ក្នុងខួបទី៧១នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅថ្ងៃអង្គារនេះ ក្រុមអង្គការការពារសិទ្ធិមនុស្សជាង២០ បានលើកអនុសាសន៍ចំនួន៨ចំណុចដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងអស់អនុវត្តនូវសិទ្ធិរបស់ពួកគេបានពេញលេញនិងគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ក្រុមអង្គការសង្គមស៊ីវិលចំនួន២១ ដែលរួមមានសមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា និងសហភាពការងារកម្ពុជា ជាដើម បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នៅសួនប្រជាធិបតេយ្យ ដោយមានតំណាងពីស្ថានទូតនានា ដូចជាស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតស៊ុយអែត ស្ថានទូតបារាំង និងតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងអ្នកចូលរួមប្រមាណជាង២ពាន់នាក់។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានលើកឡើងនូវអនុសាសន៍ចំនួន៨ចំណុចទៅរដ្ឋាភិបាលកម្ពុជា ដោយរួមមានការយកសិទ្ធិមនុស្ស ឬតម្លៃប្រជាពលរដ្ឋជាធំ ការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិសំខាន់ៗដទៃទៀត និងការអនុវត្តផ្សេងៗដើម្បីទប់ស្កាត់ការដកប្រព័ន្ធអនុគ្រោះពន្ធ។
អ្នកស្រី ចាន់ រ៉ាមី នាយិកាប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនបានប្រាប់ VOA ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពធ្លាក់ចុះកាន់តែខ្លាំង ស្របពេលដែលសេរីភាពក្នុងការបញ្ចេញមតិកាន់តែត្រូវបានរឹតត្បិត។ អ្នកស្រីបន្តថា ការដឹកនាំប្រទេសដោយឯកបក្សគឺជាមូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការចូលរួមក្នុងសកម្មភាពលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកស្រី រ៉ាមី បានថ្លែងយ៉ាងដូច្នេះថា៖ «អ្វីដែលជាចំណុចសំខាន់ យើងមើលឃើញថាយើងចង់ឲ្យរដ្ឋាភិបាលធានាថាពលរដ្ឋគ្រប់រូបមានសិទ្ធិនៅក្នុងការបញ្ចេញមតិ មានសិទ្ធិនៅក្នុងការប្រើប្រាស់សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយរបស់ខ្លួន ក្នុងការលើកកម្ពស់ការអភិវឌ្ឍ»។
បច្ចុប្បន្នកម្ពុជាកំពុងរងសម្ពាធពីសហភាពអឺរ៉ុប ដែលបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាកែទម្រង់លទ្ធិប្រជាធិបតេយ្យឡើងវិញ បើមិនដូច្នោះទេ កម្ពុជាអាចប្រឈមនឹងការខាតបង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលផ្ដល់ប្រាក់ចំណេញជាង៦០០លានដុល្លារក្នុងមួយឆ្នាំ។ ការណ៍នេះកើតឡើងបន្ទាប់ពីស្ថានភាពសិទ្ធិមនុស្សកំពុងធ្លាក់ចុះ ដោយមានការគាបសង្កត់ ការរំលាយគណបក្សប្រឆាំង ការបង្ក្រាបទៅលើអង្គការសង្គមស៊ីវិល និងការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយណាដែលមិនមាននិន្នាការស្របតាមរដ្ឋាភិបាល។
ក្នុងពិធីនោះ គេឃើញតំណាងសហជីពបានលើកឡើងអំពីបញ្ហារបស់កម្មករ ចំណែកឯតំណាងសហគមន៍ដីធ្លីបានថ្លែងពីបញ្ហាដីធ្លី រីឯតំណាងសហគមន៍ជនជាតិដើមភាគតិចបានថ្លែងពីបញ្ហាប្រឈមរបស់ពួកគេ។ ពិធីនោះក៏មានបង្ហោះប៉ោងៗ និងព្រាបក្រដាសជានិមិត្តរូបនៃសិទ្ធិសេរីភាពផងដែរ។ ក្នុងអំឡុងពេលកំពុងប្រារព្ធនោះ ក៏មានការឃ្លាំមើលពីក្រុមសន្តិសុខផងដែរ។
ទិវាសិទ្ធិមនុស្សអន្តរជាតិនៅកម្ពុជាឆ្នាំនេះ គឺជាឆ្នាំចុងក្រោយដែលរដ្ឋាភិបាលអនុញ្ញាតឲ្យប្រជាពលរដ្ឋឈប់សម្រាក បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសកាលពីខែសីហា កន្លងទៅ ពីការកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំចំនួន៦ថ្ងៃ គឺពី២៨ថ្ងៃមកនៅត្រឹម២២ថ្ងៃវិញ ក្នុងនោះក៏រួមមានទាំងថ្ងៃ១០ធ្នូ និងថ្ងៃ២៣តុលាដែលជាថ្ងៃចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីសផងដែរ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានបង្ហាញក្ដីបារម្ភថា ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំក្រោយ អាចនឹងមិនមានអ្នកមកចូលរួមទេ ដោយសារមិនមានការឈប់សម្រាក។
កញ្ញា ជាម គុណថៃ និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលរួមក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកនេះ និយាយថា ការប្រារព្ធទិវាសិទ្ធិមនុស្ស ជាមធ្យោបាយមួយក្នុងការទាក់ទាញឲ្យប្រជាពលរដ្ឋទូទៅយល់ដឹងពីសិទ្ធិរបស់ខ្លួន។ កញ្ញាបន្ថែមថា នៅឆ្នាំក្រោយៗទៀត កញ្ញាប្រហែលជាមិនអាចចូលរួមប្រារព្ធទិវានេះបានទេ ដោយសារវាមិនមែនជាថ្ងៃឈប់សម្រាកផ្លូវការ។
កញ្ញា គុណថៃ និយាយថា៖ «ពេលដែលយើងអត់មានប្រារព្ធឡើងនូវទិវាហ្នឹង គឺយើងអាចនឹងមានការភ្លេច ឬក៏អត់ចាប់អារម្មណ៍ទៅលើរឿងសិទ្ធិមនុស្សហ្នឹងទេ តែបើសិនជាយើងមានការប្រារព្ធសិទ្ធិមនុស្ស មានអារម្មណ៍ថា ជាការក្រើនរំឭកដល់ខ្លួនឯង ឬមនុស្សជាតិទាំងអស់ឲ្យគោរពសិទ្ធិមនុស្ស និងអនុវត្តសិទ្ធិមនុស្ស»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ក្រុមសង្គមស៊ីវិលទាំងនោះតែងមានរបៀបវារៈបែបនយោបាយរបស់ពួកគេក្នុងការយកទិវា១០ធ្នូ ដើម្បីផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល។ ទោះយ៉ាងណាក្ដី លោកថារដ្ឋាភិបាលនឹងពិចារណាលើអនុសាសន៍របស់ពួកគេ ថាតើចំណុចណាអាចទទួលយកបាន ហើយចំណុចណាមិនអាចទទួលយកបាន។
លោក ម៉ាលីន បានថ្លែងយ៉ាងដូច្នេះថា៖ «គោលការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ហើយ ហើយរដ្ឋាភិបាលកំពុងអនុវត្ត អញ្ចឹងទាល់តែលើកថា ចំណុចណាដែលមិនបានយកមកដាក់ក្នុងរដ្ឋធម្មនុញ្ញ ហើយមិនបានអនុវត្ត។ ទាល់តែអង្គុយជជែកគ្នា ហើយមានការពន្យល់គ្នាទៅវិញទៅមក។ បើគ្រាន់តែលើកចោលអញ្ចឹង អាហ្នឹងគឺលើកដើម្បីតែបានលើកទេ»។
លោក ជិន ម៉ាលីន បន្ថែមថា សម្រាប់ការចង់ឲ្យមានការឈប់សម្រាកថ្ងៃ១០ ធ្នូ វិញនោះ គឺមិនបង្ហាញអំពីការគោរពសិទ្ធិមនុស្ស ឬអត់នោះទេ។ លោកថា ការគោរពសិទ្ធិមនុស្ស ឬអត់ គឺសម្រេចលើការអនុវត្តប្រចាំថ្ងៃ។
បើទោះបីជារដ្ឋាភិបាលកម្ពុជាកំណត់លែងឲ្យមានការឈប់សម្រាកក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិនៅឆ្នាំក្រោយៗក្តី ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលនៅតែប្តេជ្ញាប្រារព្ធទិវានេះបន្តទៅទៀត ដើម្បីរំឭកអំពីសិទ្ធិមនុស្សនៅកម្ពុជា៕