សហភាព​អឺរ៉ុប​សង្ឃឹម​លើ​កិច្ចព្រមព្រៀង​ដើម្បី​បើក​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន

រូបឯកសារ៖ រថភ្លើង​សម្រាប់​ដឹក​គ្រាប់​ធញ្ញជាតិ​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​តំបន់ Odesa ដែល​ត្រូវ​បាន​ថត​កាលពី​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២២។

ប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប​លោក ​Josep Borrell បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះថា​ លោក​សង្ឃឹម​ថា​ នឹង​មាន​កិច្ច​ព្រមព្រៀង​មួយ​ក្នុង​សប្តាហ៍​នេះ​ដើម្បីឱ្យ​ប្រទេស​រុស្ស៊ី​បើក​ច្រក​សម្រាប់​កំពង់ផែអ៊ុយក្រែន​នៅ​ទីក្រុង​ Odesa និង​កន្លែង​ផ្សេង​ទៀត​ដែល​ជីវិតមនុស្សរាប់​ម៉ឺននាក់​ពឹង​លើ​កិច្ច​ព្រមព្រៀង​នេះ ​ចំពេល​មាន​ការ​ខ្វះខាត​ស្បៀង​អាហារ​នៅក្នុង​ប្រទេស​ជាច្រើន។​

ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក លោក​ Borrell​ បាន​និយាយ​ថា​ រុស្ស៊ី​ត្រូវតែ​អនុញ្ញាត​ឱ្យ​មាន​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​ ​បើមិន​ដូច្នេះ​ទេ​ សហគមន៍​អន្តរជាតិ​នឹង​និយាយ​ថា​ រុស្ស៊ី​កំពុង​ប្រើប្រាស់អាហារ​ជា​អាវុធ​ដោយ​មិនគិត​ពី​អាយុ​ជីវិត​មនុស្ស។ ​លោក​ Borrell​ បាននិយាយ​ថា ​«វា​មិនមែន​ជា​ល្បែង​ការ​ទូត​ទេ។​ វាជា​បញ្ហា​អាយុ​ជីវិត ​និង​ការ​ស្លាប់​រស់​របស់​មនុស្ស​ជាច្រើន»។​

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​ Antonio Guterres ​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា មាន​«កិច្ច​ព្រមព្រៀង​ទូលំ​ទូលាយ»​លើ​កិច្ច​ព្រមព្រៀង​រវាង​រុស្ស៊ី ​និង​អ៊ុយក្រែន​ជាមួយ​តួកគី​ និង​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​រាប់​លាន​តោន​ដែល​ជាប់​គាំង​នៅ​ក្នុង​ឃ្លាំង​ចាប់​តាំងពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ។ ​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​កំពុង​ជួប​ប្រជុំ​នៅ​ទីក្រុង​ប្រ៊ុចសែល​ដើម្បី​ពិចារណា​រក​ការ​គាំទ្រ​បន្ថែម​ទៀត​សម្រាប់​អ៊ុយក្រែន​ រួមទាំង​ការ​គាំទ្រ​ផ្នែក​យោធា ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ការ​អនុវត្ត​ទណ្ឌកម្ម​បច្ចុប្បន្ន​ប្រឆាំង​នឹង​រុស្ស៊ី ​និង​សំណើ​ហាម​ការ​ទិញ​មាស​ពី​រុស្ស៊ី។​

លោក​ Borrell​ បាន​និយាយ​ថា​ ប្រទេស​រុស្ស៊ី​បាន​និង​កំពុង​ប្រឆាំង​នឹង​បណ្តា​ប្រ​ទេស​សហភាព​អឺរ៉ុប​ ដោយ​ប្រើប្រាស់​ការ​ពឹង​ផ្អែក​របស់​អឺរ៉ុប​លើ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី​ប៉ុន្តែ​ថា មេដឹកនាំ​សហភាព​អឺរ៉ុប​កំពុង​រៀបចំ​ផែន​ការ​ដើម្បី​«ប្រឈម​នឹង​ស្ថានភាព​ដែល​អាច​កើត​មាន» ​ហើយ​នឹង​មិន​បញ្ឈប់​ការ​គាំទ្រ​អ៊ុយក្រែន​ឡើយ។ ​លោក​បាន​បន្ថែម​ថា​ សមាជិក​សហភាព​អឺរ៉ុប​ត្រូវ​តែ​អត់ធ្មត់​ និង​ធន់​ក្នុង​ការ​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី។​

លោក ​Borrell​ បាន​និយាយ​ថា​ រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប​នឹងទទួល​បាន​ព័ត៌មាន​ថ្មីៗ​អំពី​ស្ថានភាព​នៅ​អ៊ុយក្រែន​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយក្រែន​លោក​ Dmytro Kuleba។ ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃចន្ទ​នេះ ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ Antony Blinken ​គ្រោង​នឹង​ទទួល​ភរិយា​ប្រធានាធិបតី​អ៊ុយក្រែន​លោកស្រី ​Olena Zelenska​ សម្រាប់​កិច្ច​ប្រជុំ​នៅ​ក្រសួង​ការ​បរទេស។ ​នៅ​អ៊ុយក្រែន ​យោ​ធា​របស់​ប្រទេស​នេះ​បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​កំពុង​បន្ត​នៅ​ក្នុង​តំបន់​ជាច្រើន​ រួមទាំង Slovyansk ​និង​ Kharkiv ​ផង​ដែរ។​

នៅក្នុង​តំបន់ ​Donetsk ​ដែល​ជា​គោលដៅ​សំខាន់​របស់​រុស្ស៊ី​នោះ យោធា​អ៊ុយក្រែន​បាន​និយាយ​ថា​ កងកម្លាំង​រុស្ស៊ី​កំពុង​ព្យាយាម​វាយ​ប្រហារ​នៅ​ជិត​តំបន់​ Hryhorivka។​ ក្រសួង​ការពារជាតិចក្រភព​អង់គ្លេស​បាន​និយាយ​ថា ​យោធា​រុស្ស៊ី​កំពុង​ប្រើប្រាស់​ក្រុមហ៊ុន​យោធា​ឯកជន​ឈ្មោះ ​Wagner ​ដើម្បី​ពង្រឹង​កងកម្លាំង​ជួរមុខ​របស់​ខ្លួន​ និង​ជំនួស​កម្លាំង​រុស្ស៊ី​ដែល​ស្លាប់​តាំង​ពី​មាន​ការ​ឈ្លាន​ពាន​មក។

ដោយ​ឡែក​ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​បាន​ចេញ​បញ្ជា​នីតិ​ប្រតិបត្តិ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ដក​ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​ក្នុង​ស្រុក​ដ៏មាន​ឥទ្ធិពល​របស់​អ៊ុយក្រែន​និង​អគ្គ​រដ្ឋអាជ្ញា។ ​នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។​

បទបញ្ជា​ដក​ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​លោក ​Ivan Bakanov ​ដែល​ជា​មិត្តភក្តិ​របស់​លោក​Zelenskyy ​ពីកុមារភាព​ និង​អគ្គ​រដ្ឋ​អាជ្ញា​អ្នកស្រី ​Iryna Venediktova ​ដែល​បាន​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​កាត់ទោស​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​នោះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហ​ទំព័រ​ផ្លូវការ​របស់​លោក​ប្រធានាធិបតី។ ​នៅ​ក្នុង​ការ​បង្ហោះ​តាម​ Telegram ដាច់​ដោយ​ឡែក​ លោក​ Zelenskyy ​បាន​និយាយ​ថា ​លោក​បាន​ដក​មន្ត្រី​កំពូល​ ដោយសារ​តែ​ករណី​ជាច្រើន​បង្ហាញ​ថា​ ​សមាជិក​ទីភ្នាក់ងារ​របស់​ពួក​គេ​សហការ​ជា​មួយ​រុស្ស៊ី។​

លោក​បាន​និយាយ​ថា ​សំណុំ​រឿង​ក្បត់​ជាតិ ​និង​ការ​សហការ​ចំនួន​៦៥១​ត្រូវ​បាន​ដំណើរ​ការ​ប្រឆាំង​នឹង​មន្ត្រី​រដ្ឋ​អាជ្ញា ​និង​មន្ត្រី​អនុវត្ត​ច្បាប់​ ហើយ​ថា​ មន្ត្រី​ជាង​៦០​នាក់​មក​ពី​ទីភ្នាក់ងារ​របស់​លោក​ Bakanov ​និង​ អ្នកស្រី​ Venediktova​ ឥឡូវនេះ​កំពុង​ធ្វើការ​ប្រឆាំង​នឹង​អ៊ុយក្រែន​នៅក្នុង​ទឹកដី​ដែល​កាន់កាប់​ដោយ​រុស្ស៊ី។ ​លោក​ Zelenskyy ​បាន​និយាយ​ថា​ «ឧក្រិដ្ឋ​កម្ម​បែប​នេះ​ដែល​ប្រឆាំង​នឹង​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិសុខ​ជាតិ​របស់​រដ្ឋ ​...​ បង្ក​ឱ្យ​មាន​សំណួរ​ធ្ងន់ធ្ងរ​ចំពោះ​មេ​ដឹកនាំ​ដែល​ពាក់ព័ន្ធ»។​

លោក​បាន​បន្ត​ថា៖ ​«សំណួរ​នីមួយៗ​នៃ​សំណួរ​ទាំងនេះ​ត្រូវ​មាន​ចម្លើយ​ត្រឹមត្រូវ»។

លោក​ Zelenskyy ​បាន​តែងតាំង​លោក​ Oleksiy Symonenko ​ជា​អគ្គ​រដ្ឋ​អាជ្ញាថ្មី​នៅ​បទបញ្ជា​នីតិប្រតិបត្តិ​ដោយឡែក​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហ​ទំព័រ​របស់​ប្រធានាធិបតី​ផង​ដែរ៕​

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយ​ការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ AP, AFP និង Reuters។