អ្នកធ្វើការលើផ្នែកបរិស្ថានបានរិះគន់ខ្លាំងៗថាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មទាក់ទងនឹងការបង្ក្រាបបទល្មើសព្រៃឈើ និងជលផលក្នុងប្រទេស មិនមែនជាការបង្ហាញទំនួលខុសត្រូវក្នុងនាមជាស្ថាប័នរដ្ឋមួយ ។
ការរិះគន់របស់អ្នកតស៊ូមតិលើផ្នែកបរិស្ថានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទដែលជាការឆ្លើយតបនឹងអ្នករិះគន់មួយចំនួនទៅលើក្រសួងកសិកម្ម ជុំវិញបញ្ហាកាប់បំផ្លាញព្រៃឈើ ការបន្តនាំចេញឈើទៅក្រៅប្រទេស និងបទល្មើសនេសាទជាដើម។
លោករដ្ឋមន្ត្រីបញ្ជាក់ថាភារកិច្ចបង្ក្រាបបទល្មើសព្រៃឈើ ត្រូវបានប្រគល់ទៅដល់ថ្នាក់ក្រោម តាមច្បាប់ដែលរដ្ឋាភិបាលបានធ្វើកំណែទម្រង់កាលពីកន្លងទៅ។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជា(Cambodian Youth Network) បានប្រាប់ VOA នៅថ្ងៃអង្គារនេះថាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មគឺជាការមិនទទួលខុសត្រូវលើតួនាទីរបស់ខ្លួនទាល់តែសោះ ដោយលោកថាជាការព្យាយាមឆ្លើយដោះសារយករួចខ្លួន និងដាក់បន្ទុកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកថ្លែងថា៖ «នេះហាក់បីដូចជាមិនចង់ ឬមិនព្រមទទួលខុសត្រូវទៅលើបទល្មើសទាំងឡាយដែលបានកើតឡើង ពីព្រោះយើងដឹងហើយថាតួនាទី ហើយភារកិច្ចរបស់ក្រសួងកសិកម្មមានវិសាលភាពធំ ទូលាយ ក្នុងការគ្រប់គ្រងមើលថែទៅលើធនធានធម្មជាតិ។ ហើយការលើកឡើងយ៉ាងដូច្នេះហាក់បីព្យាយាមដាក់ការទទួលខុសត្រូវឲ្យទៅថ្នាក់ក្រោមជាតិ ហើយមន្ត្រីថ្នាក់ជាតិដែលទទួលខុសត្រូវខ្ពស់របស់ខ្លួន និងជាអ្នកសម្របសម្រួលនៅក្នុងផែននៃកិច្ចការពារព្រៃឈើនិងការពារធនធានមច្ឆជាតិនេះបែរជាព្យាយាមរុញឲ្យគេទទួលខុសត្រូវហើយបែរជាមិនចង់ទទួលខុសត្រូវខ្លួនឯង»។
លោក ហេង គឹមហុង បញ្ជាក់ថាការផ្ទេរអំណាចទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនេះអាចមានវិសាលភាពធំទូលាយជាងមុនក្នុងការបំពេញការងារ និងការចូលរួមបង្ក្រាបបទល្មើសនានាដែលកើតឡើងក្នុងដែនដីគ្រប់គ្រងរបស់ខ្លួន ប៉ុន្តែក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និងជលផលនេះក្រសួងកសិកម្មមិនគួរច្រានចោល និងទម្លាក់កំហុសទៅរដ្ឋបាលថ្នាក់ក្រោមជាតិនោះទេ ដោយសារក្រសួងកសិកម្មជាអ្នកជំនាញ ដូច្នេះត្រូវតែជាអ្នកទទួលខុសអំពីបញ្ហានេះ និងតួនាទីដែលរដ្ឋាភិបាលបានកំណត់ដោយច្បាប់។
លោកបន្ថែមថា៖ «គ្រាន់ជាវិធីសាស្ត្រធ្វើវិមជ្ឈការអំណាចបន្ថែមឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកមានសមត្ថកិច្ចកាន់តែច្រើនក្នុងការទទួលខុសត្រូវ និងទប់ស្កាត់បទល្មើស ជាពិសេសបទល្មើសកើតឡើងតាមបណ្តាមូលដ្ឋានពាក់ព័ន្ធជាមួយរឿងផ្សេងៗទាំងអស់ដែលបានកំណត់ដោយច្បាប់។ ប៉ុន្តែនិយាយយ៉ាងដូច្នេះ ក៏មិនមែនថាតួនាទីដែលបានផ្តល់ដោយច្បាប់ស្តីអំពីអង្គការរដ្ឋនីមួយៗ ហើយនិងច្បាប់ស្តីអំពីព្រៃឈើត្រូវបាននិរាករណ៍ឯណា។ មួយជាអនុក្រឹត្យដែលបំពេញបន្ថែមមុខងារឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិហើយមួយទៀតគឺជាច្បាប់ស្តីអំពីការទទួលខុសត្រូវយ៉ាងធំក្នុងក្របខណ្ឌប្រទេស»។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេងសាខុន បានសរសេរថាក្រសួងកសិកម្មបានពិនិត្យឃើញថាមានសារព័ត៌មាននិងសាធារណជនមួយចំនួនបានចុះផ្សាយអត្ថបទ និងបកស្រាយ«ដាក់បន្ទុកមកលើក្រសួងលើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសការបង្ក្រាបបទល្មើសព្រៃឈើនិងជលផល»។ លោកបញ្ជាក់ថាអ្នករិះគន់«មិនបានតាមដាន និងសិក្សាឲ្យបានច្បាស់លាស់ពីដំណើរការធ្វើកំណែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាល [ដែល]បានធ្វើឲ្យសាធារណជន មានការយល់ច្រឡំមកលើក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ»។
លោករដ្ឋមន្ត្រីបានយោងតាមឯកសារផ្លូវច្បាប់មួយចំនួន ដែលលោកថាជាការបែងចែកតួនាទីភារកិច្ចគ្នាលើបញ្ហានេះ រួមមានអនុក្រឹត្យឆ្នាំ២០១៤ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសារាចរណែនាំរបស់រដ្ឋាភិបាលឆ្នាំ២០១៦ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិដោយបានសម្រចប្រគល់សមត្ថកិច្ចដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីចាត់វិធានការឲ្យបានម៉ឺងម៉ាត់និងហ្មត់ចត់។
បើតាមអនុក្រឹត្យដែលរដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើង គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត គឺអភិបាលរាជធានីខេត្តជាប្រធាន មេបញ្ជាការ ឬមេបញ្ជាការរងយោធភូមិភាគដែលប្រតិបត្តិការក្នុងដែនសមត្ថកិច្ចរបស់រាជធានីខេត្ត ជាអនុប្រធាន។ ចំណែកប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរបរិស្ថាននិងអ្នកពាក់ព័ន្ធផ្សេងទៀតជាសមាជិកតែប៉ុណ្ណោះ។
លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើម្នាក់ បានប្រាប់ VOA នៅថ្ងៃអង្គារនេះ ដោយរិះគន់ទាំងក្រសួងកសិកម្ម និងក្រសួងបរិស្ថានថា«មិនដែលទទួលខុសត្រូវម្តងណាឡើយ»ចំពោះការកាប់បំផ្លាញព្រៃឈើ ការបាត់បង់ព្រៃឈើ ជាពិសេសការដឹកជញ្ជូនឈើទៅលក់នៅក្រៅប្រទេស។ លោកបញ្ជាក់ថាការដឹកជញ្ជូនឈើចេញពីប្រទេសកម្ពុជាភាគច្រើនគឺដោយសារតែមានលិខិតចេញពីក្រសួងកសិកម្មផ្ទាល់តែម្តង។
លោកបានថ្លែងថា៖ «យើងមើលឃើញថាក្រសួងកសិកម្មរាល់ការប្រមូលឈើរាល់ការប្រមូលពន្ធចេញពីឈើ គឺគេបង់ទៅឲ្យក្រសួងកសិកម្ម។ ហើយក្រសួងកសិកម្ម គឺចារ[អនុញ្ញាត] អ្នកក្តោបក្តាប់លុយហ្នឹង។ ប៉ុន្តែដល់តែពេលបាត់បង់ព្រៃឈើ ខុសច្បាប់ ដល់ពេលវែកញែកចំពោះអ្នកទទួលខុសត្រូវលើការបាត់បង់ព្រៃឈើ បែរជាទាត់ចោល បែរជាបដិសេធថាខ្លួនមិនមានតួនាទី»។
លោកបន្ថែមថា៖ «គាត់គឺជាអ្នកអនុញ្ញាតឲ្យគេស៊ីញ៉េឲ្យគេកាប់បំផ្លាញព្រៃឈើផ្តល់ដីសម្បទានឲ្យគេប៉ុន្តែដីសម្បទានទាំងអស់នោះមិនឃើញមានការអភិវឌ្ឍអ្វីឲ្យសមស្រម ឲ្យវាសមល្មមទៅនឹងអ្វីដែលជាប់កិច្ចសន្យាជាមួយគ្នានោះទេ។ ក្រៅពីកាប់ព្រៃហើយយកព្រៃទៅលក់ហើយទុកដីទំនេរចោលដោយមិនឲ្យមានប្រជាពលរដ្ឋណាទៅប៉ះពាល់ទេថែមទាំងបណ្តេញប្រជាពលរដ្ឋចេញព្រៃហ្នឹងទៀតហើយបែរជាចុងក្រោយឲ្យកាត់ទៅឲ្យឧកញ៉ានេះឧកញ៉ានោះជាដើម។ ក្រៅពីកាត់ដីឲ្យឧកញ៉ាហើយ[គឺ]ឲ្យឧកញ៉ាមានលទ្ធភាពរកស៊ីក្នុងការកាប់បំផ្លាញព្រៃឈើថែមទៅទៀត។ អាហ្នឹងហើយដែលជាការទទួលខុសត្រូវធំបំផុតរបស់ក្រសួងកសិកម្ម»។
VOA បានទាក់ទងសុំការបំភ្លឺបន្ថែមពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម តាមប្រព័ន្ធតេឡេក្រាម ប៉ុន្តែលោកមិនបានឆ្លើយនឹងសំណួរនោះទេ ដោយគ្រាន់តែផ្ញើអនុក្រឹត្យដែលលោកបានយោង។ លោកបានថ្លែងយ៉ាងខ្លីថារដ្ឋាភិបាលបានឈប់ផ្តល់ដីសម្បទានសេដ្ឋកិច្ច តាំងពីឆ្នាំ២០១២មកម្ល៉េះ។
អ្នកធ្វើការលើផ្នែកបរិស្ថានបានរិះគន់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន ដោយថាវានាំឲ្យមានការកាប់បំផ្លាញព្រៃឈើ និងជម្លោះដីធ្លីយ៉ាងច្រើនក្នុងប្រទេសកម្ពុជា។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឲ្យយកឯកសារដែលរដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហោះនៅលើហ្វេសប៊ុកមកមើល ពេល VOA ទាក់ទងទៅនៅថ្ងៃអង្គារនេះ។ លោកបន្ថែមថាការបង្ក្រាបបទល្មើសព្រៃឈើ ជាការចូលរួមសហការគ្នារវាងកម្លាំងរបស់រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មខេត្តដែលលោកថាជារឿងល្អមួយ។
គួរបញ្ជាក់ថាកាលពីចុងឆ្នាំ២០១៦ រដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយលោកសៅ សុខា ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់ប្រាប់ VOA កាលពីចុងខែមិថុនាថាគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ និងការនាំចេញឈើទៅក្រៅប្រទេស ជាបន្តបន្ទាប់ហើយគណៈកម្មការនេះប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបបទល្មើសទាំងអស់នេះបន្តទៀត៕