ប្រទេសអេត្យូពីបានបញ្ជាក់កាលពីថ្ងៃទី ២៣ ខែកញ្ញាថា ខ្លួនបានចាប់ផ្ដើមការចរចាជុំទីពីរជាមួយនឹងប្រទេសអេហ្ស៊ីបនិងប្រទេសស៊ូដង់អំពីទំនប់វារីអគ្គិសនីដ៏ធំមួយដែលមានភាពប្រទាំងប្រទើសដែលបានសាងសង់ឡើងដោយប្រទេសអេត្យូពីនៅលើទន្លេនីល (Nile) ដែលជាប្រភពនៃភាពតានតឹងក្នុងចំណោមប្រទេសទាំង ៣។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងខែនេះ ប្រទេសអេត្យូពីបានប្រកាសអំពីការបញ្ចប់រួចរាល់នូវការចាក់ដីបំពេញលើកទី ៤ ដែលជាលើកចុងក្រោយនៃទំនប់វារីអគ្គិសនី Grand Ethiopian Renaissance Dam។ ការប្រកាសនេះបានជំរុញឱ្យប្រទេសអេហ្ស៊ីបថ្កោលទោសភ្លាមៗដោយហៅវិធានការនេះថាខុសច្បាប់។
ប្រទេសអេហ្ស៊ីបនិងប្រទេសស៊ូដង់ខ្លាចថា ទំនប់វារីអគ្គិសនីដ៏ធំដែលចំណាយអស់ទឹកប្រាក់ ៤,២ ពាន់លានដុល្លារនេះនឹងកាត់បន្ថយខ្លាំងក្លាដល់ចំណែកទឹកនៃទន្លេនីលដែលពួកគេទទួលបាន។ ប្រទេសទាំងពីរបានស្នើដល់ប្រទេសអេត្យូពីម្ដងហើយម្ដងទៀតឱ្យបញ្ឈប់ការចាក់ដីបំពេញទំនប់នេះលុះត្រាណាតែមានកិច្ចព្រមព្រៀងជាមុនសិន។
បន្ទាប់ពីមានការប្រឆាំងអស់រយៈពេលជាច្រើនឆ្នាំលើបញ្ហានេះ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi និងនាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed បានព្រមព្រៀងគ្នាកាលពីខែកក្កដានៅក្នុងការសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងមួយនៅក្នុងរយៈពេល ៤ ខែ ដោយបានចាប់ផ្ដើមការចរចាឡើងវិញកាលពីខែសីហា។
ក្រសួងការបរទេសអេត្យូពីបានសរសេរនៅលើបណ្ដាញសង្គមអនឡាញ X ថា ប្រទេសទាំង ៣ បានបើកការចរចាជុំទីពីរនៅក្នុងទីក្រុងអាឌីសអាបេបា ប្រទេសអេត្យូពី។
ក្រសួងនេះបានបញ្ជាក់ថា៖ «ប្រទេសអេត្យូពីតាំងចិត្តនៅក្នុងការសម្រេចឱ្យបានដំណោះស្រាយមួយដែលមានការចរចានិងប្រកបដោយស្មារតីមិត្តភាពតាមរយៈដំណើរការត្រីភាគីដែលកំពុងបន្ត»។
ការភ័យខ្លាចពីលទ្ធភាពទទួលបានទឹក
ការចរចាអូសបន្លាយអំពីទំនប់វារីអគ្គិសនីនេះតាំងពីឆ្នាំ ២០១១ មកមិនបានឈានដល់ការព្រមព្រៀងណាមួយរវាងប្រទេសអេត្យូពីនិងប្រទេសជិតខាងរបស់ខ្លួននៅខាងក្រោមខ្សែទឹកទន្លេនីលនោះទេ។
ប្រទេសអេហ្ស៊ីបបានយល់ឃើញជាយូរមកហើយថា ទំនប់វារីអគ្គិសនីនេះគឺជាការគំរាមកំហែងដែលប៉ះពាល់ដល់ការរស់រានបន្តទៅមុខរបស់ខ្លួន ដោយសារតែខ្លួនពឹងផ្អែកលើទន្លេនីលសម្រាប់តម្រូវការទឹកចំនួន ៩៧% របស់ខ្លួន។
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry បាននិយាយថា រដ្ឋាភិបាលអេហ្ស៊ីបចង់បាន «កិច្ចព្រមព្រៀងដែលតម្រូវឱ្យប្រតិបត្តិតាម» មួយអំពីការចាក់ដីបំពេញនិងការធ្វើប្រតិបត្តិការនៃទំនប់វារីអគ្គិសនីនេះ។
លោក Shoukry បានបញ្ជាក់ដូច្នេះថា៖ «យើងនៅតែរំពឹងថា ឆន្ទៈល្អរបស់យើងនឹងត្រូវតបស្នងមកវិញដោយការតាំងចិត្តពីប្រទេសអេត្យូពីនៅក្នុងការសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយដែលនឹងការពារផលប្រយោជន៍របស់ប្រទេសអេហ្ស៊ីប ស៊ូដង់ និងអេត្យូពី»។
លោកបានបន្ថែមថា៖ «វាគឺជាការយល់ខុសនៅក្នុងការសន្មតថាយើងអាចទទួលយកបាននូវរឿងដែលសម្រេចរួចហើយមួយ នៅពេលដែលវាពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ពលរដ្ឋអេហ្ស៊ីបជាង ១០០ លាននាក់»។
ទំនប់វារីអគ្គិសនីនេះគឺជាចំណុចស្នូលនៃផែនការអភិវឌ្ឍន៍របស់ប្រទេសអេត្យូពី។ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ រដ្ឋាភិបាលអេត្យូពីបានប្រកាសថា ខ្លួនបានចាប់ផ្ដើមផលិតអគ្គិសនីជាលើកដំបូងបង្អស់។
នៅពេលដែលធ្វើប្រតិបត្តិការពេញសមត្ថភាព ទំនប់វារីអគ្គិសនីដ៏ធំដែលមានប្រវែង ១.៨០០ ម៉ែត្រនិងកម្ពស់ ១៤៥ ម៉ែត្រនេះអាចផលិតអគ្គិសនីបានជាង ៥.០០០ មេហ្គាវ៉ាត់។
ករណីនេះនឹងធ្វើឱ្យផលិតកម្មអគ្គិសនីរបស់ប្រទេសអេត្យូពីកើនឡើងទ្វេដង។ នៅពេលបច្ចុប្បន្ននេះមានតែប្រជាជនអេត្យូពីប្រហែលពាក់កណ្ដាលប៉ុណ្ណោះនៃប្រជាជនសរុបចំនួន ១២០ លាននាក់ដែលមានលទ្ធភាពប្រើប្រាស់អគ្គិសនីនេះ។
គោលជំហររបស់ប្រទេសស៊ូដង់ ដែលនៅពេលបច្ចុប្បន្ននេះកំពុងជាប់ផុងនៅក្នុងសង្គ្រាមស៊ីវិល បានប្រែប្រួលឡើងចុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រទេសអេហ្ស៊ីបអាច «អស់ទឹកនៅត្រឹមឆ្នាំ ២០២៥» ហើយផ្នែកផ្សេងៗរបស់ប្រទេសស៊ូដង់ ដែលសង្គ្រាមនៅតំបន់ Darfur គឺជាសង្គ្រាមពាក់ព័ន្ធនឹងលទ្ធភាពនៃការទទួលបានទឹក គឺកាន់តែងាយរងគ្រោះជាងមុនចំពោះគ្រោះរាំងស្ងួតដោយសារការប្រែប្រួលអាកាសធាតុ៕
ប្រែសម្រួលដោយលោក ភី សុភាដា