ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​​បរិស្ថាន​​ស្ម័គ្រ​ចិត្ត​​បន្ត​​ការងារ ទោះបី​​សកម្មជន​​ផ្សេង​​ទៀត​​ត្រូវបាន​​ចាប់​​ខ្លួន


រូបឯកសារ៖ សកម្មជនបរិស្ថានមាតាធម្មជាតិត្រូវបានឃាត់ខ្លួនភ្លាមៗ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ពេលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ សកម្មជនបរិស្ថានមាតាធម្មជាតិត្រូវបានឃាត់ខ្លួនភ្លាមៗ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ពេលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

ក្រុម​យុវជន​ស្ម័គ្រចិត្ត​លើ​កិច្ច​ការពារ​បរិស្ថាន​លើក​ឡើង​ថា ពួកគេ​នៅ​តែ​បន្ត​ធ្វើសកម្មភាព​ការពារ​បរិស្ថាន​ និងស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិសេរីភាព​ឱ្យ​បាន​ពេញ​លេញ​ ខណៈ​ពួកគេ​ព្រួយ​បារម្ភ​ពី​ការចាប់​ខ្លួន។

ការ​លើក​ឡើង​របស់​ពួកគេ កើត​មាន​បន្ទាប់​ពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ​១០ ​នាក់ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗចន្លោះ​ពី​ ៦ ទៅ ​៨ ឆ្នាំ ពីបទ«​រួម​គំនិត​ក្បត់» និង ​«ប្រមាថ​ព្រះមហាក្សត្រ​» កាលពី​ដើម​ខែកក្កដា។ យុវជន​ ៥ ​នាក់ ​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​បង្ខំ និង​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​តាម​បណ្តាខេត្ត​ផ្សេងៗពី​គ្នា។

កញ្ញា ណុប ស្រីពេជ្យ អាយុ ២០ ឆ្នាំ ជា​យុវជន​ស្ម័គ្រចិត្ត​ធ្វើ​កិច្ចការ​បរិស្ថានប្រាប់ វីអូអេ​ថា កញ្ញា​ភ័យខ្លាច និង​ព្រួយ​បារម្ភ ក្រោយ​ពេល​មាន​ការចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការការពារ​បរិស្ថាន។ កញ្ញា​បន្តថា ការ​ចាប់ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​គឺជា​រូបភាព​មួយ​ដែល​ធ្វើ​ឱ្យ​យុវជន​មាន​ភាព​ភ័យខ្លាច​ ហើយ​អាច​នឹង​មិន​ចង់​ចូលរួម​សកម្មភាព​ការពារ​បរិស្ថាន​បន្ត​ទៀត។

កញ្ញា ណុប ស្រីពេជ្យ ថ្លែងថា៖ «ចង់​មិន​ចង់​ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​មាន​រូបភាព​បែប​ហ្នឹង ចាប់​សកម្មជន​បែប​ហ្នឹង ខ្ញុំ​គិតថា ​យុវជន​មួយ​ចំនួន​គាត់​ប្រាកដ​ជា​ភ័យ​ខ្លាច ហើយ​ក៏លែង​ហ៊ាន​ចង់​ចូលរួម​ដែរ ព្រោះអី​ពួកគាត់​ខ្លាច​ចាប់​ដាក់​ពន្ធនាគារ​ដូច​បង​ទាំង​៥នាក់​ដែរអ៊ីចឹង ​[...]​ ហ្នឹង​ជា​អី​ដែល​ខ្ញុំ​ភ័យ ភ័យ​កាន់​តែ​ខ្លាំង​ថា​ សង្គម​នឹង​ទៅ​ជា​យ៉ាងណា​ទៀត ​នៅ​ពេល​ដែល​យុវជន​គាត់​ចង់​ចូលរួម​ការពារ​ប៉ុន្ដែ​រដ្ឋាភិបាល​មិន​ស្វាគមន៍​ពួកយើង»។

យ៉ាងនេះ​ក្តី យុវតីរូប​នេះ​បន្ថែម​ថា ខ្លួន​នៅ​តែ​បន្ត​ចូលរួម​កិច្ចការពារ​បរិស្ថាន​ បើទោះបី​ជា​មាន​ការចាប់​ខ្លួន​ក៏​ដោយ។ កញ្ញា​ក៏​ស្នើឱ្យ​អាជ្ញាធរ​បើកលំហ​សិទិ្ធសេរីភាព​សម្រាប់​ពលរដ្ឋ​ដើម្បី​ចូលរួម​កិច្ច​ការងារ​បរិស្ថាន។

កញ្ញាថ្លែងថា៖ «ហើយដូច​គ្នា​នៅ​ថ្ងៃ​អនាគត​ក៏ដោយ​ ខ្ញុំ​ពិត​ជា​ចង់​ឃើញ​ថា​ មិនថា​ខាង​ក្រសួង​បរិស្ថាន ឬ​ក៏​ក្រសួង​ពាក់ព័ន្ធ យើង​ចង់​ឃើញ​រូបភាព​មួយ​ដែល​ពួកគាត់​សហការ​ជាមួយ​សកម្មជន ព្រោះអី​សកម្មជន​ យុវជន​ដែល​ស្រឡាញ់​ធម្មជាតិ​ធ្វើ​រឿង​ទាំង​អស់​ហ្នឹង​ឡើង​គឺ​មិនមែន​ដើម្បី​តែ​ពួកគាត់​តែ​ម្នាក់​ទេ គឺ​ធ្វើ​ដើម្បី​ទាំង​អស់គ្នា​ ព្រោះ​ព្រៃ​ឈើ​មិនមែន​ទទួល​បាន​ផល​តែ​ពួកគាត់​ទេ​គឺ​បាន​ទាំងអស់គ្នា»។

យុវជនតែង​តែង​ចូលរួមធ្វើ​សកម្មភាព​ការពារ​បរិស្ថាន​មួយ​រូប​ទៀត​ លោក ថន ធន អាយុ ២ ៤ឆ្នាំ ​យល់​ឃើញ​ថា សកម្មជន ​ឬ​យុវជន​ដែល​ធ្វើ​កិច្ចការ​ការពារ​បរិស្ថាន​ មិន​គួរ​ត្រូវ​បាន​ចាប់ខ្លួន​នោះទេ។ លោក​ថា ​អ្នក​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​ទៅ​វិញ​ទេ​ដែល​គួរ​តែ​ត្រូវ​ទទួល​ទោស។

រូបឯកសារ៖ សកម្មជនបរិស្ថានមាតាធម្មជាតិថ្លែងទៅកាន់អ្នកគាំទ្រនិងសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ពេលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ សកម្មជនបរិស្ថានមាតាធម្មជាតិថ្លែងទៅកាន់អ្នកគាំទ្រនិងសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ពេលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

លោក ថន ធន ថ្លែង​ថា៖ «បើសិន​ជា​យើង​គ្រាន់​តែ​ជា​អ្នកស្រឡាញ់​ អ្នក​ការពារ​ដ៏​ល្អ​ម្នាក់ វាគួរ​តែ​យើង​ជាអ្នក​ដែល​ស្មោះត្រង់ ​និង​អ្នកការពារ​ជាតិ ប៉ុន្ដែ​បទចោទ​ប្រកាន់​ហ្នឹង​ខ្ញុំ​យល់​ថា ​វា​ហាក់​ដូច​ជា​ធ្ងន់ធ្ងរ​ខ្លាំង​ពេក​ដែល​ចោទ​ប្រកាន់​អ្នកការពារ​ធនធាន​ធម្មជាតិ​ហ្នឹង​ទៅ​ជា​ពួកក្បត់ជាតិ​។ ខ្ញុំយល់​ថា ​ប្រការ​ចោទ​ប្រកាន់នេះ​វា​ពិត​ជា​ពិបាក​ទទួល​យក​សម្រាប់​ខ្ញុំ ទាំង​យុវជន​ឯទៀត​ព្រម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរទូទៅ»។

យុវជន​រូប​នេះ​អះអាង​ថា ខ្លួន​នៅ​តែ​បន្ត​ចូលរួម​សកម្មភាព​កិច្ច​ការងារ​បរិស្ថាន​ ដើម្បី​ការពារ​បរិស្ថាន​និង​ទាមទារ​ភាព​យុត្តិធម៌​ជូន​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​គេចោទ​ប្រកាន់​ និង​ចាប់​ខ្លួន​កន្លង​មក។

ស្រដៀង​គ្នា​នេះ លោក ផង់ អាន អាយុ​ ២០ ​ឆ្នាំ ជា​យុវជន​បរិស្ថាន​ម្នាក់​ទៀត​លើកឡើង​ដែរ​ថា ការចាប់​ខ្លួន​សកម្មជន​បរិស្ថាន​គឺ​ជារូបភាព​ដែល​មិន​អាច​ទទួល​យក​បាន។ លោកថា លោក​នៅ​តែ​បន្ត​ចូលរួម​ការងារ​ការពារ​បរិស្ថាន​ដោយ​ភាព​ក្លាហាន។

លោក ផង់ អាន ថ្លែង​ថា៖ «បើទោះ​បី​ជាមាន​ហេតុ​ការណ៍​បែបនេះ​កើត​ឡើង​ក៏​ដោយ ខ្ញុំ​អត់​មាន​ភាព​ភ័យ​ខ្លាច​ផង​ដែរ ​ព្រោះ​ការនិយាយ​ការពិត​មិនមែន​ជារឿង​ខុស​ឆ្គង ដូចពាក្យ​របស់​បណ្ឌិត​ កែម ឡី គាត់​បាន​លើក​ឡើង​ថា ទោះ​រស់​បាន​នៅ​សល់​មួយ​វិនាទី​ក៏ដោយ​ ក៏​ខ្ញុំ​ត្រូវ​និយាយ​ការពិត​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​ដឹង»។

ក្រុម​យុវជនចលនា​មាតា​ធម្មជាតិ​តែង​បង្ហោះ​សារ​ជាអក្សរ រូបថត និង​វីដេអូ​អំពីបញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹងបរិស្ថាន មាន​ទាំង​ការបំពុល​ទឹក បំពុល​បរិយាកាស​ ការបូម​ខ្សាច់ ការការពារធនធាន​ធម្មជាតិ ជាដើម។ ពួកគេ​មួយ​ចំនួនរង​នូវ​ការគំរាម​កំហែង និង​ចាប់ខ្លួន​ដោយសារ​សកម្មភាព​ទាំង​នោះ។

កាលពី​ខែកញ្ញា ឆ្នាំ ​២០២០ អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជនមាតា​ធម្មជាតិ ​៣ នាក់ គឺ​កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និង​លោក ថុន រដ្ឋា ​ពី​បទញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ការ​ចាប់​ខ្លួន​នេះ កើត​មាន​ឡើងបន្ទាប់​ពី​កញ្ញា​ ឡុង គន្ធា បាន​បង្ហោះសារ​លើ​ហ្វេសប៊ុក​អំពីគម្រោង​ដើរ​ពី​វត្តភ្នំ​ទៅ​កាន់​ភូមិគ្រឹះ​អតីត​នាយក​រដ្ឋ​មន្ត្រីលោក ហ៊ុន សែន ដើម្បី​ស្នើសុំ​ជួប​ផ្ទាល់​ជាមួយ​លោក​ ​អំពីបញ្ហា​លុប​បឹង​តាមោក ដែល​ស្ថិត​នៅ​ជាយរាជធានី​ភ្នំពេញ។

ក្រោយ​មក​ពួកគេ​ទាំង​បី​នាក់ និង​សកម្មជន​ពីរ​នាក់ទៀត គឺ​កញ្ញា ស៊ុន រដ្ឋា និង​លោក យីម លាងហ៊ី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះ​មហាក្សត្រ​បន្ថែម​ទៀត ដោយ​អាជ្ញាធរ​បាន​យោង​លើ​ការ​ប្រជុំរបស់​ពួកគេ​តាម​វីដេអូ Zoom ជាមួយ​លោក​ អាឡិច​ហ្សង់ដ្រូ ហ្គន់សា​ឡេស ​ដេវិត​សិន (Alex Gonzalez Davidson) សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ និង​ការ​អត្ថាធិប្បាយ​របស់​លោក​អាឡិច ជាមួយ​សារព័ត៌មាន​មួយ​ចំនួន។

រូបឯកសារ៖ សកម្មជនបរិស្ថានមាតាធម្មជាតិប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ពេលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ សកម្មជនបរិស្ថានមាតាធម្មជាតិប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ពេលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

នៅ​មុន​ការ​ចាប់​ខ្លួន​ពួកគេ​ទាំងនេះ អតីត​យុវជន​ចលនា​មាតា​ធម្មជាតិ​មួយ​ចំនួន​ទៀត​ក៏​ធ្លាប់​ត្រូវ​បាន​ចោទប្រកាន់ និងចាប់​ខ្លួនដោយសារ​សកម្មភាព​ប្រឆាំង​នឹង​ការ​បូមខ្សាច់ និង​បញ្ហា​បរិស្ថាន​ផ្សេងៗ។

លោក ​ប៉ែន បូណា​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នៅកម្ពុជា​មាន​អ្នក​ធ្វើ​ការងារ​លើ​បរិស្ថាន​ច្រើន​ ដូច​ជា​ក្រសួង​បរិស្ថាន​ អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​ផ្សេងៗ​ទៀត​ដោយ​គ្មាន​ការ​បិទ​សិទ្ធិ​សេរីភាព​អ្វី​ឡើយ​។

លោក​ថ្លែងថា​៖ «នៅ​កម្ពុជា​យើង​អត់​មាន​ការ​រិតត្បិត​សិទ្ធិ​សេរីភាព​អី​ទេ សុំ​ឱ្យ​តែ​គោរព​ច្បាប់​តែ​ប៉ុណ្ណឹង​ឯង។ តើ​ក្រុម​បរិស្ថាន​ណា​ដែល​មក​ព្រួយបារម្ភ​ថា លម្ហ​សេរីភាព​ហ្នឹង? ក្មួយ[យុវជន]ធ្វើ​អី​ក៏​បាន​ដែរ ធ្វើ​ចុះ​នៅ​ស្រុក​ប្រទេស​កម្ពុជា​ កុំ​តែ​ម៉្យាង​គត់​ គឺ​រំលោភ​ច្បាប់​បាន​ហើយ។ ក្មួយ ​[យុវជន] មាន​សិទ្ធិ​ធ្វើ​អី​គ្រប់​បែប​យ៉ាង​ មិន​ថា​បរិស្ថាន​ មិន​ថា​ការងារ​សង្គម​ផ្សេងៗ​ទៀត​ទេ យើង​អាច​ធ្វើ​បាន​ដោយ​សេរី​ សូម​ឱ្យ​គោរព​តាម​ច្បាប់​របស់​កម្ពុជា​តែ​ប៉ុណ្ណឹង​តើ​ក្មួយ»។

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា ការ​ចាប់​ខ្លួន ​និង​ផ្តន្ទាទោស​យុវជន​ចលនា​មាតា​ធម្មជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​មិន​មែន​ពាក់ព័ន្ធ​នឹង​រឿង​កិច្ចការ​ងារ​បរិស្ថាន​នោះ​ទេ។

លោក​ថា៖ «គេ​ចាប់​ខ្លួន​ និង​ផ្តន្ទាទោស​យុវជន​ប៉ុន្មាន​នាក់​ដែល​ជា​កូន​ចៅ អាឡិច ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ និង​ពី​បទ​គប់គិត​ គម្រោង​ក្បត់​ គម្រោង​ប្រឆាំង​រាជរដ្ឋាភិបាល​ ផ្តួលរំលំរាជរដ្ឋាភិបាល គេ​អត់​បាន​ចាប់​ពី​រឿង​ក្មួយ ​[យុវជន] ធ្វើ​ការងារ​បរិស្ថាន​អី​ទេ ឱ្យ​ច្បាស់​កន្លែង​ហ្នឹង»។

ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ លោក ហេង គឹមហុង ប្រាប់​វីអូអេ​ថា លោក​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ និង​ពលរដ្ឋ​សកម្ម​ក្នុង​ការ​ការពារ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​យល់​ថា ការ​ចូល​រួម​សកម្មភាព​បរិស្ថាន​ជា​អំពើ​ខុស​ច្បាប់​។ លោក​ស្នើ​រដ្ឋាភិបាលត្រូវ​បើក​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ធនធាន​ធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក​ថ្លែងថា​៖ «អ្នក​ដែល​គួរ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃាត់​ខ្លួន​ពិត​ប្រាកដ​នោះ​ គឺ​ក្រុម​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ធនធាន​ធម្មជាតិបរិស្ថាន​នោះ​ទេ ​ដែល​គួរតែ​ត្រូវ​ទទួល​បទល្មើស​ចំពោះ​មុខ​ច្បាប់​។ ផ្ទុយ​ទៅ​វិញ ​រដ្ឋាភិបាល​ត្រូវ​បើក​ឱ្យ​មាន​ការ​សម្រប​សម្រួល​ក្នុង​ការ​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ​ ទាំង​ប្រជាពលរដ្ឋ​សាមញ្ញ ទាំង​សកម្មជន ទាំង​អ្នក​ការពារ​បរិស្ថាន​ធនធាន​ធម្មជាតិ​អី​ផ្សេងៗ​ ឱ្យ​ចូល​រួម​ឱ្យ​បាន​ទូលំ​ទូលាយ​។ វត្តមាន​នៃ​ការចូលរួម​បាន​ទូលំ​ទូលាយ​របស់​ពួកគាត់​ មិន​ត្រឹម​តែ​ជួយ​ដល់​មន្រ្តី​ជំនាញ​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ ក៏​ជួយ​ជំរុញ​ឱ្យ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​មាន​ភាព​ជោគជ័យ​ដែរ​»។

លោក​បន្ថែម​ថា បើសិន​រដ្ឋាភិបាល​នៅ​តែ​មិន​បើក​ឱ្យ​មាន​ការ​ចូល​រួម​ឱ្យ​បាន​ទូលាយ​ក្នុង​ការ​ការពារ​បរិស្ថាន​ធនធាន​ធម្មជាតិ​ទេ​ នោះ​នឹង​ធ្វើឱ្យ​ឧក្រិដ្ឋ​កម្ម​ព្រៃឈើ ឬ​អ្នក​បំផ្លាញ​បរិស្ថាន​មាន​ឱកាស​ច្រើន​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​។

ចំណែក​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិមនុស្ស​លីកា​ដូ​ លោក អំ សំអាត ប្រាប់​វីអូអេ​ថា សកម្មភាព​របស់​សកម្ម​ជន​ចលនា​មាតាធម្មជាតិ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មីៗនេះ​ គ្រាន់​តែ​ជា​សកម្មភាព​មួយ​ក្នុង​ការ​ចូលរួម​ការ​ពារ​បរិស្ថាន​ធនធាន​ធម្មជាតិ​តែ​ប៉ុណ្ណោះ​ គួរតែ​មាន​ការ​លើក​ទឹក​ចិត្ត​ មិនមែន​ចាប់​ដាក់​ពន្ធនាគារ​នោះ​ទេ។

លោក​បញ្ជាក់​ថា​៖ «ការ​ចាប់​ខ្លួន​ហ្នឹង​ ទាំង​អង្គការ​ជាតិ​ និង​អង្គការអន្តរជាតិ​ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​ គេ​ចាត់​ទុក​ថា​ វា​ជា​ការ​រំលោភ​ទៅ​លើ​សេរីភាព​ជា​មូលដ្ឋាន​ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​។ ការ​ចាប់​ខ្លួន​របស់​ពួកគាត់​ មើល​ទៅ​សកម្មភាព​របស់​គាត់​គ្រាន់​តែ​ នៅ​ក្នុង​សកម្មភាព​មួយ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​ពារ​បរិស្ថាន​ធនធាន​ធម្មជាតិ[...]ផ្ទុយ​ទៅ​វិញ​ការ​ចាប់​ខ្លួន​នេះ​ វា​ជាសារ​មួយ​ដែរ ដែល​ធ្វើ​ឱ្យ​យុវជន​ចង់​ចូលរួម​ដូច​ពួកគាត់​មាន​ភាព​រារែក​ ខ្លាច​មាន​បញ្ហា​ដូច​ពួកគាត់»។

កាល​ពី​ថ្ងៃ​ទី​ ២ ខែកក្កដា ឆ្នាំ​ ២០២៤ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្តន្ទា​ទោស​លោក​អាឡិច​ហ្សង់ដ្រូ ហ្គន់សា​ឡេស ​ដេវិត​សិន (Alex Gonzalez Davidson) សហ​ស្ថាបនិក​អង្គការមាតា​ធម្មជាតិ​ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ​ចំនួន​ ៨ ​ឆ្នាំ​ ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ និង​រួម​គំនិត​ក្បត់​។ ចំណែក​លោក​ ថុន រដ្ឋា លោក​ លី ចាន់ដារ៉ា​វុត កញ្ញា ភួន​ កែវរស្មី កញ្ញា ឡុង គន្ធា និង​មនុស្ស​ប្រាំ​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ផ្តន្ទាទោស​ម្នាក់ៗ​ចំនួន ​៦ ឆ្នាំ ពីបទរួម​គំនិតក្បត់​។

ក្រោយ​ការកាត់ទោស និង​ចាប់​ខ្លួន​សកម្មជន​ទាំងនេះ​ គេឃើញអង្គការ​ជាតិ-​អន្តរជាតិ និង​បណ្តា​ស្ថានទូត​ប្រទេស​ប្រជាធិតេយ្យ​ធំៗ​នៅ​កម្ពុជា បាន​រិះគន់​ និង​ចាត់​ទុក​ការ​ផ្តន្ទាទោស​លើ​សកម្មជន​មាតា​ធម្មជាតិ​ថា​ជា ​«រឿង​គួរ​ឱ្យ​អាម៉ាស់»។ ពួកគេ​ស្នើ​ឱ្យ​ទម្លាក់​ចោល​ការ​ផ្តន្ទាទោស​ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ដាក់​ទោស​ទៅ​លើ​ពួក​គេ​បន្ត​ទៀត​៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG