ក្រុមសកម្មជនបានជួបជុំគ្នាដើម្បីប្រារព្ធខួបលើកទី៧១នៃទិវាសិទ្ធិមនុស្សអន្តរជាតិកាលពីថ្ងៃអង្គារដែលជាឆ្នាំចុងក្រោយដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាថ្ងៃសម្រាកផ្លូវការ។ ក្នុងពេលជាមួយគ្នានេះដែរសហភាពអឺរ៉ុបបានវាយតម្លៃថាលំហរសេរីភាពសមាគមនិងការជួបជុំគ្នារបស់ពលរដ្ឋនិងអង្គការសង្គមស៊ីវិលកាន់តែរួញតូចជាងមុន។
សហភាពអឺរ៉ុបបានវាយតម្លៃថា៖
«លំហរសេរីភាពនៃសមាគមក៏ដូចជាសិទ្ធិសេរីភាពនៃការជួបជុំដោយសន្តិវិធីនៅប្រទេសកម្ពុជា ជាពិសេសសម្រាប់សង្គមស៊ីវិល បានរួមតូចជាលំដាប់ដោយសារតែសកម្មភាពរឹតត្បិតនិងគាបសង្កត់ដោយរដ្ឋាភិបាលក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ»។
ការណ៍នេះដោយសារតែរដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួននិងឃុំឃាំងសកម្មជនសំខាន់ៗ បង្កើនការបំភិតបំភ័យនិងតាមដានឃ្លាំមើលក្រុមអង្គការសង្គមស៊ីវិលនិងសកម្មភាពរបស់ពួកគេ រឹតត្បិតសេរីភាពក្នុងការជួបជុំដោយសន្តិវិធី និងប្រើប្រាស់ច្បាប់ខុសឆ្គងដើម្បីគាបសង្កត់ការជួបជុំគ្នា។ នេះបើតាមរបាយការណ៍វាយតម្លៃរបស់គណៈកម្មការត្រួតពិនិត្យរបស់សហភាពអឺរ៉ុបដែលបានផ្ញើជូនរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ខែវិច្ឆិកាហើយវីអូអេទទួលបានច្បាប់ចម្លងមួយ។
ការចាប់ខ្លួននានាដែលសហភាពអឺរ៉ុបបានលើកឡើងមានការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សប្រាំនាក់នៃសមាគមសិទ្ធិមនុស្សអាដហុកយកទៅដាក់ពន្ធនាគារជាងមួយឆ្នាំហើយត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារយៈពេលប្រាំឆ្នាំប៉ុន្តែទោសនោះត្រូវបានព្យួរ។ ការចាប់ខ្លួនអ្នកស្រីទេព វន្នី សកម្មជនដីធ្លី និងការចាប់ខ្លួនសកម្មជនបរិស្ថានវ័យក្មេងនៃចលនាមាតាធម្មជាតិជាដើម។
សូម្បីវិទ្យាស្ថានជាតិប្រជាធិបតេយ្យហៅកាត់ថា (NDI) ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកដើម្បីជួយបណ្តុះបណ្តាលពលរដ្ឋឱ្យយល់ដឹងពីសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យក៏បានក្លាយជាជនរងគ្រោះនៃការបង្ក្រាបដែរដោយសារតែត្រូវបានរដ្ឋាភិបាលកម្ពុជាបញ្ឈប់ដំណើរការនៅក្នុងប្រទេសកម្ពុជាទាំងស្រុងកាលពីខែសីហាឆ្នាំ២០១៧ក្រោមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
ការជួបប្រជុំរបស់អង្គការសង្គមស៊ីវិលត្រូវបានរឹតត្បិតជាជំហានៗ ដែលក្នុងនោះមានការហាមឃាត់មិនឱ្យក្រុមអង្គការសង្គមស៊ីវិលបង្កើតវេទិការមួយដែលមានឈ្មោះថា«បន្ទប់ស្ថានការណ៍»ដើម្បីតាមដានមើលការបោះឆ្នោតនៅកម្ពុជាដោយរដ្ឋាភិបាលចាត់ទុកថា«មិនបានបង្ហាញភាពអព្យាក្រិត»ដែលច្បាប់តម្រូវទេ។ រីឯអង្គការសមធម៌កម្ពុជាត្រូវបានក្រសួងមហាផ្ទៃបញ្ជាឱ្យផ្អាកសកម្មភាពរយៈពេល៣០ថ្ងៃដោយរងការចោទប្រកាន់ថារំលោភច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ សហភាពអឺរ៉ុបសន្និដ្ឋានថាតាមការពិតគឺដោយសារតែអង្គការនេះបានផ្តល់ជំនួយដល់ជនរងគ្រោះដោយសារការបណ្តេញចេញពីគម្រោងដីសម្បទានសេដ្ឋកិច្ចដើម្បីយកទៅដាំអំពៅដើម្បីផលិតស្ករសសម្រាប់នាំទៅសហភាពអឺរ៉ុប។
ទន្ទឹមនឹងនោះអាជ្ញាធរកម្ពុជាក៏បង្កើនការតាមដានឃ្លាំមើលសកម្មភាពរបស់អង្គការសង្គមស៊ីវិលដោយប្រើប្រាស់ប៉ូលិសនិងប៉ូលិសសម្ងាត់ដើម្បី ចូលរួមក្នុងពិធីប្រជុំ ការបណ្តុះបណ្តាល ការតវ៉ា និងការជួបជុំអបអរសាទររបស់ក្រុមសង្គមស៊ីវិលហើយបានថតផ្តិតយកសកម្មភាពរបស់ពួកគេនិងកត់ត្រាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចូលរួមជាដើម។
រីឯការជួបជុំដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិកាលពីឆ្នាំ២០១៨ នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញត្រូវបានកងកម្លាំងសន្តិសុខជាច្រើនរយនាក់ប្រដាប់ដោយឧបករណ៍បង្ក្រាបកុប្បកម្មដាក់ពង្រាយជុំវិញដែរហើយសាលារាជធានីភ្នំពេញបានគំរាមកំហែងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នករៀបចំដោយហេតុផល«សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ»។ នេះបើតាមរបាយការណ៍របស់សហភាពអឺរ៉ុប។
លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO)បានយល់ស្របនឹងការរកឃើញរបស់សហភាពអឺរ៉ុបហើយថាការធ្លាក់ចុះសិទ្ធិជាមូលដ្ឋានគឺមាននៅគ្រប់ផ្នែកទាំងអស់៖
«បើសិនជាយើងមើលទៅលើចំណុចដែលអង្គការលីកាដូបានរំលឹកឡើងវិញទាក់ទងនឹងប្រាំចំណុចគឺទីមួយពាក់ព័ន្ធនឹងបញ្ហាដីធ្លី បញ្ហាទីពីរបញ្ហាសិទ្ធិការងារ ចំណុចទីបីគឺសិទ្ធិពលរដ្ឋសិទ្ធិនយោបាយ ចំណុចទីបួនសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ហើយចំណុចទីប្រាំគឺសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល... អីចឹងក្នុងរយៈពេល១០ឆ្នាំ កន្លងមកនេះយើងឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺសិទ្ធិសេរីភាពទាំងអស់ហាក់មានការធ្លាក់ចុះ។ វាបោះជំហានថយក្រោយ»។
តាំងពីដើមខែកុម្ភៈមកសហភាពអឺរ៉ុបបានដំណើរការព្យួរឋានៈពន្ធអនុគ្រោះ«គ្រប់មុខទំនិញលើកលែងសព្វាវុធ»ហៅកាត់ថា (EBA) ដោយសារតែមានការចោទប្រកាន់ថាមានការរំលោភនឹងលក្ខខណ្ឌនៃការផ្តល់ឋានៈអនុគ្រោះពន្ធនេះ។
រដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញជំហរការពារចំណាត់ការក្នុងពេលកន្លងមកផងដែរ ក្នុងនោះរួមមានការចាត់ទុកការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យថាគឺជា«ការអនុវត្តរបស់អាជ្ញាធរនិយ័តកម្មរដ្ឋាភិបាលសុទ្ធសាធ»ដោយសារតែអង្គការNDI មិនបានគោរពតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
រដ្ឋាភិបាលកម្ពុជាក៏បានបកស្រាយថាការជួបជុំសាធារណៈរបស់ក្រុមសង្គមស៊ីវិលនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវតែសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដើម្បីថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមរបាយការណ៍ឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី១២ខែសីហាទៅសហភាពអឺរ៉ុប។
រដ្ឋាភិបាលកម្ពុជាបានសន្យាសិក្សាអនុសាសន៍របស់អង្គការសង្គមស៊ីវិលដែលស្នើសុំឱ្យធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
របាយការណ៍របស់សហភាពអឺរ៉ុបបានបន្ថែមថា៖
«ក្នុងពេលដែលមានការប្រកាសពីការបើកចំហរដើម្បីពិនិត្យមើលឡើងវិញនូវច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនិងការពិគ្រោះយោបល់ជាមួយនឹងសង្គមស៊ីវិលកំពុងដំណើរការហើយការណែនាំទៅអាជ្ញាធរខេត្តកំពុងកើតមានឡើងឱ្យរៀបចំការពិភាក្សាស្រដៀងគ្នានេះ ក៏ក្របខណ្ឌច្បាប់របស់កម្ពុជាដែលមាននៅពេលចេញរបាយការណ៍នេះ និងសកម្មភាពផ្នែកយុត្តិធម៌និងកង្វះនៃដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងសូម្បីតែសេចក្តីថ្លែងការណ៍ដោយមន្ត្រីរដ្ឋាភិបាលមានប្រសិទ្ធភាពក្នុងការរឹតត្បិតសិទ្ធិសេរីភាពសមាគមនិងការជួបជុំដោយសន្តិវិធី»។
លោកណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំ នៅសហភាពអឺរ៉ុបបានបញ្ជាក់ប្រាប់អង្គសវនាការមួយរបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សភាសហភាពអឺរ៉ុបកាលពីសប្តាហ៍មុនថាដំណើរការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលកំពុងតែដំណើរការទៅមុខ៖
«លើច្បាប់ស្តីពីអង្គការសង្គមស៊ីវិល រដ្ឋាភិបាលបានរៀបចំវេទិកាពីរលើក។ វេទិការមួយដែលជាលើកទីបីបានរៀបចំឡើងកាលពីពេលថ្មីៗនេះ។ យើងទទួលបានសំណើចំនួន១៧ពីសង្គមស៊ីវិលឱ្យកែលម្អច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ដូច្នេះការពិគ្រោះយោបល់ជាមួយនឹងសង្គមស៊ីវិលនិងរដ្ឋាភិបាលបានចាប់ផ្តើមដើម្បីធ្វើឱ្យប្រសើរឡើងដល់សិទ្ធិអង្គការសង្គមស៊ីវិល»។
គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកម្ពុជារំលាយបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមកាត្វកិច្ចជាអន្តរជាតិរបស់ខ្លួនហើយបានអំពាវនាវឱ្យពលរដ្ឋចូលរួមទាមទារឱ្យរដ្ឋាភិបាលស្តារការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
គណបក្សសង្គ្រោះជាតិបានបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិថា៖
«ដោយសារតែបញ្ហានៃការរំលោភបំពានសិទ្ធិមនុស្សនៅ កម្ពុជាបាននិងកំពុងតែធ្លាក់ទៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់និងធ្ងន់ធ្ងរទៅៗជាហេតុបណ្តាលឱ្យសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកគំរាមដកឬព្យួរឋានៈអនុគ្រោះពន្ធEBA និងGSP ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាប្រឈមនឹងវិបត្តិធ្ងន់ធ្ងរព្រមទាំងធ្វើឱ្យកម្មករកម្មការិនីខ្មែររាប់សែននាក់ប្រឈមនឹងការបាត់បង់ការងារនិងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់»។
លោកជុំ ហួរ ដែលជាសកម្មជនយុវជនការពារបរិស្ថាននិងស្រាវជ្រាវពីសង្គមកម្ពុជាបានជាប់ពន្ធនាគារជាង៤ខែដោយគ្រាន់តែរៀបចំពិធីរំលឹកដល់លោកបណ្ឌិតកែមឡី អតីតអ្នកវិភាគនយោបាយនិងសង្គម និងទាមទារឱ្យបញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធបានបញ្ជាក់ប្រាប់វីអូអេថា៖
«ខ្ញុំទាមទារមិនឱ្យសម្លាប់មនុស្សក្រៅប្រព័ន្ធប៉ុន្តែយើងមិនបានចោទរដ្ឋាភិបាលថាសម្លាប់អ្នកណាទេ គ្រាន់តែទាមទារយុត្តិធម៌មិនឱ្យសម្លាប់មនុស្សក្រៅប្រព័ន្ធ។ ហេតុអីបានជាត្រូវចាប់ដាក់គុករយៈពេលបួនខែ។ បើយើងមើលច្បាប់រដ្ឋធម្មនុញ្ញគឺអត់មានចែងថាចាប់ដាក់គុកទេប៉ុន្តែយើងមានច្បាប់មួយទៀតគឺច្បាប់នីតិមាត់ គឺមិនប្រើច្បាប់នីតិរដ្ឋធម្មនុញ្ញទេ ហើយបើគិតថាបុគ្គលហ្នឹងប្រឆាំងគឺចាប់ដាក់គុក។ អីចឹងវាអយុត្តិធម៌ខ្លាំងណាស់ដល់យើងជាសកម្មជន»។
លោកអំ សំអាតនៃអង្គការលីកាដូ យល់ថារដ្ឋាភិបាលកម្ពុជាត្រូវតែគោរពតាមបទដ្ឋានសិទ្ធិមនុស្សនានាដែលកម្ពុជាបានចុះហត្ថលេខាយល់ព្រម៖
«បើសិនជាយើងគិតអំពីផលប្រយោជន៍នយោបាយធំជាងឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍នោះសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិដែលបានលើកឡើងនឹងត្រូវរួមហើយ អីចឹងអាចគេមើលឃើញថាមានការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ អីចឹងកម្ពុជាត្រូវតែមានការកែលម្អឡើងវិញតាមលក្ខខណ្ឌរបស់សហគមន៍អឺរ៉ុបដែលគេឱ្យយើងស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញ»។
រដ្ឋាភិបាលកម្ពុជាមានពេលរហូតដល់ថ្ងៃទី១២ខែធ្នូនេះដើម្បីឆ្លើយតបនឹងការរកឃើញរបស់សហភាពអឺរ៉ុបនៅលើផ្នែកសិទ្ធិសេរីភាពសមាគមនិងការជួបជុំនេះក៏ដូចជាកង្វល់លើបញ្ហាសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ សិទ្ធិការងារ សិទ្ធិដីធ្លីនិងលំនៅដ្ឋាន និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
សហភាពអឺរ៉ុបនឹងសម្រេចចុងក្រោយនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០ លើជោគវាសនានៃឋានៈអនុគ្រោះពន្ធ EBA ៕