន្តែ​ក្រុមមេដឹកនាំ​នៅ​តំបន់​ភាគ​ខាង​ជើង​ដែល​ដឹកនាំ​ដោយ​លោក ​Mark Rutte ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ហូឡង់ ​ជំទាស់​នឹង​ការ​ផ្តល់​កញ្ចប់​ថវិកា​ទៅ​ដល់​ប្រទេស​ដែល​នៅ​តំបន់​ភាគ​ខាងត្បូង​បើ​មិន​បាន​ដាក់​លក្ខខណ្ឌ​តឹងរ៉ឹង​ទេ។

ការចរចា​នៅ​ថ្ងៃ​សុក្រ​នេះ​ទំនង​ជា​នឹង​អូស​បន្លាយ​រហូតដល់​ថ្ងៃ​សៅរ៍​ហើយ​ក៏​ប្រហែល​ជា​នឹង​ដល់​ថ្ងៃ​អាទិត្យផងដែរ។ ប៉ុន្តែ​មាន​មនុស្ស​តិច​តួច​ណាស់​មាន​ជំនឿ​ថា​នឹង​ទំលុះ​ភាព​ទាល់​ច្រក​បាន​បើ​ទោះ​បី​ពេល​វេលា​កាន់តែ​ខើច​ហើយ​ក៏​ដោយ។ ដូច្នេះ​កិច្ច​ប្រជុំ​កំពូល​មួយ​ទៀត​ប្រហែល​ជា​នឹង​ត្រូវ​រៀបចំ​ឡើង​ជាថ្មី​នៅ​ចុង​ខែ​នេះ៕