ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បង្ហាញ​សេចក្ដី​លំអិត​នៃ​សំណើ​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង


នាយក​ប្រតិបត្តិ​ទីក្រុងហុងកុង អ្នកស្រី Carrie Lam ស្ដាំ​សំណួរ​របស់​អ្នក​កាសែត​ដែល​សួរ​ទៅ​កាន់​អ្នកស្រី ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ពាក់ព័ន្ធ​នឹង​ច្បាប់​សន្ដិសុខជាតិ​​ក្នុង​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០។
នាយក​ប្រតិបត្តិ​ទីក្រុងហុងកុង អ្នកស្រី Carrie Lam ស្ដាំ​សំណួរ​របស់​អ្នក​កាសែត​ដែល​សួរ​ទៅ​កាន់​អ្នកស្រី ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ពាក់ព័ន្ធ​នឹង​ច្បាប់​សន្ដិសុខជាតិ​​ក្នុង​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០។

កាល​ពី​ថ្ងៃ​សៅរ៍ រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​សេចក្ដី​លំអិត​នៃ​សំណើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ទីក្រុង​ហុងកុង ដែល​នឹង​អនុញ្ញាត​ឲ្យ​គណបក្ស​កុម្មុយនិស្ត​ចិន​ពង្រីក​អំណាច​របស់​ខ្លួន​ខ្លាំងក្លា និង​បន្ដឹង​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​ទីក្រុង​ហុងកុង។

បើ​យោង​តាម​ការ​ពន្យល់​អំពី​ច្បាប់​នេះ ដែល​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua គណៈកម្មការ​សន្តិសុខ​ជាតិ​ថ្មី​មួយ​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​កំពូល​ទីក្រុង​ហុងកុង ប៉ុន្តែ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន នឹង​ត្រូវ​បង្កើត​នៅ​ក្នុង​ទីក្រុង​ហុងកុង។

ភ្នាក់ងារ​សន្តិសុខ​ចិន ដែល​ទីភ្នាក់ងារ​ព័ត៌មាន Xinhua បញ្ជាក់​ថា តម្រូវ​ឲ្យ​គោរព​តាម​ច្បាប់​ហុងកុង ក៏​នឹង​ត្រូវ​ឈរ​ជើង​នៅ​ក្នុង​ទីក្រុង​ហុងកុង​ផង​ដែរ ដើម្បី​ដោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ​នឹង​ករណី​មួយ​ចំនួន​នៅ​ទី​នោះ។

សេចក្ដី​ជូន​ដំណឹង​នេះ​បាន​បញ្ជាក់​ថា ទីភ្នាក់ងារ​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​វិភាគ​លើ​ស្ថានភាព​សន្តិសុខ​ជាតិ​ក្នុង​ទីក្រុង​ហុងកុង និង​ដើម្បី «តាមដាន គ្រប់គ្រង សម្របសម្រួល និង​គាំទ្រ» ដល់​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​មូលដ្ឋាន ក៏​ដូចជា​ដើម្បី​ប្រមូល​ព័ត៌មាន​សម្ងាត់ និង​ដោះស្រាយ​ករណី​ពាក់ព័ន្ធ​នានា។

សេចក្ដី​ជូន​ដំណឹង​នេះ​បាន​បន្ថែម​ថា សំណើ​ច្បាប់​ថ្មី​នេះ​នឹង​ផ្ដល់​អំណាច​ដល់​មេដឹកនាំ​កំពូល​ទីក្រុង​ហុងកុង​ឲ្យ​ជ្រើសរើស​ចៅក្រម​ដើម្បី​ដោះស្រាយ​សំណុំរឿង​សន្តិសុខ​ជាតិ​នានា​នៅ​ក្នុង​ទីក្រុង។ នេះ​គឺ​ជា​វិធានការ​មួយ ដែល​អ្នក​ជំនាញ​ផ្នែក​ច្បាប់​បាន​រិះគន់​ខ្លាំងក្លា​ថា ​បាន​បំផ្លាញ​ដល់​គោលការណ៍​នីតិរដ្ឋ និង​គោលការណ៍​បែកចែក​អំណាច។

លោក Tam Yiu Chung ដែល​ជា​សមាជិក​តែ​ម្នាក់​គត់​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ជាតិ​ចិន ដែល​មក​ពី​ទីក្រុង​ហុងកុង បាន​ប្រាប់​អ្នក​កាសែត​ថា អាជ្ញាធរ​ចិន​នឹង​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​តែ​ក្នុង​ស្ថានការណ៍ «លើកលែង» មួយ​ចំនួន​តែ​ប៉ុណ្ណោះ ដូចជា​ក្នុង​ករណី​ដែល​ភាព​ចលាចល​ក្លាយទៅជា​សង្គ្រាម ឬ​ក៏​រដ្ឋាភិបាល​មូលដ្ឋាន «ក្លាយ​ជា​ពិបាក​គ្រប់គ្រង»។

សេចក្ដី​លើក​ឡើង​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​បញ្ជាក់​ថា សំណើ​ច្បាប់​នេះ​ក៏​មាន​បញ្ជាក់​ផង​ដែរ​អំពី​ទណ្ឌកម្ម​ចំពោះ​បទ​ឧក្រិដ្ឋ​ទាក់ទង​នឹង​ការ​ផ្ដាច់​ខ្លួន ការ​ផ្ដួល​រំលំ​រដ្ឋ​អំណាច អំពើ​ភេរវកម្ម និង​ការ​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស ប៉ុន្តែ​វា​មិន​បាន​បញ្ជាក់​សេចក្ដី​លំអិត​នោះ​ទេ។

លោក Tam Yiu Chung បាន​និយាយ​ថា ទោស​ជាប់​ពន្ធនាគារ​ទំនងជា​អាច ៣ ឆ្នាំ សម្រាប់​ករណី​ស្រាល និង ៥ ទៅ ១០ ឆ្នាំ សម្រាប់​ករណី​ធ្ងន់ធ្ងរ។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា វា​អាច​ទៅ​រួច​ដែល​ថា ច្បាប់​នេះ​នឹង​មិន​ផ្ដោត​លើ​ករណី​កើត​ឡើង​មុន​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​នោះ​ទេ។

បន្ថែម​ពី​នេះ​ទៀត សេចក្ដី​លើក​ឡើង​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប៉ូលិស​ហុងកុង​នឹង​បង្កើត​កង​កម្លាំង​ពិសេស​មួយ​ដើម្បី​ពង្រឹង​ច្បាប់​សន្តិសុខ​ជាតិ​នេះ ហើយ​មន្ទីរ​យុត្តិធម៌​របស់​ទីក្រុង​ហុងកុង​នឹង​បង្កើត​ផ្នែក​អយ្យការ​ពិសេស​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​ជាតិ។

ជាង​នេះ​ទៀត ច្បាប់​នេះ​នឹង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ហុងកុង​ពង្រឹង​ការ​ត្រួតត្រា និង​គ្រប់គ្រង​លើ​សាលារៀន និង​អង្គការ​ផ្សេងៗ លើ​បញ្ហា​ទាក់ទិន​នឹង​សន្តិសុខ​ជាតិ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​ឲ្យ​ច្បាប់​នេះ​ចូល​ជា​ធរមាន​ភ្លាមៗ មុន​ការ​បោះ​ឆ្នោត​រដ្ឋសភា​ទីក្រុង​ហុងកុង​ចូល​មក​ដល់​នៅ​ខែ​កញ្ញា​ខាង​មុខ ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ រដ្ឋសភា​នេះ​មាន​សមាជិក​ភាគ​ច្រើន​ជា​អ្នក​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG