សហភាព​អឺរ៉ុប​បាន​អនុម័ត​​ទណ្ឌកម្ម​លើ​​ធ្យូង​ថ្ម​របស់​រុស្ស៊ី និង​ស្នើ​ផ្តល់​អាវុធ​កាន់តែ​ច្រើន​​​ដល់​​អ៊ុយក្រែន​

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ការ​ប្រជុំ​​ជជែក​ដេញដោល​មួយ​របស់​ក្រុមប្រឹក្សា​នេះ​ ដោយ​រួម​ទាំង​អំពី​បញ្ហា​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២២ នៅ​ទី​ក្រុង Strasbourg ប្រទេស​បារាំង។ (AP)

សហភាព​អឺរ៉ុបកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​និយាយ​ថា ខ្លួន​បាន​អនុម័ត​ការ​ដាក់​ទណ្ឌ កម្ម​លើ​ធ្យូង​ថ្ម​របស់​រុស្ស៊ី ហើយ​នឹង​បិទ​កំពង់ផែ​របស់​សហភាព​អឺរ៉ុប​ដល់​កប៉ាល់របស់​រុស្ស៊ី​ដោយសារ​សង្គ្រាម​នៅអ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មន្ត្រី​ម្នាក់​មកពី​ការិយាល័យ​ប្រធានាធិបតី​បារាំង​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប បាន​និយាយ​ថា ចំណាត់ការ​នេះ ជា​ការដាក់​ទណ្ឌកម្ម​ដ៏​ខ្លាំង​ជុំទី៥ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ។​

កញ្ចប់​ដាក់​ទណ្ឌកម្ម​នេះ ក៏​រួមមាន​ការហាមឃាត់​លើ​ការនាំ​ចេញ​ទំនិញ​ទៅ​កាន់​ប្រទេស​រុស្ស៊ីដែល​មាន​តម្លៃ​ជា​ប្រាក់​ចំនួន​ប្រមាណ​១០,៩ពាន់​លាន​ដុល្លារ ដែល​រួម​មាន​ទំនិញ​ផ្នែក​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ហើយ​នឹង​ការបង្កក​ទ្រព្យសម្បត្តិ​របស់​ធនាគារ​រុស្ស៊ី​មួយ​ចំនួន។

បន្ថែម​ពី​ការដាក់​ទណ្ឌកម្ម សហភាព​អឺរ៉ុប ក៏​បាន​គាំទ្រ​សំណើ​មួយ​ដើម្បី​បង្កើន​ថវិកា​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយក្រែន​ដោយមាន​ទឹកប្រាក់​ចំនួន៥០០​លាន​អឺរ៉ូ ដោយ​បាន​ធ្វើ​ឱ្យចំនួន​ទឹក​ប្រាក់​សរុប​ទាំង​អស់​កើនដល់​ចំនួន​១,៥​ពាន់​លាន​អឺរ៉ូ។ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel បានបង្ហោះ​សារ​លើ​បណ្តាញ Twitter ថា កញ្ចប់​ដាក់​ទណ្ឌកម្ម​នោះ នឹងត្រូវអនុម័ត​យល់​ព្រម​ដោយ​ឆាប់រហ័ស។​

វិធានការ​ហិរញ្ញវត្ថុ​ថ្មី​នេះ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​គណៈកម្មការ​អឺរ៉ុប បន្ទាប់ពី​សាកសព​របស់​ជន​ស៊ីវិល​ជា​ច្រើនរយនាក់​ ត្រូវ​បានគេ​រកឃើញ​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង Bucha នៅ​ជិត​រដ្ឋធានី​កៀវ​មក។

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​សហភាព​អឺរ៉ុប បានកំណត់​ទិសដៅ​ដាក់​ទណ្ឌកម្ម​លើ​ផ្នែក​ថាមពល​ដែល​ពួកគេ​បាន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​នោះ។

ប្រទេស​នានា​នៅ​ក្នុង​សហភាព​អឺរ៉ុប បាន​នាំចូល​ធ្យូង​ថ្ម​ចំនួន​៤៥ភាគរយ​មកពី​ប្រទេស​រុស្ស៊ី ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់ប្រមាណ​ចំនួន​៤ពាន់​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំៗ។

ការដាក់​ទណ្ឌកម្មនេះ នឹង​ចូល​ជា​ធរមាន​នៅ​ដើម​ខែ​សីហា ដែល​មាន​រយៈពេល​១២០​ថ្ងៃ​បន្ទាប់​ពី​ការចេញផ្សាយនូវ​កញ្ចប់​ដាក់​ទណ្ឌកម្មថ្មី ​នៅ​ក្នុង​ព្រឹត្តិប័ត្រ​ផ្លូវការ​របស់​សហភាព​អឺរ៉ុប​ដែល​ត្រូវ​គេ​រំពឹង​ថានឹង​ចេញ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

បញ្ជី​នៃ​ផលិតផល​របស់​រុស្ស៊ី​ដែល​ត្រូវ​បាន​ហាមឃាត់​មកពី​សហភាព​អឺរ៉ុប​នោះ ក៏​រួមមាន​វត្ថុធាតុ​ដើម​និង​របស់​របរ​មួយចំនួន​ដែល​មាន​តម្លៃ​ប្រហែល​៥,៥ពាន់​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំៗ​ដើម្បី​បញ្ឈប់​ការផ្តល់​ហិរញ្ញវត្ថុ​ដល់​ការធ្វើ​សង្គ្រាម​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន៕