លោក​ Erdogan​ បង្កើន​ការ​គាំទ្រ​ដល់​អាស៊ែបៃហ្សង់​ក្នុង​ជម្លោះ​ដែន​ដី​ Karabakh

  • Dorian Jones

ទាហាន​អាមេនី​ឈរ​ជើង​នៅ​ជិត​ជួរ​មុខ​ក្នុង​តំបន់​ Nagorno-Karabakh ប្រទេស​អាស៊ែបៃ​ហ្សង់ កាល​ពី​ខែដើម​ខែ​មេសា ឆ្នាំ២០១៦។

ប្រធានាធិបតី​​តួកគី​ Erdogan​ ​ប្រកាន់​ជំហរ​រឹងប៉ឹង​កាន់​ទៅ​លើ​តំបន់​ Caucasus​ ក្រោយ​​មាន​ការ​ប្រយុទ្ធគ្នា​ចុង​ក្រោយ​​រវាង​​អាមេនី និង​អាស៊ែបៃហ្សង់ ទៅ​លើ​តំបន់​ Nagorno-Karabakh ដែល​មាន​ជម្លោះ។

ដោយ​មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ប្រទេស​រុស្ស៊ី​ ចក្រភព​អូតូម៉ាន (Ottoman) និង​ចក្រភព​ពែក​ (Persian empires) ប្រទេស​អាមេនី​ និង​អាស៊ែបៃហ្សង់​ មាន​ប្រវត្តិសាស្ត្រ​តាន​តឹង​ជាមួយ​គ្នា​យ៉ាង​យូរ​អង្វែង​មក​ហើយ​ គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ មក​ម្ល៉េះ​ នៅ​ពេល​ដែល​អាមេនី​បាន​ទាមទារ​ទឹកដី​នោះ​ប្រឆាំង​នឹង​ប្រទេស​អាស៊ែបៃហ្សង់។ ជា​លទ្ធផល​នៃ​សង្គ្រាម​ដែល​កើត​មាន​បន្ទាប់​មក​នោះ​ នៅ​ឆ្នាំ​១៩៩២ កងម្លាំង​ប្រដាប់​អាវុធ​អាមេនី​បាន​គ្រប់គ្រង​ទឹកដី​ប្រទេស​អាស៊ែបៃហ្សង់​២០​ភាគ​រយ​ បូក​រួម​ទាំង​តំបន់​ Nagorno-Karabakh​ និង​ស្រុក​ទាំង​៧​ដែល​នៅ​ជុំវិញ​នោះ។

នៅ​ដើម​ខែ​នេះ​ ការ​ផ្ទុះ​ឡើង​វិញ​នូវ​ជម្លោះ​ទាក់​ទិន​នឹង​ដែន​ដី​មួយ​ផ្នែក​ដែល​មាន​ជម្លោះ​នៅ​ Nagorno-Karabakh​ នេះ​ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពីសហគមន៍​អន្តរជាតិ​ ដោយ​មានប្រធានាធិបតី​តួកគី​ Erdogan ចេញ​មុខប្ដេជ្ញា​ថា​ នឹង​ប្រគល់​ដែន​ដី​នេះ​ទៅ​ឲ្យ​ប្រទេស​អាស៊ែបៃហ្សង់​វិញ។

អតីត​ឯកអគ្គ​រដ្ឋទូត​តួកគី​លោក​ Murat Bilhan​ ដែល​ជា​អនុប្រធាន​មជ្ឈមណ្ឌល​តួកគី-អាស៊ី​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អង់ការ៉ា​ និយាយ​ថា​ ការ​អត្ថាធិប្បាយ​របស់​លោក​ Erdogan គឺ​ដោយសារ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រយុទ្ធ​គ្នា​នា​ពេល​ថ្មីៗ​នេះ។

«ជម្លោះ​នេះ​បាន​ប៉ះ​លើ​ខ្សែ​ដែល​មាន​ភាព​រសើប​នៅ​ក្នុង​បេះដូង​របស់​ប្រជាជន​តួកគី​ ពីព្រោះ​ពួក​គេ​ជា​បង​ប្អូន​នឹង​គ្នា ហើយ​ពិត​ណាស់​ពួក​គេ​គាំទ្រ​ប្រទស​អាស៊ែបៃហ្សង់​ មិន​ថា​ពួក​គេ​ត្រូវ​ឬ​ខុស​ទេ។ ពួក​គេ​ទទួល​បាន​ការ​គាំទ្រ»។

អាស៊ែបៃហ្សង់​និង​តួកគី​តែង​តែ​និយាយ​សំដៅ​ដល់​តំបន់​នេះ​នៅ​ក្នុង​ប្រទេស​តួកគី​ថា​ជា​ «ប្រជាជន​តែ​មួយ​សម្រាប់​ប្រទេស​ពីរ»។ ការ​គាំទ្រ​លើ​ប្រទេស​អាស៊ែបៃហ្សង់​មាន​ភាព​ពុះ​កញ្ច្រោល​ខ្លាំង​ក្នុង​ចំណោម​អ្នក​ជាតិ​និយម​តួកគី​ និង​ជនជាតិ​ភាគតិច​តួកគី ដែល​ក្រុម​ទាំង​ពីរ​នេះ​គឺ​ជា​មូលដ្ឋាន​នៃ​ការ​គាំទ្រ​ដ៏​សំខាន់​សម្រាប់​ប្រធានាធិបតី។

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​លោក​ Cengiz Aktar នៃ​សាកលវិទ្យាល័យ​ Suleyman Sah ក្នុង​ក្រុង​Istanbul ​និយាយ​ថា​ ជាមួយ​នឹងលោក Erdogan កំពុង​ធ្វើការ​ជំរុញ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវអំណាច​ប្រធានាធិបតី​កាន់​តែ​មាន​ខ្លាំង​តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ​ ប្រធានាធិបតី​រូប​នេះ​កំពុង​តែ​សម្លឹង​ទៅ​រក​ការ​ពង្រឹង​មូលដ្ឋាន​បោះឆ្នោត​របស់​ខ្លួន។

«ប្រធានាធិបតី​តួកគី​កំពុង​ប្រើប្រាស់​អ្វី​មួយ​ និង​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​បញ្ចុះបញ្ចូល​អ្នក​បោះឆ្នោត​ដែល​មាន​ចរិក​ជាតិ​និយម​ ហើយ​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់​ ដែល​លោក​អាច​កេងចំណេញពីមនោសញ្ចេតនា​របស់​អ្នក​ជាតិ​និយម»។

លោក​ Erdogan​ ក៏​បាន​រិះគន់​ដល់​ប្រទេស​អាមេនី​ដែល​នៅ​ជិត​ខាង​ ដែល​លោក​បាន​ចោទ​ប្រកាន់​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប៉ះ​ទង្គិច​គ្នា​ចុងក្រោយ​ទៅ​លើ​តំបន់​ Nagorno-Karabakh។

ប្រទេស​អាមេនី​គឺ​ជា​ សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ ហើយ​អ្នក​វិភាគ​និយាយ​ថា​ តំបន់​Caucasus​ អាច​ក្លាយ​ជា​តំបន់​ចុង​ក្រោយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ភាព​តាន​តឹង​រវាង​ទីក្រុង​អង់ការ៉ា​ និង​ទីក្រុង​មូស្គូ។

លោក​ Erdogan បាន​ស្តី​បន្ទោស​ចំពោះ​បរាជ័យ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ការទូត​ដើម្បី​កាត់​បន្ថយ​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាលក្រុង​មូស្គូ វ៉ាស៊ីនតោន និង​ប៉ារីស។ ការ​អធិប្បាយ​បែប​នេះ​ ត្រូវ​បាន​បក​ស្រាយដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី​ថា​ រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​កំពុង​បើក​ទ្វារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ដោយ​ប្រើ​កម្លាំង​យោធា​ទៅ​លើ​ជម្លោះ​នៃ​ដែនដី​មួយ​ភាគ​នោះ។

ប៉ុន្តែ​លោក​ Sinan Ulgen​ ដែល​ជា​សាស្ត្រាចារ្យ​គោចរ​នៃ​វិទ្យាស្ថាន​ Carnegie​ និយាយ​ថា​ ការ​ធ្វើ​ដូច្នោះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​នៅ​ក្នុង​គោលនយោបាយ​របស់​ប្រទេស​តួកគី​ ហើយ​ដំណោះ​ស្រាយ​ដោយ​យោធា​នោះ​នឹង​ជួប​ការ​ប្រឆាំង​ផ្ទៃ​ក្នុង។

«វា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទិស​ដៅ​មួយ​ដែល​ខុស​ពី​មុន​ ហើយ​មាន​ភាព​សកម្ម​ ចំពោះ​អ្វី​ដែល​តួកគី​មាន​ឆន្ទៈ​ចង់​ធ្វើ។ ប៉ុន្តែ​វា​នៅ​តែ​មាន​ការ​ពិបាក​សម្រាប់​លោក​ Erdogan ខ្លួន​ឯង​ ក្នុង​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​សម្រាប់​ករណីមួយ​នេះ។ ពីព្រោះ​នៅ​ទីបញ្ចប់​ទៅ​ ស្ថាប័ន​របស់​ប្រទេស​តួកគី​ត្រូវ​ប្រុងប្រយ័ត្ន​ និង​យក​ចិត្ត​ទុកដាក់​ ហើយ​ត្រូវ​យល់​ពី​ផល​ប៉ះពាល់​កម្រិត​អន្តរជាតិ»។

លោក​ Ulgen​ ចង្អុល​បង្ហាញ​ថា​ លោក​ Erdogan ធ្លាប់​បាន​គំរាម​កំហែង​ថា​នឹង​ធ្វើ​អន្តរាគមន៍​ក្នុង​ប្រទេស​ស៊ីរី​ ប៉ុន្តែ​ត្រូវ​បាន​បង្ខំ​ឲ្យ​ដក​ថយ​វិញ​ នៅ​ចំពោះ​មុខ​ការ​ប្រឆាំង​ពី​សំណាក់​ក្រុម​ឧត្តមសេនីយ៍​របស់​លោក។ ទោះ​យ៉ាង​ណា អ្នក​ឃ្លាំ​មើល​មួយ​ចំនួន​និយាយ​ថា​ ដោយ​សារ​ប្រធានាធិបតី​នៅ​តែ​បន្ត​ព្យាយាម​ធ្វើ​ឲ្យ​អំណាច​ប្រធានាធិបតី​មាន​កាន់​តែ​ខ្លាំង​ជាង​មុន​ និង​កំពុង​បន្ត​យក​ចិត្ត​ទុកដាក់​លើ​មូលដ្ឋាន​អ្នក​បោះ​ឆ្នោត​ដែល​ជាតិ​និយម​នោះ​ ទំនង​ជា​នឹង​មាន​គោលនយោបាយ​ការបរទេស​តួកគី​មួយ​ដែល​មាន​លក្ខណៈ​ដាច់​ខាត​ជាង​មុន៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង