សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស​ចាប់ផ្ដើម​ចរចា​ពី​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប

ប្រធាន​ខាង​ផ្នែក​ចរចា​អំពី​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​របស់​សហភាព​អឺរ៉ុប លោក Michel Barnier (រូប​ស្តាំ) ស្វាគមន៍​លោក David Davis​ រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​ទទួល​បន្ទុក​កិច្ចការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អឺរ៉ុប​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។

សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស បាន​ចាប់ផ្ដើម​ការ​ចរចា​ជុំ​ទី​មួយ​ដ៏​មាន​សារៈសំខាន់​អំពី​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ដោយ​ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ថា វា​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​ឲ្យ​ដំណើរការ​ចរចា​នេះ​វិវត្ត​ទៅ​មុខ​ឲ្យ​បាន​ឆាប់។

ដោយ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ឯ​ទីស្នាក់ការ​កណ្ដាល Berlaymont របស់​សហភាព​អឺរ៉ុប រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​ទទួល​បន្ទុក​កិច្ចការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប លោក David Davis បាន​និយាយ​នៅ​ពេល​ចាប់ផ្ដើម​កិច្ច​ពិភាក្សា​រយៈពេល ៤ ថ្ងៃ អំពី​ដំណើរ​ការ​ចាកចេញ​នេះ​ថា៖ «ដំណើរការ​ចរចា​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ហើយ​ឥឡូវ​នេះ វា​មាន​ការ​វិវត្ត​ទៅ​មុខ​យ៉ាង​ល្អ‍»។

ប្រធាន​ខាង​ផ្នែក​ចរចា​អំពី​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​របស់​សហភាព​អឺរ៉ុប លោក Michel Barnier បាន​និយាយ​ថា៖ «យើង​នឹង​មិន​កកូរ​កកាយ​រក​ចំណុច​សំខាន់​បំផុត​របស់​បញ្ហា​នេះ​ទេ។ យើង​ចាំបាច់​ត្រូវ​ពិនិត្យ និង​ប្រៀបធៀប​គោល​ជំហរ​របស់​ភាគី​ទាំង​សង​ខាង ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ចរចា​នេះ​ទទួល​មាន​ដំណើរការ​ល្អ​ទៅ​មុខ‍»។

លោក​ទាំង​ពីរ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​នោះ​ទេ ប៉ុន្តែ​លោក Michel Barnier បាន​និយាយ​ថា ពួកគេ​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ។

ការ​ចរចា​នៅ​ក្នុង​សប្ដាហ៍​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្ដោត​លើ​សិទ្ធិ​របស់​ពលរដ្ឋ​នៃ​ចក្រភព​អង់គ្លេស និង​ពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក្នុង​សហភាព​អឺរ៉ុប នៅ​ក្រោយ​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប និង​បញ្ហា​ព្រំដែន​នៅ​ក្នុង​ដែនដី​កោះ​អៀវឡង់​ជា​ដើម៕