ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល៖ ការ​ផ្តន្ទាទោស​លើ​សកម្មជន​មាតា​ធម្មជាតិ​គឺ​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​ចំពោះ​ប្រព័ន្ធយុត្តិធម៌


ក្រុមសកម្មជន​ចលនា​មាតា​ធម្មជាតិ​អង្គុយ​រងចាំ​ការប្រកាស​សាលក្រម​​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)
ក្រុមសកម្មជន​ចលនា​មាតា​ធម្មជាតិ​អង្គុយ​រងចាំ​ការប្រកាស​សាលក្រម​​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​៥០ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ ចាត់​ទុក​ការ​ផ្តន្ទាទោស​លើ​សកម្មជន​មាតា​ធម្មជាតិ​ថា​ជា​«រឿង​គួរ​ឱ្យ​អាម៉ាស់»ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោល​ការ​ផ្តន្ទាទោស​និង​បញ្ឈប់​ការ​ចំណាយ​ធនធាន​ សម្រាប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​គំរាមកំហែង​ និង​ដាក់​ទោស​ទៅ​លើ​ពួក​គេ​បន្ត​ទៀត​។ ពួកគេ​ក៏​បាន​រិះគន់​ការ​ឃុំខ្លួន​សកម្មជន​ទាំងនោះ​ នៅ​ទីតាំង​ផ្សេង​ៗ​គ្នា ក្រោយ​ការ​ប្រកាស​សាល​ក្រម​របស់​តុលាការ​កាល​ពី​ថ្ងៃអង្គារ​។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិមនុស្ស​លីកា​ដូ​ លោក អំ សំអាត ប្រាប់​វីអូអេថា ការ​ផ្តន្ទា​ទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ដោយ​បំបែក​ពួកគេ​ឱ្យ​នៅ​ឆ្ងាយ​ពី​គ្នា​ និង​ឆ្ងាយ​ពី​គ្រួសារ​គឺ​ជា​ ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ពួក​គេ​ ហើយ​ក៏​អាច​ជា​សារ​មួយ​ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​សកម្ម​ជន​ដទៃ​ទៀត​ដែរ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូផ្តល់បទសម្ភាសន៍ក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូផ្តល់បទសម្ភាសន៍ក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក​ថ្លែងថា​៖«ការ​ផ្តន្ទាទោស​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជា ទណ្ឌកម្ម​មួយ​សម្រាប់​ពួកគាត់ ហើយ​ការ​បញ្ជូន​ទៅ​ឆ្ងាយ​ជា​ទណ្ឌកម្មផ្លូវ​ចិត្ត​មួយ​ទៀត​សម្រាប់​ពួកគាត់​ផង​ដែរ...យើង​មើល​ទៅ​នេះ គឺ​ជា​រូបភាព​មួយ​ទៀត​ដែរ បើ​យើង​មើល​ទៅ​វា​ជា​ ការ​បំបាក់​ទៅ​លើ​យុវជន​ផ្សេងៗ​ទៀត​សម្រាប់​ការ​ចូល​រួម​ក្នុង​កិច្ចការ​ពារ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ សកម្ម​ដូច​ពួកគាត់»។

អង្គការ​លីកាដូ​(LICADHO)ស្ថិត​នៅក្នុង​ចំណោម​អង្គការ​សង្គមស៊ីវិល​ដែល​បាន​ចេញសេចក្តី​ថ្លែង​ការណ៍​រួម​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ដែល​មាន​ដូចជា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស(CENTRAL)មជ្ឈម​ណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) ​សមា​គម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) និង​សហគមន៍​ដែល​ប្រឈម​នឹង​បញ្ហាដីធ្លី​នៅ​តាម​បណ្តា​ខេត្ត​នានា​។​

អង្គការ​សង្គមស៊ីវិល​ និងសហគមន៍ដីធ្លីបាន​លើកឡើង​ក្នុងសេចក្តី​ថ្លែង​ការណ៍​នោះថា​៖ «​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដែល​បាន​ផ្តន្ទាទោស​ទៅលើ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ ​ចំនួន​ ​១០​រូប​ ​ដោយ​ដាក់​ពន្ធ​នាគា​រ​ពី​ ​៦​ ​ទៅ​ ​៨​ ​ឆ្នាំ​ ​ហើយ​ចាប់ខ្លួន​អ្នក​ទាំងនោះ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​នេះ​គឺជា​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់​យ៉ាង​ខ្លាំង​សម្រាប់​ជាតិ​យើង​»។​

អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរតែ​ស្តាប់​ និង​ចូលរួម​ធ្វើការ​ជាមួយ​យុវជន ​និង​សកម្មជន​បរិស្ថាន​ ហើយ​សូម​មេត្តា​បញ្ឈប់​ការ​ចំណាយ​ធនធាន​ ដើម្បី​ធ្វើទុក្ខបុកម្នេញ​ ​គំរាមកំហែង​ និង​ដាក់ទោស​ទៅលើ​យុវជន​វ័យក្មេង​ដែល​ក្លាហាន​ និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​បំផុត​របស់​កម្ពុជា​។នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍។

ក្រុម​អង្គការ​សង្គមស៊ីវិល​ ស្នើ​ឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​មេត្តា​ទម្លាក់​ចោល​ការ​ផ្តន្ទាទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ធានា​ថា​អ្នក​ទាំងនោះ​ត្រូវ​បាន​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​សកម្មជន​បរិស្ថាន​ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

ពួកគេបាន​សង្កត់​ធ្ងន់​ថាការ​បំបិទ​សំឡេង​របស់​សកម្ម​ជន​បរិស្ថាន​ ​និង​ការចោទប្រកាន់​ថា​ ​សកម្មភាព​តស៊ូ​មតិ​ដោយ​សន្តិវិធី​របស់​ពួកគេ​ ​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ ​នេះ​គឺ​ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​រង​ភាព​អាម៉ាស់​ ​។​

អ្នក​សម្របសម្រួល​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​ នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(CCHR)​ លោក ​រស់ សារ៉ាត់ថ្លែង​ថា សកម្មជន​ចលនា​មាតាធម្មជាតិ​បាន​ចូល​រួម​សកម្មភាព​ជា​ច្រើន​ក្នុង​ការ​ជួយ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ហេតុ​ដូច្នេះ​មិន​គួរ​ណា​មាន​ការ​ចាប់​ពួក​គេ​មក​ដាក់​ទោស​ទណ្ឌ​នោះ​ទេ​។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​៖«យើង​ខ្ញុំ​ យល់​ថាកិច្ចការងារ​របស់​ពួកគាត់​ហ្នឹង គួរតែ​ទទួល​បាន​ការ​កោត​សរសើរ​ចំពោះ​ភាព​ក្លាហាន​ ការ​ដែល​គាត់​ហ៊ាន​លះបង់​ជា​ជាង​ ការ​ដាក់​ទោស​ទណ្ឌ​ ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ព្រហ្មទណ្ឌ ​និង​ដាក់​ទោស​យ៉ាង​ធ្ងន់ធ្ងរ​។ ហើយ​យើង​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ​ មេត្តា​ពិចារណា​ក្នុង​ការ​ទម្លាក់​ចោលនៃ​ការ​ផ្តន្ទាទោស​លើ​សកម្ម​ជន​មាតា​ធម្មជាតិ និង​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​»។

លោក​ នី សុខា​ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ និង​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៩ ខែធ្នូ​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​
លោក​ នី សុខា​ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ និង​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៩ ខែធ្នូ​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា យល់​ឃើញ​ថា ការ​ឃុំ​ខ្លួន​សកម្មជន​ដោយ​បំបែក​ឱ្យ​ពួកគេ​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ និង​ឆ្ងាយ​ពី​សាលាក្តី គឺ​ជា​រឿង​ខាត​បង់​ច្រើន ហើយ​ក៏​ជារឿង​មួយ​ដែល​អាច​រំលោភ​ទៅ​លើ​សិទ្ធិជន​ជាប់​ឃុំ​។

លោក​បញ្ជាក់​ថា​៖«ខ្ញុំ​គិត​ថា នេះ​មិន​មែន​ជា​រឿង​មួយ​ដែល​ចំណេញ​ទេ! មិន​មែន​ជា​ផល​ចំណេញ​ទេ វា​ជា​ការ​ខាតបង់។ ទីពីរ​វា​ជា​ការ​បង្ហាញ​ពី​ការ​រំលោភ​នូវ​សិទ្ធិ​របស់​ជន​ជាប់​ឃុំ​ដែល​ជន​ជាប់​ឃុំ​ទាំង​អស់​ គេ​អាច​មាន​ការ​ទំនាក់​ទំនង​ជា​មួយ​នឹង​ក្រុម​គ្រួសារ​ មិត្តភក្តិ​អី​ហ្នឹង​គឺ​ថា មិន​គួរ​ណា​ដែល​ត្រូវ​បាន​យកជន​ជាប់​ឃុំ​ទៅ​ដើម្បី​បំបែក​ឱ្យ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​ទេ...ទោះបី​ថា គេ​ជាប់​ឃុំ​ក៏​ដោយ​ក៏​សិទ្ធិ​ក្នុង​ភាព​ជា​មនុស្ស​គេ​នៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​គ្រួសារ សិទ្ធិ​សម្តែង​មនោសញ្ចេតនា​ជា​មួយក្រុម​គ្រួសារ​មិត្តភក្តិ បងប្អូន​អី​ជា​ដើម»។

អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ លោក នុត សវនា បាន​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​ឃុំខ្លួន​សកម្មជន​ទាំង​៥ ​នៅ​ពន្ធនាគារ​ផ្សេង​ៗគ្នា​បែប​នេះ គឺជា​ការងារ​បច្ចេកទេស​ ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​ការងារ​សន្តិ​សុខ​។

អ្នក​ស្រី លី ចាន់ណាវី ម្តាយ​របស់​សកម្មជន​ចលនា​មាតាធម្មជាតិ​ លី ចាន់ដារ៉ាវុត ដែល​ជា​កូន​ប្រុស​តែ​ម្នាក់​ក្នុង​គ្រួសារ​មាន​ទីលំនៅនៅ​រាជធានី​ភ្នំពេញ​ ប្រាប់​វីអូអេថា អ្នក​ស្រី​មិន​បាន​ទៅ​សួរ​ទុក្ខ​កូន​ប្រុស​នៅ​ឡើយ​ទេ ដោយ​រវល់​នឹង​ការងារ​រក​ស៊ី​ ប៉ុន្តែ​អ្នក​ស្រី​នៅ​តែ​បារម្ភ​ពីស្ថានភាពរបស់កូន​ខណៈ​មាន​ការ​បញ្ជូន​កូន​របស់​អ្នកស្រី​ទៅ​ឆ្ងាយ​ពី​គ្រួសារ​។

អ្នកស្រី​ថា​៖«មីង! ក៏​បារម្ភ​ដោយ​សារ​កន្លែង​ហ្នឹង​កន្លែង​ថ្មី​ យើង​អត់​ដឹង​ម៉េច​ដែរ​។ យើង​អត់​ធ្លាប់​ទៅ​ អត់​ធ្លាប់​ដឹង​ស្ថានភាព​នៅ​ហ្នឹង​»។
អ្នក​ស្រី​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់​ ទម្លាក់​ចោល​ការ​ផ្តន្ទា​ទោស​លើ​កូន​ប្រុស​របស់​អ្នកស្រី​ និង​សកម្មជន​ដទៃ​ទៀត​ ដោយ​អះអាង​ថា​ កូន​ប្រុសរបស់​អ្នក​ស្រីពិត​ជា​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។

អ្នក​ស្រី​ថ្លែង​ថា​៖«សំណូមពរ​ សុំឱ្យ​ទម្លាក់​បទ​ចោទ​ទាំង​អស់​ គាត់​អត់​បាន​ទៅ​ធ្វើ​អី​ប៉ះ​ពាល់​ដល់​អ្នក​ណា​ គាត់​អត់​បាន​ប៉ះពាល់​ដល់​សង្គម​ គាត់​អត់​បាន​ធ្វើ​អី​ខុស គាត់​ធ្វើ​ដោយ​ឈរ​លើ​ភាព​ត្រឹម​ត្រូវ​ គាត់​មិន​បាន​ទៅ​បំពាន​អ្នក​ណា​ ហើយ​គាត់​ក៏​ដែល​ចោទ​អ្នក​ណា​ថា​ មិន​ល្អ! គាត់​គ្រាន់​តែ​ធ្វើ​ការ​ផ្តល់​ព័ត៌មាន​សម្រាប់​ទៅ​កាន់​ខាង​រដ្ឋាភិបាល​ ឬ​ក៏​ឱ្យ​អ្នក​ដទៃ​ដឹង ហើយ​កែ​ប្រែ​អ្វី​ដែលមិន​ល្អ​មក​ល្អ​ប្រសើរ​ឡើង​វិញ»។

រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​លោក ​ជិន ម៉ាលីន ប្រាប់​វីអូអេ​ថា ជា​គោលការណ៍​ច្បាប់​ ការ​ប្រកាស​គាំទ្រ​សកម្មជន​ហើយ​ប្រឆាំង​ទៅ​និង​ វិធាន​ការ​ច្បាប់​ គឺ​មិន​មែន​ជាមធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ការ​ពារ​ដល់​ជន​ជាប់​ចោទ​ទេ។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ផ្តល់​សម្ភាសន៍​ដល់ VOA ក្រោយពី​ចូល​រួមកម្មវិធីផ្សាយ​ផ្ទាល់​ «តុមូល​វីអូឌី» អំពី​ប្រធានបទ​«​វិធានការ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុងប្រព័ន្ធ​យុត្តិធម៌» នៅ​បន្ទប់​ផ្សាយ​វីអូឌី​ក្នុង​រាជធានី​ភ្នំពេ
លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ផ្តល់​សម្ភាសន៍​ដល់ VOA ក្រោយពី​ចូល​រួមកម្មវិធីផ្សាយ​ផ្ទាល់​ «តុមូល​វីអូឌី» អំពី​ប្រធានបទ​«​វិធានការ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុងប្រព័ន្ធ​យុត្តិធម៌» នៅ​បន្ទប់​ផ្សាយ​វីអូឌី​ក្នុង​រាជធានី​ភ្នំពេ

លោកបន្ថែមថា ការ​សម្រេច​ផ្តន្ទាទោស​នេះ​ផ្អែក​លើ​ការ​អនុវត្ត​ច្បាប់​ទៅ​តាម​ អង្គហេតុ​ អង្គ​ច្បាប់​រឹងមាំ និង​ច្បាស់​លាស់​តាម​រយៈ​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច។

លោកថ្លែង​ថា៖«មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ តែ​មួយ​គត់​ក្នុង​ការ​ជួយ​ដល់​ជន​ជាប់​ចោទ​គឺ ការ​ចូល​រួម​ក្នុង​ដំណើរ​ការ​នីតិវិធី​ របស់​តុលាការ​ ធ្វើ​ការ​ការ​ពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ បង្ហាញ​ភស្តុតាង​ សក្ខីកម្ម​ឱ្យ​បាន​រឹង​មាំ​ក្នុង​ការ​ដោះ​បន្ទុក​ទៅ​នឹង​បទចោទ​ដែល​សមត្ថកិច្ច​មាន​ ដើម្បី​ធ្វើ​ការ​ដោះ​បន្ទុក​។ ចំណែក​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ចោទ​ប្រកាន់​ យ៉ាង​ណា​នោះ​មិន​មាន​ឥទ្ធិពល​អី​ទៅ​លើ​តុលាការ​ហើយ​ក៏​មិន​អាច​ ជួយ​ដល់​ជន​ត្រូវ​ចោទ​ដែល​ជា​សកម្ម​ជន​ទាំង​អស់​នោះ​បាន​ដែរ។ នេះ​ផ្អែក​លើរដ្ឋ​ធម្មនុញ្ញ និង​នីតិវិធី​ច្បាប់​របស់​កម្ពុជា»។

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៤ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្តន្ទា​ទោស​លោក​អាឡិច​ហ្សង់ដ្រូ ហ្គន់សា​ឡេស ​ដេវិត​សិន (Alex Gonzalez Davidson) សហស្ថាបនិក​អង្គការមាតា​ធម្មជាតិ​ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ​ចំនួន​៨​ឆ្នាំ​ ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ និង​រួម​គំនិត​ក្បត់​។

ចំណែក​លោក​ ថុន រដ្ឋា លោក​ លី ចាន់ដារ៉ា​វុត កញ្ញា ភួន​ កែវរស្មី កញ្ញា ឡុង គន្ធា និង​ប្រាំនាក់​ផ្សេងទៀត​ដែល​មិនបង្ហាញ​ខ្លួន ក្នុងសាលសវនាការ​ត្រូវ​បាន​ផ្តន្ទាទោស​ម្នាក់ៗ​ចំនួន​៦ឆ្នាំ ពីបទរួម​គំនិតក្បត់​។ នេះ​បើ​តាម​មេធាវី​លោក​សំ ចំរើន។

ក្រោយ​ការ​ប្រកាស​សាលក្រម​កាត់ទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចន្លោះ​ពី៦ ទៅ​៨ឆ្នាំ ​ពី​បទ​ «​រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ​» សមត្ថកិច្ច​បាន​សម្រុក​ចាប់​ខ្លួន​ពួកគេ​បញ្ជូនចូល​រថយន្ត​ទាំងបង្ខំ ​ដោយ​មិន​បាន​ប្រាប់​ពី​លទ្ធផល​នៃ​សាលក្រម​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG