លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel និងក្រុមមន្រ្តីសហភាពអឺរ៉ុបដទៃទៀតនឹងធ្វើដំណើរទៅកាន់ប្រទេសតួកគីក្នុងសប្តាហ៍នេះ ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹងដែលបានកើនឡើង ចាប់តាំងពីភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែមុន ដើម្បីគ្រប់គ្រងចំនួនជនអន្តោប្រវេសន៍ដែលហូរចូលទៅកាន់អឺរ៉ុប។
នៅក្រោមកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ជិត៧ពាន់លានដុល្លារ ជនអន្តោប្រវេសន៍ដែលកំពុងតែស្ថិតនៅឆ្នេរសមុទ្ររបស់ប្រទេសក្រិកនឹងត្រូវបញ្ជូនឲ្យត្រឡប់ទៅកាន់ប្រទេសតួកគីវិញ ហើយជាថ្នូរនឹងការទទួលយកជនអន្តោប្រវេសន៍នេះ ប្រជាជនតួកគីនឹងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់អឺរ៉ុបដោយមិនបាច់មានទិដ្ឋាការ។
កិច្ចព្រមព្រៀងដែលត្រូវបានអនុវត្តកាលពី៣សប្តាហ៍មុននេះ ដំបូងឡើយមានគោលបំណងដើម្បីកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ដែលចូលមកកាន់ប្រទេសក្រិកដោយខុសច្បាប់។ ប៉ុន្តែនាពេលថ្មីៗនេះ ទូកនានាបានមកដល់ប្រទេសក្រិកដោយដឹកមនុស្សប្រហែល១៥០នាក់ជារៀងរាល់ថ្ងៃ។ នេះបើយោងតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ។
ទំនាក់ទំនងការទូតបានរើបឡើង បន្ទាប់ពីលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានព្រមានថា ប្រទេសរបស់លោកនឹងឈប់អនុវត្តទៅតាមកិច្ចព្រមព្រៀងនេះ ប្រសិនបើសហភាពអឺរ៉ុបមិនព្រមធ្វើតាមពាក្យសន្យារបស់ខ្លួន អនុញ្ញាតឲ្យពលរដ្ឋតួកគីអាចធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការទៅអឺរ៉ុបទេនោះ។
លោកស្រី Merkel និងមន្រ្តីការទូតដទៃទៀតបានសន្យាថានឹងលើកឡើងអំពីបញ្ហាទិដ្ឋាការនេះនៅពេលបន្ទាប់ ប៉ុន្តែលើកលែងតែប្រទេសតួកគីធ្វើទៅតាមកិច្ចព្រមព្រៀងនិងផ្តល់ជម្រកមានសុវត្ថិភាពដល់ជនភៀសខ្លួនជាមុនសិន។
អង្គការសិទ្ធិមនុស្ស រួមមានទាំងអង្គការ Amnesty International ផងនោះ បានចោទប្រកាន់យោធារបស់ប្រទេសតួកគីអំពីការបាញ់ប្រហារដោយខុសច្បាប់ទៅលើជនភៀសខ្លួនស៊ីរីនិងចាប់បញ្ជូនជនភៀសខ្លួនទាំងនោះទៅកាន់ប្រទេសដែលហែកហួរដោយសង្គ្រាមរបស់ពួកគេវិញ៕