សន្និសីទ​កំពូល​របស់​សហភាព​អឺរ៉ុប​ទៅ​លើ BREXIT ​បាន​ចាប់​ផ្តើម​ដោយ​ភាព​ល្វីង​ជូរចត់

  • Lisa Bryant

លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប ស្វាគមន៍​លោក Nigel Farage មេដឹកនាំ​គណបក្ស​ឯករាជ្យ​របស់​អង់គ្លេស​ដែល​ជា​មេដឹកនាំ​ក្រុម​អ្នក​នយោបាយ​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​ឬ BREXIT កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។

ភាព​ច្របូក​ច្របល់​ដែល​បណ្តាល​មក​ពី​ការ​បោះឆ្នោត​ចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​កាល​ពី​សប្តាហ៍​មុន​ បាន​ឆ្លង​ចូល​សម័យ​ប្រជុំ​របស់​សភា​អឺរ៉ុប​នៅ​ក្នុង​រដ្ឋធានី​ប្រ៊ុចសែល​ កាល​ពី​ថ្ងៃ​អង្គារ ភា្លមៗ​មុន​ពេល​ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​ជួប​គ្នា។

បណ្តា​មេដឹកនាំ​សហភាព​អឺរ៉ុប​កំពុង​ធ្វើ​សន្និសីទ​កំពូល​ដែល​មាន​រយៈពេល​២ថ្ងៃ ដើម្បី​ធ្វើ​ផែនការ​សម្រាប់​ពេល​អនាគត​ក្រោយ​ពី​ការ​ចាកចេញ​របស់​អង់គ្លេស ដែល​មាន​ការ​សៅហ្មង​រួច​ទៅ​ហើយ​ ដោយ​ភាព​ជ្រួលច្របល់​ និង​ភាព​ល្វីង​ជូរចត់​របស់​សម័យ​ប្រជុំ​សភា​សហភាព​អឺរ៉ុប។​

ភាព​ច្របូក​ច្របល់​ដែល​បណ្តាល​មក​ពី​ការ​បោះឆ្នោត​ចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​កាល​ពី​សប្តាហ៍​មុន​ បាន​ឆ្លង​ចូល​សម័យ​ប្រជុំ​របស់​សភា​អឺរ៉ុប​នៅ​ក្នុង​រដ្ឋធានី​ប្រ៊ុចសែល​ កាល​ពី​ថ្ងៃ​អង្គារ ភា្លមៗ​មុន​ពេល​ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​ជួប​គ្នា។

ជា​ឧទាហរណ៍ មាន​ការ​ផ្លាស់ប្តូរ​ពាក្យ​សម្តី​យ៉ាង​ខ្លាំង​រវាង​លោក Nigel Farage មេដឹកនាំ​គណបក្ស​ឯករាជ្យ​របស់​អង់គ្លេស​ដែល​ជា​មេដឹកនាំ​ក្រុម​អ្នក​នយោបាយ​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​ឬ BREXIT និង​ពួក​សមាជិក​សភា​របស់​សហភាព​អឺរ៉ុប។

«វា​មិនមែន​ជា​រឿង​លេង​សើច​ទេ ​នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ទី​នេះ​កាល​ពី១៧​ឆ្នាំ​មុន ​ហើយ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​ចង់​ដឹកនាំ​យុទ្ធនាការ​មួយ​ដើម្បី​ធ្វើឲ្យ​ចក្រភព​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប ហើយ​អស់​លោក​អ្នក​បាន​សើច​ខ្ញុំ។ ឥឡូវនេះ ខ្ញុំ​ត្រូវតែ​និយាយ​ថា អស់​លោក​អ្នក​មិន​សើច​ទៀត​ទេ ​មែន​ទេ? អស់​លោក​អ្នក​បាន​បដិសេធ​គម្រោង​នយោបាយ។ អស់​លោក​អ្នក​បាន​បដិសេធ​ពី​រូបិយប័ណ្ណ​របស់​អ្នក​ដែល​កំពុង​បរាជ័យ។​អស់​លោក​អ្នក ​កំពុង​បដិសេធ​អំពី​បញ្ហា​ទាំងអស់​នេះ។ ឥឡូវ ចូរ​អ្នក​ក្រឡេក​មើល​បញ្ហា​ជន​ភៀស​ខ្លួន​នៅ​សមុទ្រ​មេឌីទែរ៉ាណេ»។

បន្ទាប់​មក​មាន​លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​ដែល​បាន​ចោទ​ជា​សំណួរ​ដល់​អ្នក​នយោបាយ​ដែល​គាំទ្រ​ដល់​ការ​ចាកចេញ​របស់​អង់គ្លេស ​ឬ BREXIT នេះ។

«លោក​បាន​ទាមទារ​ឲ្យ​ចាកចេញ​ ហើយ​ប្រជារាស្រ្ត​ចក្រភព​អង់គ្លេស​បាន​បោះឆ្នោត​គាំទ្រ​ការ​ចាក​ចេញ​នេះ ហេតុអ្វី​បាន​ជា​លោក​ស្ថិត​នៅ​ទី​នេះ‍»?

ការ​ផ្លាស់​ប្តូរ​ពាក្យ​សម្តី​គ្នា​នេះ​បញ្ជាក់​ពី​ការ​រន្ធត់ ​និង​ការ​ខឹង​សម្បារ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អឺរ៉ុប​នៅ​ឡើយ បន្ទាប់​ពី​ការ​បោះឆ្នោត​ប្រជាមតិ​របស់​ចក្រ​ភព​អង់គ្លេស។

នៅ​ពេល​មក​ដល់​សន្និសីទ​កំពូល លោក David Cameron នាយក​រដ្ឋមន្រ្តី​ចក្រភព​អង់គ្លេស​ដែល​លាលែង​ពី​តំណែង​បាន​និយាយ​ថា ចក្រភព​អង់គ្លេស​នឹង​ស្វះស្វែង​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​បំផុត​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ជាមួយ​សហភាព​អឺរ៉ុប។

ក៏​ប៉ុន្តែ ពួក​អ្នក​វិភាគ​ដូចជា​លោក Alexandra de Hoop Scheffer ប្រធាន​មូលនិធិ German Marshall នៃ​ការិយាល័យ​នៅ​ទីក្រុង​ប៉ារីស​របស់​សហរដ្ឋ​អាមេរិក សង្ស័យ​ថា ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​នឹង​ស្នើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាង​ធំ៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន