ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានការពារគម្រោងអភិរក្សព្រៃឡង់របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ក្រោយសមាជិកបណ្តាញសហគមន៍ព្រៃឡង់ (PLCN) មួយចំនួន បានរិះគន់គម្រោងនេះយ៉ាងចាស់ដៃថាធ្វើឡើងដោយគ្មានការពិគ្រោះយោបល់ជាមួយប្រជាសហគមន៍។
កាលពីដើមសប្តាហ៍នេះ ក្រុមសមាជិកបណ្តាញសហគមន៍ព្រៃឡង់ចំនួន ៨ រូបបានចោទប្រកាន់ USAID ថាបានយកឈ្មោះពួកគេនិងទិញអតីតសមាជិកបណ្តាញសហគមន៍ទៅបម្រើប្រយោជន៍គម្រោងមួយ ដោយផ្តោតលើការអភិរក្សព្រៃឈើក្នុងតំបន់ព្រៃឡង់ ដែលជាគម្រោងផ្តល់ការ «គាំទ្រដល់ជីវចម្រុះព្រៃឈើនិង ព្រៃឡង់បៃតង»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ពួកគេ។
ជាការឆ្លើយតប ក្នុងសារអ៊ីមេលមួយលោក Chad Roedemeier អ្នកនំាពា្យស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការកាប់បំផ្លាញព្រៃឈើដែលនៅបន្តក្នុងតំបន់ការពារនានារបស់ប្រទេសកម្ពុជា។
លោក Chad បានថ្លែងកាលពីថ្ងៃពុធថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានរួមចំណែកជាមួយអង្គការសហគមន៍ផ្សេងៗ ដើម្បីពិភាក្សាលើកិច្ចការអាទិភាពរួមគ្នានៃការការពារសម្រស់ធម្មជាតិព្រៃឡង់។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកលើកឡើងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រធានទីភ្នាក់ងារ USAID និងអ្នកអនុវត្តគម្រោងព្រៃឡង់បៃតងបានជួបជាមួយសមាជិកសហគមន៍ ក្នុងឱកាសជាច្រើនហើយបន្តស្វាគមន៍និងលើកទឹកចិត្តឲ្យមានកិច្ចសន្ទនាប្រកបដោយផ្លែផ្កា។ លោកពន្យល់ថា គម្រោងព្រៃឡង់បៃតងត្រូវបានបង្កើតឡើង ដើម្បីរាប់បញ្ចូលការចូលរួមខ្លាំងក្លារបស់សហគមន៍មួយ និងបង្កើនការគាំសម្រាប់ការល្បាតព្រៃរួមគ្នា។
លោក Chad ផ្តល់ការអធិប្បាយថា៖ «វាជាក្តីសង្ឃឹមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបណ្តាញសហគមន៍និងក្រសួងបរិស្ថាន ហើយនិងអ្នកពាក់ព័ន្ធឯទៀត នឹងធ្វើការជាមួយគ្នាលើគោលដៅរួមនៃការការពារព្រៃឡង់។ ទីភ្នាក់ងារ USAID ត្រៀមរួចរាល់ នឹងជួយសម្រួលឲ្យមានការសន្ទនាគ្នាណាមួយនោះ»។
ក៏ប៉ុន្តែក្នុងលិខិតចំហរបស់សមាជិកបណ្តាញសហគមន៍ព្រៃឡង់ ចេញផ្សាយជាសាធារណៈតាមបណ្តាញសង្គម កាលពីថ្ងៃចន្ទ ទីភ្នាក់ងារ USAID ត្រូវបានចោទប្រកាន់ថា មិនដែលមកធ្វើការផ្ទាល់ជាមួយបណ្តាញសហគមន៍ម្តងណាទេ។
ពួកគេសរសេរថា៖ «USAID មិនដែលបានសួរយើងខ្ញុំថា តើយើងខ្ញុំយល់ព្រមនឹងអ្វីដែល USAID កំពុងធ្វើនៅលើព្រៃដូនតារបស់យើងឡើយ»។
ក្រុមសមាជិកបណ្តាញសហគមន៍ព្រៃឡង់បានលើកឡើងទៀតថា បណ្តាញសហគមន៍បានស្នើសុំជួបប្រជុំជាមួយ USAID ជាច្រើនដង ប៉ុន្តែការប្រជុំភាគច្រើនតែងតែពន្យារពេល ឬលុបចោលនៅក្នុងហេតុផលផ្សេងៗ។ ពួកគេថា ក្នុងកិច្ចប្រជុំដែលត្រូវបានអញ្ជើញដោយ USAID គឺកំណត់ត្រឹមជាលក្ខណៈបុគ្គលរបស់បណ្តាញ ១ នាក់ឬ ២ នាក់ ក្រោមហេតុផលការរិយាល័យរបស់ USAID មិនធំទូលាយគ្រប់គ្រាន់ ដើម្បីអញ្ជើញបណ្តាញមកពីខេត្តចំនួន៤ឡើយ។
បណ្តាញសហគមន៍ព្រៃឡង់បន្ថែមថា៖ «នេះមិនមែនជារបៀបដែលយើងខ្ញុំធ្វើការនោះទេ។ យើងខ្ញុំធ្វើការងារជាបណ្តាញ ហើយមិនមែនជាបុគ្គលដែលអ្នកអាចទិញដូរ ឬបំភិតបំភ័យបានឡើយ»។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ប្រចាំខេត្តក្រចេះ លោក ស្វាយ សុង អាយុ ៥៧ ឆ្នាំ ប្រាប់វីអូអេកាលពីពុធថា បណ្តាញរបស់លោកមិនធ្លាប់មានការជជែក ជាមួយតំណាងណាមួយរបស់ទីភ្នាក់ងារ USAID ទេ។
«មិនដែលឃើញគាត់មកប្រជុំពិភាក្សាទេ តែឃើញចេញសេចក្តីថ្លែងការណ៍ថា បានសហគមន៍ព្រៃឡង់ទាំង ៤ ខេត្ត បានចួលរួមជាមួយនឹងបរិស្ថាន។ អ៊ីចឹងបានខ្ញុំអះអាងថា វាអត់មានទេពីព្រោះបណ្តាញសហគមន៍ព្រៃឡង់ទាំង ៤ ខេត្តនេះ មានន័យថា បើសិនជាអង្គការផ្សេងៗ គាត់មកសហការជាមួយ ឬក៏បរិស្ថានគាត់មកសហការជាមួយអី គឺបានចូលរួម។ តែបើគ្រាន់តែគាត់ចេះតែនិយាយទេ ហើយគាត់បានមកសហការជាមួយពួកខ្ញុំទេ អានេះខ្ញុំធ្វើការបដិសេធហើយ»។
លោកបន្ថែមថា បណ្តាញសហគមន៍ព្រៃឡង់នៅរក្សាជំហរក្នុងការបានធ្វើជាដៃគូការពារព្រៃឈើជាមួយក្រសួងបរិស្ថាន តាមរយៈគម្រោងរបស់ទីភ្នាក់ងារ USAID។
«អ្វីដែលពួកសហគមន៍ យើងខ្ញុំចង់បាន គឺចង់បានការសហការគ្នាជាមួយក្រសួងបរិស្ថានហ្នឹង ហើយព្រោះកន្លងទៅមិនដែលបានសហការទេគឺ ២ ឆ្នាំហើយ។ បាទ ២ ឆ្នាំហើយ គេបិទយើង គេមិនឲ្យយើងចូលរួមការពារទេ ប៉ុន្តែពួកខ្ញុំក្នុងលិខិតចំហហ្នឹង មានន័យថា យើងចង់សហការជាមួយគាត់ជាបន្តបន្ទាប់ ដើម្បីធ្វើការការពារព្រៃឡង់របស់យើង»។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ថ្លែងថា ក្រសួងបរិស្ថាននិងទីភ្នាក់ងារ USAID កំពុងអនុវត្តគម្រោងព្រៃឡង់បៃតង ដែលមានរយៈពេល ៥ ឆ្នាំ គឺគិតចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ ដែលមានថវិកាសរុបជាង ២១ លានដុល្លារអាមេរិក។ លោកបន្តថា បណ្តាញសហគមន៍នេះត្រូវធ្វើយ៉ាងណាឲ្យមានការទទួលស្គាល់តាមផ្លូវច្បាប់ដោយរដ្ឋាភិបាលជាមុនសិន ទើបអាចចូលរួមអភិរក្សព្រៃឡង់បាន។
«អ្វីដែលយើងបំពេញការងាររាល់ថ្ងៃនេះ គឺយើងបានផ្តោតសំខាន់ទៅលើផលប្រយោជន៍នៃការការពារធនធានធម្មជាតិ និងជីវចម្រុះដែលយើងមានហើយការបង្កការអុកឡុកណាមួយរបស់ក្រុមសកម្មជននយោបាយនេះ គឺជាកិច្ចការងារមួយដែលយើងជឿជាក់ថា មានតែច្បាប់ទេដែលអាចអនុវត្តទៅលើពួកគាត់បាន ហើយសំខាន់សម្រាប់ក្រសួងបរិស្ថាន យើងផ្តោតទៅលើកិច្ចការងារដែលយើងបាននិងកំពុងតែធ្វើ គឺការការពារនិងអភិរក្សធនធានធម្មជាតិ ដែលយើងមាន»។
លោក នេត្រ ភក្រ្តា ឲ្យដឹងថា ព្រៃឈើដែលស្ថិតក្នុងតំបន់ការពារមានទៅដល់ ៧,៣ លានហិកតា ហើយលោកបានចោទបណ្តាញព្រៃឡង់ថាជា «ក្រុមជនដែលមិនគោរពច្បាប់»។
តំបន់ព្រៃឡង់មានផ្ទៃដីប្រមាណ ៥០ ម៉ឺនហិកតា ដោយគ្របដណ្តប់ខេត្តចំនួន ៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង៕