សហភាព​អឺរ៉ុប បង្ហាញ​អំពី​«ការរំលោភ​ធ្ងន់ធ្ងរ»ទៅ​លើ​មេដឹកនាំ​សហជីព

រូបឯកសារ៖ ក្រុម​កម្មករ​ សហជីព និង​អ្នកធ្វើ​ការ​ពាក់ព័ន្ធ​សិទ្ធិ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើកទី​១៣៣ នៅ​សួន​ច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​តាម​បណ្តោយ​មាត់​ទន្លេ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)​​

សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ថា​ ការគោរព​សិទ្ធិការងារ​នៅ​កម្ពុជា​មានភាព​ប្រសើរឡើង ​ប៉ុន្តែ​រដ្ឋាភិបាល​បាន​យឺតយ៉ាវ​ក្នុងការ​បំបែក​សំណុំរឿង​ឃាតកម្ម​មេដឹកនាំ​សហជីព​ជាង១៥ឆ្នាំ​កន្លង​មកហើយ​ការធ្វើ​ទុក្ខបុកម្នេញ​មេដឹកនាំ​សហជីព​នៅបន្ត​មាន​។ នេះ​បើយោងតាម​របាយការណ៍​ស៊ើបអង្កេតរបស់​គណៈ​កម្មការសហភាព​អឺរ៉ុប។

របាយការណ៍​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប​ដែលបាន​ប្រគល់​ជូនរាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​១២ខែ​វិច្ឆិកា​ ​ហើយ​វីអូអេ​ទទួលបាន​ច្បាប់​ចម្លង​មួយ​បាន​ចាត់​ទុក​សកម្មភាពទំាង​នេះថា​គឺជា​ការរំលោភ​បំពាន​សិទ្ធិ​សេរីភាព​សហជីពដែល​មានចែង​នៅក្នុង​អនុសញ្ញារបស់​អង្គការ​ពលកម្ម​អន្តរជាតិ​និង​ជា​ការរំលោភបំពានជា​ប្រព័ន្ធលើ​ច្បាប់​ដែល​ផ្តល់​ឋានៈ​អនុគ្រោះ​ពន្ធដល់​ប្រទេសកម្ពុជា។

គណៈកម្មការ​សហភាព​អឺរ៉ុបបាន​បន្ថែម​ថា៖

«ការរំលោភ​បំពាននៅតែ​ធ្ងន់ធ្ងរ​លើ​ចំណុចពីរ​ ក្នុងនោះ​មាន​ការត្រូវ​បញ្ចប់​សំណុំរឿង​រដ្ឋប្បវេណី​និង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព​និង​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​លើ​ការធ្វើ​ឃាត​មេដឹកនាំ​សហជីព​តាម​អនុសាសន៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ។ សកម្មភាព​បន្ថែម​ទៀត​ត្រូវការ​ជាចាំបាច់​ដើម្បី​បន្ត​កែលម្អ​ច្បាប់​ស្តីពី​សហជីព​ឱ្យ​បាន​ស្របតាម​អនុសញ្ញាលេខ​៨៧​និង​៩៨​‍»។

អនុ​សញ្ញា​លេខ​៨៧​និង​៩៨​បាន​ចែង​ពី​សេរីភាព​នៃ​សមាគម​និង​ការការពារ​សិទ្ធិ​នៃ​ការបង្កើត​សមាគម​និង​ការអនុវត្ត​គោលការណ៍​ស្តីពី​សិទ្ធិ​នៃ​ការបង្កើត​សមាគមដែល​មាន​ការធានា​មិន​ឱ្យមាន​ការជ្រៀត​ជ្រែក​រវាងគ្នា​ឬ​រវាង​ភ្នាក់ងារពីរដ្ឋបាល ​ការពារ​ទល់នឹង​ការ​រំលាយ​សហជីព​បុគ្គលិក​ឬនិយោជក និង​ការ​ទប់ស្កាត់​មិន​ឱ្យ​រើងអើស​ក្រុម​សហជីព​ជាដើម។

​តាំងពីដើមខែកុម្ភៈឆ្នាំ២០១៩នេះ ​សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើមនីតិវិធី​ពិនិត្យមើល​ការអនុវត្ត​តាមលក្ខខណ្ឌ​ផ្តល់​ឋានៈ​អនុគ្រោះពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍»​ (EBA) មក​ប្រទេស​កម្ពុជា​ ​ដោយ​ផ្តោត​លើស្ថានភាព​សិទ្ធិនយោបាយ ​សិទ្ធិការងារ​ សិទ្ធិ​ដីធ្លី​ សិទ្ធិសេរីភាព​អង្គការ​សង្គម​ស៊ីវិល​និងសិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញមតិ​នៅ​កម្ពុជា។

នៅលើផ្នែក ​«សិទ្ធិការងារ‍»​ គណៈកម្មការ​សហភាព​អឺរ៉ុប​ផ្តោតលើ​សេរីភាព​នៃ​សហជីព​ សិទ្ធិ​រៀបចំ​សហជីព​និង​ការចរចា​ជា​សមូហភាព​ដោយ​ពិនិត្យ​យ៉ាងលម្អិត​លើ​សំណុំរឿង​មេដឹកនាំ​សហជីព​ចំនួន​៦នាក់​ដែលត្រូវចោទពី​បទល្មើសព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​កូដកម្ម​និង​បាតុកម្ម​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ កាលពី​ចុងឆ្នាំ​២០១៣​និង​ខែមករា​ឆ្នាំ​២០១៤ ​ការទាមទារ​ឱ្យ​មាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណីឃាតកម្ម​មេដឹកនាំ​សហជីព​ និង​កិច្ចសន្យា​រយៈ​ពេល​វែង​និង​ការរើសអើង​ប្រឆាំង​សហជីព។

កាលពី​ចុងឆ្នាំ​២០១៨ ​តុលាការ​ក្រុងភ្នំពេញ បានកាត់ទោស​មេដឹកនាំ​សហជីព​ទាំង​៦នាក់នោះឲ្យ​ជាប់ពន្ធនាគារ​ក្នុងម្នាក់​២ឆ្នាំ៦ខែ ​និង​ពិន័យ​ជា​ប្រាក់​សរុប​ទាំង៦នាក់ ចំនួន​៣៥លាន​រៀល​ជា​សំណង​ទៅដល់​ជនរងគ្រោះ។ ប៉ុន្តែ​សាលក្រមនោះ​ត្រូវ​បាន​សាលាឧទ្ធរណ៍ចាត់ទុក​ជា​មោឃៈវិញ។​

រូបឯកសារ៖ លោក រ៉ុង ឈុន ប្រធានសហព័ន្ធ​សហជីពកម្ពុជាថ្លែង​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​អង្គការ​សង្គម​ស៊ីវិល​អំឡុង​ទិវាពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហជីព​ម្នាក់​ក្នុងចំណោម​៦​នាក់ដែល​រងបណ្តឹង​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ចំពោះ​សហភាព​អឺរ៉ុប​គេ​ចង់​ឱ្យ​មានការទម្លាក់​ចោល​ទាំងស្រុង​តែម្តង​ចំពោះ​មេដឹកនាំ​សហជីព​ថ្នាក់​ជាតិ​ក៏​ដូច​ជា​មេដឹកនាំ​សហជីព​នៅ​តាម​មូលដ្ឋាន​។ គេ​ចង់​មើល​ឃើញ​មេដឹកនាំ​សហជីព​ទាំងអស់​ហ្នឹងមាន​សេរីភាព​ក្នុងការ​ធ្វើសកម្មភាព​ការពារ​សមាជិក​សមាជិកា។ ករណី​របស់​ខ្ញុំ​មេដឹកនាំ​៦​រូប​ថ្នាក់​ជាតិ​ហ្នឹង​គ្រាន់តែ​ទម្លាក់​ករណី​ផ្លូវ​វ៉េងស្រេង​ទេ​ប៉ុន្តែ​សំណុំរឿង​ផ្សេងៗ​ទៀត​មិន​ត្រូវ​បាន​ទម្លាក់​ចោល​ទេ»។

របាយការណ៍​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ​ក្រៅពី​សំណុំរឿង​ខាងលើ​គឺ​នៅ​មាន​បណ្តឹង​ព្រហ្មទណ្ឌ​និង​រដ្ឋប្បវេណី​ពាក់​ព័ន្ធ​នឹង​វិវាទ​ការងារ​ចំនួន​១៤០ទៀត ហើយមាន​ចំនួន​៩៩​ត្រូវ​បាន​ដោះស្រាយ​រួច​បន្ទាប់ពី​ក្រុម​បេសកកម្ម​ត្រួតពិនិត្យ​របស់​សហភាព​អឺរ៉ុប​បាន​ជួប​ជាមួយ​នឹង​តំណាង​រដ្ឋាភិបាល​នៅថ្ងៃទី​៧ខែមិថុនា​ឆ្នាំ​២០១៩។ ប៉ុន្តែ​ការយាយី​រំខាន​សកម្ម​ជន​សហជីព​បានបន្ត​កើតមាននាពេល​ក្រោយមក ​ដូចជា​ករណី​លោក ​គង់ អាទិត្យ​ ប្រធាន​សហព័ន្ធ​សហជីព​ CCAWDU ​ដែល​បាន​ចូលរួម​តវ៉ា​ដើម្បី​សិទ្ធិ​របស់​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​កាពីតូល​ក្នុងឆ្នាំ​២០១៦ ​និង​អ្នក​ស្រី​ឈីម ស៊ីថា ប្រធាន​សហជីព​ដែល​គាំទ្រ​បុគ្គលិក​បម្រើការ​នៅ​កាស៊ីណូណាហ្កា​ហើយ​ត្រូវ​បង្ខំ​ឱ្យ​ផ្អាកការងារ​តាំង​ពី​ថ្ងៃទី​២០​ខែ​កញ្ញា​ឆ្នាំ​២០១៩។ ​

របាយការណ៍​បាន​បន្ថែម​ថា៖

«សំណុំ​រឿងថ្មី​ទាំងនេះ​ធ្វើ​ឱ្យ​មាន​សំណួរចោទសួរ​ពីការប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការការពារ​សេរីភាព​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​និង​បញ្ជាក់​ច្បាស់​ពី​ការឃុំឃាំង​ដោយ​អនាធិបតេយ្យ​ជា​ថ្មី​ទៀត‍»។​

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយតប​វិញ​ដោយ​ហៅការតវ៉ា​ក្នុងឆ្នាំ​២០១៤​ថា​ជា«កុប្បកម្ម‍»​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​និង​ឯកជន​និង​បង្ករបួសស្នាម​ដល់​ជនដទៃ​ហើយ​ថាកម្ពុជាមិន​ដែល​មាន​ករណី​ចាប់ខ្លួន​ឬ​កាត់​ទោស​កម្មករ​និង​មេដឹកនាំ​សហជីព​ណា​ដែល​ចូលរួម​សកម្មភាព​បាតុកម្ម​អហិង្សា​ទេ។ នេះ​បើ​តាម​ការបញ្ជាក់​នៅ​ក្នុងរបាយការណ៍​របស់​សហភាព​អឺរ៉ុប​ដោយ​ដក​ស្រង់​របាយការណ៍​ចុះថ្ងៃទី​១២ខែ​សីហា​ឆ្នាំ​២០១៩​ ​របស់​រដ្ឋាភិបាល​កម្ពុជា។

សហភាព​អឺរ៉ុប​ក៏កត់សម្គាល់​ការទាមទារ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​ស្នើ​ឱ្យ​ស៊ើបអង្កេត​បញ្ចប់​សំណុំរឿងឃាតកម្មលោក​ជា វិជ្ជា និង​លោក​រស់ សុវណ្ណារ៉េត ​ដែល​ត្រូវធ្វើឃាត​ក្នុងឆ្នាំ​២០០៤ និង​លោក​ហ៊ី វុទ្ធី​ ដែល​ត្រូវ​ធ្វើ​ឃាត​ក្នុងឆ្នាំ​២០០៧ ​នឹង​នាំ​យក​ជនដៃដល់​និង​អ្នកនៅ​ពីក្រោយ​ខ្នង​មក​កាត់ទោស។

សហភាព​អឺរ៉ុប​បាន​កត់​សម្គាល់​ជំហរ​របស់​កម្ពុជា​ថា៖

«នៅក្នុង​ការឆ្លើយតប​ រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ទោះបី​ជា​ស្ថាប័ន​និង​ក្រសួង​ពាក់ព័ន្ធ​បាន​ចូលរួម​ស៊ើបអង្កេត ​ប៉ុន្តែ​ដោយសារតែ​សំណុំរឿង​នេះ​យូរពេក​ធ្វើ​ឱ្យ​ការស៊ើបអង្កេត​មាន​ការលំបាក។​ រដ្ឋាភិបាល​បាន​អះអាង​ថា​ខ្លួនស្វែងរក​កិច្ច​សហប្រតិបត្តិការ​និង​ការគាំទ្រ​ពេញ​ទំហឹង​ពី​ភាគី​ពាក់​ព័ន្ធ​សម្រាប់​ការស៊ើបអង្កេត​នេះ​ហើយ​មិន​ទទួល​បាន​ផល​អ្វី​ពីការ​ពន្យា​ការស៊ើប​អង្កេត​ទេ‍»។​

បន្ថែមពីលើ​នេះ ​គឺ​ច្បាប់​ស្តីពី​សហជីព​និង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការមិន​មែន​រដ្ឋាភិបាល​ ​បានដាក់បន្ទុក​ធ្វើ​ឱ្យ​បរិយាកាស​ការងារ​កាន់តែ​មាន​រូបភាព​ស្រអាប់ហើយ​ត្រូវ​បាន​សហ​ភាព​អឺរ៉ុបស្នើ​ឱ្យកែលម្អ។

សហភាព​អឺរ៉ុប​មើលឃើញ​ថា​ច្បាប់​ស្តីពី​សហជីព​មិន​បាន​បើក​ឱ្យ​កម្មករ​និង​មន្ត្រី​រាជការ​ទាំង​អស់​បង្កើត​អង្គការ​រួមគ្នាបាន​នៅឡើយ​។ រីឯច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាលមិន​ស្រប​តាម​អនុសញ្ញា​លេខ​៨៧ ​ស្តីអំពី​ការបង្កើត​សហព័ន្ធ​សហជីព​និង​សកម្មភាព​នយោបាយ​។ ​

កាលពី​ថ្ងៃ​អង្គារ​ រដ្ឋសភា​កម្ពុជាបាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​ចំនួន​១០នៃ«​ច្បាប់​ស្តីពី​សហជីព‍»ក្នុងគោល​បំណង​បើកសិទ្ធិ​សេរីភាព​ដល់​ក្រុម​សហជីព​ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​មេដឹកនាំ​សហជីព​ពេញចិត្ត​ទេ​ដោយ​ពួកគេ​អះអា​ង​ថា​មិនមាន​ការពិភាក្សា​ជាមុន​ជាមួយ​នឹង​ក្រុម​តំណាង​ដើម្បី​ដោះស្រាយ​តម្រូវការ​និង​បញ្ហា​ប្រឈម​របស់​កម្មករ​។

ក្រុម​សហជីព​លើក​ឡើង​ថា ច្បាប់​ស្តីពី​សហជីព​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​សហជីព​ដែល​ការពារ​ប្រយោជន៍កម្មករ ក្នុងនោះ​រួមមាន ​ការ​លែងឲ្យ​មាន​សហជីព​តាម​រោង​ចក្រ កង្វះ​លទ្ធភាព​ធ្វើ​ជា​តំណាង​ដើម្បី​ការពារសហជីព ​ការ​រឹត​ត្បិត​មិន​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម ​បាតុកម្ម​ និង​ការ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ផ្សេងៗដែល​កើត​ចេញ​ពី​ការទាម​ទារ​សិទ្ធិ​ជាដើម។​

រូបឯកសារ៖ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​សួន​ច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​តាម​បណ្តោយ​មាត់​ទន្លេ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩។​ (កាន់ វិច្ឆិកា/VOA)

លោក អាត់ ធន់ ​តំណាង​សហភាព​ការងារ​កម្ពុជា សហជីព និង​សមាគម​ក្នុង​វិស័យ​ការងារបាន​បញ្ជាក់​ប្រាប់​វីអូអេថា៖

«យើង​ក៏​សោក​ស្តាយ​ដែរ​ដែល​សភា​តំណាង​ឲ្យស្ថាប័ន​នីតិ​ប្បញ្ញត្តិ​មួយ​ដ៏​ធំ​ គួរ​តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​សំណើ​ខាងយើង ហើយ​ផ្តល់​ឱកាស​ឲ្យ​យើង​ដើម្បីជួប​ មុននឹង​អនុម័ត​អី​ផ្សេងៗ។ ប៉ុន្តែ​ទី​បំផុត​គាត់​អនុម័ត​ដោយ​មិន​បាន​ឆ្លង​កាត់​យោបល់​ពី​ខាង​យើង»។

វិស័យឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់និង​ឧស្សាហកម្ម​ដទៃ​ទៀតរបស់កម្ពុជា​បាន​ផ្តល់​ការងារដល់កម្មករ​និង​កម្មការិនី​ចំនួន​៨​០០.០០០នាក់​ដែល​ភាគច្រើន​ជាស្ត្រីដែលមកពី​ជនបទ។

​សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ដោយ​បាន​ទទួល​ទិញផលិត​ផល​វាយ​នភណ្ឌ ដូចជា​សម្លៀក​បំពាក់ ​ស្បែក​ជើង ​ផលិត​ផល​កសិកម្ម​និង​កង់​ជាដើម ពី​ប្រទេស​កម្ពុជា​ដោយ​មិន​យក​ពន្ធ។ ក្នុងឆ្នាំ​២០១៨​កម្ពុជា​នាំទំនិញ​ចូល​ទីផ្សារសហភាពអឺរ៉ុប​ជិត​៦​ពាន់​លាន​ដុល្លារ​ហើយ​តាម​រយៈឋានៈ​អនុគ្រោះពន្ធ​EBA ​នេះគឺ​ទំនិញ​របស់​កម្ពុជា​បាន​រួចពន្ធ​ក្នុង​ទឹកប្រាក់​ជិត​៧០០​លាន​ដុល្លារ។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​អះអាងថា​ចាប់តាំងពី​សហភាព​អឺរ៉ុប​ដំណើរ​ការ​ត្រួតពិនិត្យ​និង​វាយ​តម្លៃ​លើ​ស្ថានភាព​ការងារ​នៅ​កម្ពុជា​គឺ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ខិតខំ កែលម្អ​និង​កំពុងតែ​ដំណើរការ​ឈាន​ទៅ​ដោះស្រាយ​ការព្រួយបារម្ភ​នានា។

រូបឯកសារ៖ លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ផ្តល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)

លោក​ ខេន លូ ​អគ្គលេខាធិការ​នៃ​សមាគម​កាត់ដេរនៅកម្ពុជា​បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា៖

«កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​ដែល​បាន​ធ្វើ​កន្លងមក​ទាំងរដ្ឋាភិបាល​និង​ភាគីពាក់ព័ន្ធ​ក្នុង​ការវាយ​តម្លៃ​សភាពការណ៍​គឺ​ខ្ញុំ​មិន​គិត​ថា​គ្រប់បញ្ហា​ដែល​សហភាព​អឺរ៉ុប​លើកឡើង​ត្រូវ​បាន​ដោះស្រាយ​ទាំងអស់​ទេ​ ប៉ុន្តែក៏គួរ​តែ​កត់​សម្គាល់​ដែរ​ថា​មានកិច្ចខិតខំប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​។ យើង​ខិតខំ​ដោះស្រាយ​បញ្ហា​ស្ទើរតែ​ទាំងអស់​។ ដូច្នេះ​យើង​សង្ឃឹម​និង​សូមអំពាវនាវ​ទៅ​សហភាព​អឺរ៉ុបឱ្យ​ធ្វើការ​សម្រេច​ប្រកប​ដោយ​ភាពត្រឹមត្រូវ​និង​សមធម៌ ​ដែល​នឹង​មិន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កម្មករទេ‍»។​

សមាគម​ GMAC បាន​សម្តែង​ការភ្ញាក់ផ្អើល​និង​ចាត់ទុក​ថា«វាជារឿង​ចម្លែក‍»​ដែល​សំណុំរឿង​របស់​លោក​ជា វិជ្ជា ​ត្រូវបាន​សហភាព​អឺរ៉ុប​យក​មក​ដាក់​ក្នុង​របាយការណ៍នៅលើកនេះ​ដោយ​លោក​អះអាង​ថា​សំណុំរឿង​នេះ​ត្រូវ​បាន​អង្គការ​ពលកម្ម​អន្តរជាតិ​ចាត់​ទុក​ថា​ជាក្តី​បារម្ភ​មែន​ប៉ុន្តែ​រដ្ឋាភិបាល​បាន​ពន្យល់​គ្រប់គ្រាន់​ក្នុងឆ្នាំ​២០១៧​រួចហើយ។

រូបឯកសារ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ផៃ ស៊ីផាន​ អង្គុយ​នៅខាង​ស្តាំ​ដៃ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​មីក្រូ​ហិរញ្ញវត្ថុ​ និង​ផល​ប៉ះពាល់រៀប​ចំ​ដោយ​អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីក្រុង​ភ្នំពេញ​ថ្ងៃទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)​

មន្ត្រី​រដ្ឋាភិបាល​ដែល​វីអូអេ​បាន​ទាក់ទង​បដិសេធ​មិន​ព្រម​ផ្តល់​អត្ថាធិប្បាយ​លម្អិត​ទេ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​បញ្ជាក់​ថា​ក្រុមការងារ​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​ការ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍។ ​

រដ្ឋាភិបាល​កម្ពុជា​មាន​ពេល​រហូតដល់​ថ្ងៃទី​១២ខែ​ធ្នូ ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​សហភាព​អឺរ៉ុបបានរកឃើញ​មុន​នឹង​ការសម្រេច​ចុងក្រោយ​លើ​ជោគវាសនា​នៃ​ឋានៈអនុគ្រោះពន្ធ​នៅ​ដើមខែកុម្ភៈឆ្នាំ​២០២០៕