ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ប្រទេសតួកគីនឹងវាយបង្ក្រាបកងកម្លាំងសន្តិសុខដែលគាំទ្រដោយសហរដ្ឋអាមេរិក ប្រមាណជា៣ម៉ឺននាក់ ដែលកំពុងតែស្ថិតតាមបណ្តោយព្រំដែនស៊ីរី និងឃឺដ។
លោក Erdogan បានថ្លែងតាមទូរទស្សន៍ពីខាងក្រៅទីក្រុងអង់ការ៉ាថា«សហរដ្ឋអាមេរិកបានទទួលស្គាល់ថា ខ្លួនបានបង្កើតកងកម្លាំងភេរវកម្មនៅតាមបណ្តោយព្រំដែនរបស់យើង។ ភារកិច្ចរបស់យើងគឺត្រូវវាយកម្ទេចកងកម្លាំងភេរវកម្មទាំងនេះឲ្យបានមុនវាកកើតជារូបរាង»។
លោក Erdogan កាលពីថ្ងៃចន្ទក៏បានថ្លែងផងដែរថា ប្រទេសតួកគីបានបញ្ចប់ការរៀបចំផែនការប្រតិបត្តិការនៅក្នុងតំបន់ Afrinដែលគ្រប់គ្រងដោយក្រុមឃឺដ ព្រមទាំងនៅក្នុងក្រុង Manbij ផងដែរ។
ផែនការនានាសម្រាប់ប្រតិបត្តិការថ្មីដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានគេប្រកាសកាលពីថ្ងៃអាទិត្យ នឹងរួមបញ្ជូលក្រុមប្រយុទ្ធនានា ភាគច្រើនមកពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយកងកម្លាំងឃឺដ YPG។ ប្រទេសតួកគីចាត់ទុកក្រុម YPG ថាជាផ្នែកមួយនៃក្រុម PKK ដែលក្រុងអង់ការ៉ាហៅថាជាក្រុមភេរវកម្ម។
ភាពតានតឹងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីតោន និងរដ្ឋាភិបាលក្រុងអង់ការ៉ា បានកើនឡើង នៅស្របពេលដែលលោក Erdogan នៅតែបន្តអះអាងម្តងហើយម្តងទៀតថា កងទ័ពតួកគីត្រៀមខ្លួនរួចជាស្រេចហើយដើម្បីប្រយុទ្ធជាមួយក្រុម YPG នៅក្នុងប្រទេសស៊ីរី។
ក្រុមមន្ត្រីអាមេរិកាំងបានថ្លែងកាលពីចុងសប្តាហ៍កន្លងទៅនេះថា ប្រតិបត្តិការថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរពីការប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាមជ្រុលនិយម ទៅជាប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែនស្ថិតនៅភាគខាងជើងប្រទេសស៊ីរី៕