មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានឲ្យដឹងថាអាជ្ញាធរខេត្តបានដកហូតដីក្នុងតំបន់អភិរក្សមកវិញ ក្រោយមានការកាប់ទន្រ្ទានខុសច្បាប់ និងមានការចេញលិខិតស្នាមទទួលស្គាល់ដោយរដ្ឋបាលឃុំ។
ការលើកឡើងបែបនេះស្របពេលដែលរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ កាលពីខែឧសភាបានស្នើឲ្យអភិបាលខេត្តទាំងអស់ធ្វើអន្តរាគមន៍ឲ្យលុបចោលរាល់លិខិតស្នាមទាំងឡាយណាដែលបញ្ជាក់លើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិនិងក្នុងរបៀងអភិរក្សជីវៈចម្រុះ។ នេះបើយោងតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានដាក់ទៅអភិបាលខេត្តទាំងអស់ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដែល VOA ទទួលបាន។
នៅក្នុងលិខិតនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានស្នើសុំអន្តរាគមន៍ចាត់វិធានការឲ្យបញ្ឈប់ជាបន្ទាន់និងមោឃភាពនូវរាល់ការចុះហត្ថលេខាឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលិខិតទិញលក់ដីរដ្ឋនិងការបញ្ជាក់លើប្លង់បង្ហាញទីតាំងជាអាទិ៍ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិនិងក្នុងរបៀងអភិរក្សជីវៈចម្រុះ។
លោកនេត្រ ភក្រ្តារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាកាលពីពេលថ្មីៗនេះក្រសួងបរិស្ថានបានពិនិត្យឃើញថារដ្ឋបាលឃុំសង្កាត់មួយចំនួននៅតែបន្តចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់ដីក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈជម្រុះ។
លោកបញ្ជាក់ថា៖ «ក្រសួងបរិស្ថានសូមគូសបញ្ជាក់ជាថ្មីថាគ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញ ឬក៏លក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិបានទេ»។
លោកនេត្រ ភក្រ្តា បន្ថែមថាក្រសួងបរិស្ថានបានស្នើឲ្យអាជ្ញាធរខេត្តបដិសេធនិងមោឃភាពរាល់លិខិតនិងឯកសារទទួលស្គាល់ទាំងអស់ដែលបានចុះហត្ថលេខាបញ្ជាក់នាពេលកន្លងមក។
ក្រសួងបរិស្ថានក៏បានស្នើឲ្យអភិបាលខេត្តទាំងអស់ណែនាំដល់រដ្ឋបាលឃុំឲ្យបញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លិខិតផ្ទេរសិទ្ធិនានា។
លោកថ្លែងបន្តថា៖ «កន្លងទៅនេះរដ្ឋបាលខេត្តបានចេញលិខិតដកហូតផ្ទៃដីជាច្រើនហិកតាដែលកាន់កាប់ដោយខុសច្បាប់ដូចជានៅខេត្តកំពង់ស្ពឺខេត្តមណ្ឌលគិរីជាដើម។ ហើយចំពោះករណីការកាប់ឆ្ការរុករានទន្រ្ទានដីព្រៃរដ្ឋដោយខុសច្បាប់នេះ ក្រសួងបរិស្ថានបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមច្បាប់»។
ក្រោយក្រសួងបរិស្ថានបានចេញលិខិតទៅអភិបាលខេត្ត មេឃុំត្រែងត្រយឹងក្នុងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ អ្នកស្រីកែវ សុផាត បានចេញលិខិតបដិសេធមួយចុះថ្ងៃទី២៨ ខែឧសភាដោយធ្វើមោឃភាពលើការចុះហត្ថលេខារបស់អ្នកស្រីលើឯកសារលិខិតស្នើសុំផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងលិខិតស្នាមផ្សេងៗនៃតំបន់ឧទ្យានជាតិមុនីវង្សបូកគោនិងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ។
អ្នកស្រីបញ្ជាក់មូលហេតុថា៖ «នាងខ្ញុំពុំសូវយល់ដឹងពីច្បាប់ទម្លាប់ច្រើនឃើញតែពួកគាត់អាស្រ័យផលជាក់ស្តែង»។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា កន្លងទៅ មន្រ្តីថ្នាក់ក្រោមមានភាពចន្លោះប្រហោងដោយសារមិនបានដឹងថាដីនោះស្ថិតក្នុងដែនគម្របព្រៃឈើ ព្រោះជឿតែតាមអ្នកដែលមកសុំការបញ្ជាក់លិខិតស្នាម។ លោកបន្ថែមថាជារឿងធម្មតាដែលប្រជាពលរដ្ឋតវ៉ានឹងការមោឃភាពនេះ ប៉ុន្តែលោកថាការកាន់កាប់ដីរដ្ឋ និងដីអភិរក្ស ជារឿងខុសច្បាប់។ លោកបន្ថែមថាមន្រ្តីជំនាញនឹងចុះទៅពិនិត្យជាក់ស្តែងលើដីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ថាតើវាប៉ះពាល់តំបន់អភិរក្សកម្រិតណា។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ជំនាញគេត្រូវត្រួតពិនិត្យមើលទៅថាវាធ្វើឲ្យប៉ះពាល់ដីព្រៃ វាធ្វើឲ្យបាត់បង់គម្របព្រៃ វាធ្វើឲ្យបាត់បង់ជម្រកសត្វអាហ្នឹងគេចេញដីកាដកហូតមកវិញ»។
បើតាមអភិបាលខេត្តកំពង់ស្ពឺកន្លងទៅ មានការដកហូតដីជាង៣ពាន់ហិកតាក្នុងស្រុកឱរ៉ាល់ពីប្រជាពលរដ្ឋដោយសារប៉ះពាល់គម្របព្រៃឈើនៅតំបន់នោះ។
លោក រ័ត្ន ថាវី មន្រ្តីសម្របសម្រួលរបស់សមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ មានប្រសាសន៍ថាកន្លងទៅប្រជាពលរដ្ឋបានកាន់កាប់ទីតាំងជាក់ស្តែងនៅក្បែរតំបន់អភិរក្ស ហើយមេឃុំនៅក្នុងខេត្តកំពង់ស្ពឺក៏បានដឹងច្បាស់អំពីដីអភិរក្សនិងដីធនធានបរិស្ថានទាំងអស់។ ដូច្នេះលោកថាវាជាការទទួលខុសត្រូវរួមរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីធានាការទុកចិត្តពីប្រជាពលរដ្ឋ។
លោកថ្លែងប្រាប់ VOA ថា៖ «ជាធម្មតាកាលណា គាត់មានចុះហត្ថលេខាឲ្យប្រជាពលរដ្ឋហើយ ប្រជាពលរដ្ឋគាត់មានទំនុកចិត្តហើយទៅលើដីធ្លីដែលគាត់បានកាន់កាប់ហើយហ្នឹង។ ហើយនៅពេលដែលមេឃុំឬក៏សុរិយោដីបដិសេធវិញ អាហ្នឹងវាធ្វើឲ្យប្រជាពលរដ្ឋហ្នឹងបាត់បង់ជំងឺចិត្តលើអាជ្ញាធរទាំងស្រុងតែម្តង»។
លោកក៏ជំរុញឲ្យអាជ្ញាធរឃុំមានការទទួលខុសត្រូវលើបញ្ហានេះ ដោយសារពួកគេជាអ្នកចុះហត្ថលេខាបញ្ជាក់លើលិខិតស្នាមផ្សេងៗដល់ប្រជាពលរដ្ឋ៕