សហភាពអឺរ៉ុប បានបង្ហាញការខឹងសម្បារនៅថ្ងៃអង្គារនេះ ចំពោះការសម្រេចរបស់រដ្ឋសភាចិន នៅក្នុងការអនុម័តច្បាប់សន្តិសុខជាតិថ្មីសម្រាបទីក្រុងហុងកុង។
ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Charles Michel បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា៖ «យើងជំទាស់ទៅនឹងការសម្រេចនេះ»។
លោកបានបន្ថែមថា៖ «ច្បាប់នេះមានហានិភ័យបំផ្លាញធ្ងន់ធ្ងរដល់កម្រិតខ្ពស់នៃស្វ័យភាពរបស់ទីក្រុងហុងកុង និងមានផលប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ និងនីតិរដ្ឋ»។
សហភាពអឺរ៉ុបបានព្រមានថា នឹងមានផលវិបាកធ្ងន់ធ្ងរទាក់ទិននឹងច្បាប់សន្តិសុខជាតិថ្មីនេះ។ ច្បាប់នេះត្រូវបានសកម្មជនប្រជាធិបតេយ្យ អ្នកការទូត និងពាណិជ្ជករមួយចំនួនអះអាងថា មានគ្រោះថ្នាក់ដល់ឋានៈពាក់កណ្ដាលស្វ័យភាព និងតួនាទីរបស់ទីក្រុងហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសាកលលោក។
កាលពីសប្ដាហ៍មុន រដ្ឋសភាអឺរ៉ុប បានជំរុញឲ្យសហភាពអឺរ៉ុប ប្ដឹងប្រទេសចិនទៅតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងអនុម័តច្បាប់សន្តិសុខជាតិថ្មីនេះ៕