គ្រួសារ​សកម្មជន​បរិស្ថាន​ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​មិន​ឱ្យ​យក​សៀវភៅ​និង​ប៊ិក​ឱ្យ​អ្នក​ជាប់​ឃុំ

រូបឯកសារ៖ កញ្ញា ភួង កែវរស្មី សកម្មជនមាតាធម្មជាតិ ឈរនិយាយនៅមុនពេលចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

សាច់​ញាតិ​សកម្ម​ជន​បរិស្ថាន​លើក​ឡើង​ថា ​មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​មិន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​យក​សៀវភៅ ​និង​ប៊ិក​ឱ្យ​កញ្ញា ​ភួន កែវរស្មី ​ដើម្បី​ប្រើ​ប្រាស់​ក្នុង​ពន្ធនាគារ។​

កញ្ញា ​ភួន កែវរស្មី​ គឺ​ជា​សកម្ម​ជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ​ម្នាក់​ក្នុង​ចំណោម​ ១០ ​នាក់ ​ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៦​ឆ្នាំ ​ទៅ ​៨​ឆ្នាំ​ពី​បទ​«ប្រមាថ​ព្រះ​មហា​ក្សត្រ​ និង​រួម​គំនិត​ក្បត់» ​កាលពី​ខែកក្កដា​ ឆ្នាំ​ ២០២៤ ​ដោយ​ក្នុង​នោះ ​មនុស្ស​ ៥​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន ​និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ចំនួន​ ៥ ​ខុសៗ​គ្នា ​ដោយ​កញ្ញា ​ភួន កែវរស្មី​ ត្រូវ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់។ ​

បង​ប្រុស​របស់​កញ្ញា ​ភួន កែវរស្មី ​គឺ​លោក ​ភួន ពុទ្ធារិទ្ធ ​អាយុ​៣២​ឆ្នាំ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ បន្ទាប់​ពី​ប្អូន​ស្រី​របស់​លោក​ជាប់​ពន្ធនាគារ​តាំងពី​ដើម​ខែ​កក្កដា​មក​ មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​យក​សម្ភារៈ​ហូប​ចុក​ផ្សេងៗ​ឱ្យ​រស្មី​បាន​ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ផ្តល់​សម្ភារៈ​ដូច​ជា​សៀវភៅ ​ប៊ិក ឬ​ខ្មៅ​ដៃ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«សម្ភារៈ​ផ្សេងៗ​បាន​ទាំង​អស់​ លើក​លែង​តែ​សៀវភៅ​សរសេរ ​ខ្មៅ​ដៃ ​ប៊ិក សូម្បី​តែ​គូល័រ​សម្រាប់​ផាត់។ ​ខ្ញុំ​ទិញ​សៀវ​ភៅ​សម្រាប់​ផាត់​ពណ៌​អី​អ៊ីចឹង។ ​អ៊ីចឹង​យើង​យក​គូល័រ​ទៀន គូល័រ​អី​ផ្សេងៗ ​កុំឱ្យ​គាត់ ​Stress​ [តានតឹង]​ ហ្នឹង ​ក៏​គេ​អត់​[យក​ចូល​ឱ្យ​រស្មីដែរ]។ ​និយាយ​ទៅ​ អ្វី​ដែល​អាច​គូស​បាន»។​

លោក​បន្ថែម​ថា ​រហូត​មក​ដល់​ពេល​នេះ ​មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​នៅ​តែ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​យក​សម្ភារៈ​ដែល​អាច​សរសេរ​ ឬ​គូស​វាស​ទាំង​នោះ​ឱ្យ​រស្មី​ដដែល។​

លោក​បន្ថែម​ថា៖​ «គឺ​គេ​នៅ​តែ​អត់​ឱ្យ​យក​ចូល​អ៊ីចឹង។ ​និយាយ​ទៅ​ គេ​អត់​មាន​ហាម​អី​ទេ។​ គេ​ឱ្យ​យើង​យក​មក​វិញ»។​

លោក ​ភួន ពុទ្ធារិទ្ធ ​បន្ថែម​ថា​ កញ្ញា ​ភួន កែវរស្មី ​បាន​ផ្តាំ​លោក​ឱ្យ​សំណូម​ពរ​ទៅ​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ ​និង​អន្តរជាតិ ​អង្គការ​សហ​ប្រជាជាតិ ​និង​ស្ថានទូត​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​ ចុះ​ទៅ​សួរ​សុខ​ទុក្ខ​នាង​ និង​សកម្ម​ជន​ផ្សេង​ទៀត​ ដើម្បី​ដឹង​អំពី​ស្ថានភាព​រស់​នៅ​ជាក់ស្តែង​ក្នុង​ពន្ធនាគារ ​និង​ដើម្បី​ឱ្យ​មន្ត្រី​ពន្ធនាគារ​ផ្តល់​សិទ្ធិ​ពេញ​លេញ​ដល់​ពួក​គេ។​

លោក​ ភួន ពុទ្ធារិទ្ធ ​ក៏​បាន​សំណូម​ពរ​ទៅ​តុលាការ​ឱ្យ​ដោះ​លែង​ប្អូន​ស្រី​របស់​លោក​ឱ្យ​មាន​សេរីភាព​ ព្រោះ​លោក​ថា ​កញ្ញា ភួន កែវរស្មី ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ឡើយ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ អ៊ី សំអុល​ ប្រធាន​ពន្ធនាគារ​ខេត្ដ​ពោធិ៍សាត់​បាន​នៅ​ឡើយ​ទេ។​

អ្នក​នាំ​ពាក្យ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ លោក ​នុត សវនា ​ប្រាប់​វីអូអេ​ថា​ ពន្ធនាគារ​មិន​មាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​ហាម​ឃាត់​សម្ភារៈ​ទាំង​នោះ​ទេ។​ ប៉ុន្តែ​លោក​ថា​ ករណី​មួយ​នេះ លោក​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«បទបញ្ជា​ផ្ទៃ​ក្នុង​[របស់]​យើង ​គឺ​យើង​អត់ហាម​ទេ ​របស់​អស់​ហ្នឹង»។​

លោក ​នុត សវនា ​បន្ថែម​ថា ​ការ​យក​ប៊ិក​ ឬ​ក្រដាស​ ផ្តល់​ឱ្យ​សាច់​ញាតិ​ជាប់​ឃុំ ​ហាក់​បី​ដូចជា​ចម្លែក ​ទើប​មន្ត្រី​ពន្ធនាគារ​យល់​ថា​ ​មិន​ចាំបាច់​ ក៏​ប្រគល់​សម្ភារៈ​ទាំង​នោះ​ឱ្យ​ក្រុម​គ្រួសារ​វិញ។​

លោក​បន្ត​ថា៖ ​«ធម្មតា​បើ​យើង​យក​ពី​ក្រៅ​មក​ ​បើ​ម្ហូប​អាហារ​ ឬ​ថ្នាំ​សង្កូវ​ យើង​អនុញ្ញាត។​ ប៉ុន្តែ​ប៊ិក ​ក្រដាស​អី​ ដូចជា​ចម្លែក​ អ៊ីចឹង​ទៅ​ប្រហែល​ជា​មន្ត្រី​ គាត់​គិត​ថា​ វា​មិន​ចាំបាច់ ​អ៊ីចឹង​គាត់​ប្រគល់​ឱ្យ​វិញ​ទៅ»។

រូបឯកសារ៖ ក្រុមសកម្មជន​ចលនា​មាតា​ធម្មជាតិ​អង្គុយ​រងចាំ​ការប្រកាស​សាលក្រមនៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)

កញ្ញា ​ភួន កែវរស្មី ​ក៏​ជា​សកម្ម​ជន​បរិស្ថាន​ម្នាក់​របស់​ចលនា​មាតា​ធម្មជាតិ​ចំនួន​ ៥​នាក់​ផ្សេង​ទៀត​ដែល​ធ្លាប់​ជាប់​ឃុំ​កាល​ពី​ដើម​ឆ្នាំ​ ២០២១។​ ក្រោយ​ចេញ​ពី​ពន្ធនាគារ ​ពួកគេ​បាន​សរសេរ​សៀវភៅ​រួម​គ្នា​មួយ​ក្បាល​មាន​ចំណង​ជើង​ថា​«មនុស្ស​ដែល​គេ​យក​ទៅ​កែប្រែ»។ ​សៀវភៅ​កម្រាស់​ជាង​ ៣០០​ទំព័រ នេះ​បង្ហាញ​អំពី​រឿង​រ៉ាវ​នៃ​ការ​ចាប់​ខ្លួន ​និង​បទ​ពិសោធន៍​របស់​ពួកគេ​ពេល​ស្ថិត​ក្នុង​ពន្ធនាគារ។​

លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លើក​ឡើង​ថា ​ប្រសិន​បើ​មន្ត្រី​ពន្ធនាគារ​ហាមឃាត់​មិន​ឱ្យ​យក​សម្ភារៈ​សិក្សា​ ដូចជា​សៀវភៅ ​ប៊ិក ​ទៅ​ឱ្យ​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ នោះ​គឺ​ការ​រំលោភ​សិទ្ធិ​របស់​អ្នក​ជាប់​ឃុំ​ ដោយ​សារ​ពួកគេ​ក៏​មាន​សិទ្ធិ​រៀន​សូត្រ​ដូច​មនុស្ស​ទូទៅ​ដែរ។ ​លោក​ថា​ ករណី​បែប​នេះ​មិន​គួរ​ឱ្យ​កើត​មាន​នោះ​ទេ។ ​

លោក​ប្រាប់​វីអូអេ​ថា៖​ «សិទ្ធិ​អ្នក​ជាប់ឃុំ ​គឺ​គាត់​អស់​សិទ្ធិ​តែ​មួយ​ទេ ​គឺ​សិទ្ធិ​ដែល​តុលាការ​ត្រូវ​បាន​ដក​ហូត ​ជាពិសេស​សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរ​ហើរ។ ​អ៊ីចឹង​សិទ្ធិ​សេរីភាព​ដែល​គ្មាន​ការ​ដកហូត​ដោយ​តុលាការ​ គឺ​គាត់​មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ»។​

សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ​ផ្សេង​ទៀត​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ផ្សេងៗ​គ្នា​ រួម​មាន​លោក​ ថុន​ រដ្ឋា​ ជាប់​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​ (ម៣) ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​លោក ​លី ចាន់ដារ៉ាវុត ​ជាប់​ឃុំនៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​ លោក​ ​យីម​ លាងហ៊ី ​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ​និង​កញ្ញា ​ឡុង​ គន្ធា​ ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។​

អង្គការ​លីកាដូ​ បាន​ចាត់​ទុក​ថា ​ការ​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​កាន់​ពន្ធនាគារ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​ និង​មេធាវី​បែប​នេះ​ជា​ការ​រំលោភ​បំពាន​សិទិ្ធ​ជន​ជាប់​ឃុំ។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​លើ​គេហទំព័រ​របស់​អង្គការ​នេះ ​កាលពី​ថ្ងៃទី ​៣ ​ខែ​កក្កដា។​ ​

គិត​ចាប់​ពីថ្ងៃ​ចាប់​ខ្លួន ​សកម្ម​ជន​បរិស្ថាន​ទាំង​នោះ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​ជាង​២​ខែ​មក​ហើយ​ ខណៈ​ក្រុម​គ្រួសារ​របស់​ពួកគេ​ទទូច​ឱ្យ​មាន​ការ​ដោះលែង ​និង​ស្នើ​ឱ្យ​ផ្ទេរ​សាច់​ញាតិ​មក​ពន្ធនាគារ​ព្រៃស ​ឬ​មណ្ឌល​អប់រំ​កែប្រែ​ ម២ ​វិញ ​ដើម្បី​ងាយ​ស្រួល​សួរ​សុខ​ទុក្ខ។​

អ្នកស្រី ​គង់ ​ម៉ានិត ​ម្ដាយ​របស់​កញ្ញា​ ភួន​ កែវរស្មី​ ប្រាប់​វីអូអេ​ថា៖ ​«សង្ឃឹម​ថា​ គេ​ប្តូរ​ទីតាំង​ឱ្យ​គាត់​មក​នៅ​ភ្នំពេញ​វិញ​ជិត​បង​ប្អូន​ ជិត​សាច់​ញាតិ​ ជិត​មិត្ត​ភ័ក្ត្រ​ ស្រួល​គេ​ទៅ​សួរ​សុខទុក្ខ ​ទិញ​របស់​របរ​ឱ្យ​ញាំ»។​

អ្នកស្រី ​នៅ​តែ​ចាត់​ទុក​ថា ​សកម្ម​ភាព​របស់​កូនស្រី​ដែល​ការពារ​បរិស្ថាន​គឺ​ជា​រឿង​ត្រឹម​ត្រូវ។​

អ្នកស្រី​បន្ថែម​ថា៖​ «ខ្ញុំ​គិត​ថា​ គាត់​ធ្វើ​ត្រូវ។ ​គាត់​ធ្វើ​ការ​ងារ​សង្គម។​ គាត់​ស្រឡាញ់​សង្គម​ ស្រឡាញ់​ការងារ​បរិស្ថាន។​ ខ្ញុំ​ជា​ម្តាយ​ ក៏​ខ្ញុំ​គាំទ្រ​កូន​ដែរ។​ កូន​ធ្វើ​ល្អ ​ខ្ញុំ​ក៏​គាំទ្រ​អំពើ​ល្អ​របស់​គាត់ ។ ​បើ​គាត់​ធ្វើ​ខុស​ក៏​ខ្ញុំ​មិន​ឯកភាព»។​

ចំណែក​អ្នកស្រី​ ប៉ាត់ ​រស្មី ​ភរិយា​របស់​លោក​ ថុន រដ្ឋា​ ក៏​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ស្វាមី​របស់​អ្នកស្រី​ ដែល​ត្រូវ​បាន​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ​(ម៣) ​ខេត្ត​ត្បូងឃ្មុំ ​មក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​ដែរ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖​ «បើទោះ​បី​ជា​នៅ​ត្រពាំង​ផ្លុង​មាន​បរិយាកាស​ល្អ​ក៏​ពិត​មែន​ល្អ​ជាង​នៅ​ភ្នំពេញ ​ក៏​ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​ឱ្យ​ស្វាមី​របស់​ខ្ញុំ​ផ្លាស់​មក​នៅ​ភ្នំពេញ​ដែរ​ ព្រោះ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ខ្ញុំ​ទៅ​សួរ​សុខ​ទុក្ខ​ ហើយ​គាត់​ក៏​មាន​ភាព​កក់​ក្តៅ​ដែរ​ នៅ​ពេល​ប្រពន្ធ​បាន​ទៅ​សួរ​សុខទុក្ខ​គាត់​បាន​ញឹក​ញាប់»។​

ចំណែក​ភរិយា​របស់​លោក ​យីម​ លាងហ៊ី​ គឺ​អ្នកស្រី​ ហុក ស្រីម៉ៅ ​នៅតែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​សម្រាប់​សកម្ម​ជន​ចលនា​មាតា​ធម្ម​ជាតិ។​

អ្នកស្រី ​ហុក ស្រីម៉ៅ ​ប្រាប់​វីអូអេ​ថា៖​ «មែន​ទែន​ទៅ ​ខ្ញុំចង់​ឃើញ​យុត្តិធម៌​សម្រាប់​ពួក​គាត់។​បើ​ត្រឹម​នេះ ​ចង់​និយាយ​ថា ​តុលាការ​កាត់​សេចក្តី​ត្រឹម​នេះ ​អត់​ទាន់​បាន​យុត្តិធម៌ ​អ៊ីចឹង​ខ្ញុំ​នៅ​តែ​ទាមទារ​ចង់​បាន​យុត្តិធម៌​សម្រាប់​ពួកគាត់ ​ទាំង​៤ ​ទាំង​៥​នាក់​ហ្នឹង»។​

លោក ​នុត សវនា ​អ្នកនាំ​ពាក្យ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ បញ្ជាក់​ថា ​ការ​ផ្ទេរ​អ្នក​ជាប់​ឃុំ​ទៅ​ទីតាំង​ផ្សេង​បាន​ លុះត្រា​តែ​មេធាវី​ការពារក្តី​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើប​សួរ៕​