បណ្តាមេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍បានព្រមព្រៀងគ្នាថានឹងសម្រុះសម្រួលជាមួយនឹងអ្នកតំណាងមកពីប្រទេសហូឡង់ ដែលនឹងអនុញ្ញាតឲ្យបង្កើតសហប្រតិបត្តិការនិងពាណិជ្ជកម្មជាមួយនឹងប្រទេសអ៊ុយក្រែន។
ប្រទេសហូឡង់គឺជាប្រទេសតែមួយគត់ដែលមិនបានផ្តល់សច្ចានុមតិទៅលើកិច្ចព្រមព្រៀងមួយរវាងសហភាពអឺរ៉ុបនិងអ៊ុយក្រែន ដែលនឹងជួយដល់ប្រទេសអ៊ុយក្រែនឲ្យមានទំនាក់ទំនងជិតស្និទ្ធជាងមុនជាមួយនឹងបស្ចិមប្រទេស។
កាលពីឆ្នាំ២០១៤ ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovich បានអស់តំណែងបន្ទាប់ពីលោកបានព្យាយាមដកកិច្ចព្រមព្រៀងនេះ ហើយហ្វូងបាតុករជាច្រើនសន្ធឹកសន្ធាប់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវដើម្បីប្រឆាំងនឹងសកម្មភាពរបស់លោក ដែលត្រូវបានគេមើលឃើញថា គឺជាមធ្យោបាយមួយដើម្បីឲ្យអ៊ុយក្រែនទៅជិតស្និទ្ធជាមួយនឹងរុស្ស៊ី។
ឆ្លើយតបនឹងការដកលោក Yanukovich រុស្ស៊ីបានយកឧបទ្វីប គ្រីមៀ ជាឧបសម្ព័ន្ធរបស់ខ្លួន និងបានគាំទ្រដល់ក្រុមឧទ្ទាមបំបែកខ្លួននៅប៉ែកខាងកើតអ៊ុយក្រែន ដែលមកទល់នឹងពេលនេះបានសម្លាប់មនុស្សអស់ជិត១សែននាក់ហើយ។
នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានថ្លែងប្រាប់អ្នកកាសែតមុនកិច្ចប្រជុំសហភាពអឺរ៉ុបថា វាជាការចាំបាច់ដែលឥឡូវនេះ ប្រទេសហូឡង់ផ្តល់សច្ចានុមតិទៅលើកិច្ចព្រមព្រៀងនេះ ដើម្បីជាមធ្យោបាយប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលរបស់រុស្ស៊ីដែលចេះតែកើនឡើងនៅក្នុងអឺរ៉ុប៕