សហភាពអឺរ៉ុបនិងប្រទេសចិនបានប្តេជ្ញាចិត្តសាជាថ្មីដល់កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ២០១៥ មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ។
សេចក្តីថ្លែងការណ៍រួមគ្នាមួយរវាងសហភាពអឺរ៉ុបនិងចិន ថែមទាំងនិយាយថា ការប្រែប្រួលអាកាសធាតុនិងថាមពលស្អាត«នឹងក្លាយជាសរសរស្តម្ភនៃភាពជាដៃគូទ្វេភាគីរបស់ពួកគេ»។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តីចិន Li Keqiang នៅក្នុងសន្និសីទកំពូលរវាងសហភាពអឺរ៉ុបនិងចិននៅក្នុងទីក្រុងប៊្រុចសែល។
លោក Donald Tusk ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បាននិយាយថា ការប្រយុទ្ធប្រឆាំងការផ្លាស់ប្តូរអាកាសធាតុ នឹងបន្តដោយមានឬមិនមានសហរដ្ឋអាមេរិក។
លោក Donald Tusk ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បាននិយាយទៀតថា៖ «ថ្ងៃនេះចិននិងអឺរ៉ុបបានបង្ហាញនូវសាមគ្គីភាពជាមួយជំនាន់មនុស្សថ្ងៃអនាគតនិងការទទួលខុសត្រូវសម្រាប់សម្រាប់ផែនដីទាំងមូល។ យើងជឿជាក់ថា ការសម្រេចកាលពីថ្ងៃម្សិលមិញជាកំហុសមួយ»។
លោកនាយករដ្ឋមន្រ្តីចិនលីបាននិយាយថា ការប្តេជ្ញានេះសំខាន់បំផុតសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិននិងសហភាពអឺរ៉ុបដើម្បីធ្វើឲ្យមានស្ថេរភាពកាន់តែខ្លាំងឡើង។
លោកនាយករដ្ឋមន្រ្តីចិននិយាយទៀតថា៖ «យើងជឿជាក់ថា មានការផ្លាស់ប្តូរក្នុងស្ថានភាពអន្តរជាតិហើយនឹងមានការលេចចេញឡើងនូវកត្តាមិនប្រាកដប្រជានិងអស្ថេភាព។ ការណ៍នេះតម្រូវឲ្យមានកិច្ចខំប្រឹងប្រែងរបស់យើងដើម្បីដោះស្រាយបញ្ហាដែលមានស្រាប់នេះ»៕