ស្របពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំង ដែលនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យខាងមុខនេះ គេអាចឃើញថា រដ្ឋាភិបាលក្រុងញូវដេលីមានការពេញចិត្តដោយស្ងាត់ៗចំពោះដំណោះស្រាយនៃជម្លោះព្រំដែនដ៏តឹងតែងបំផុតរវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនៅក្នុងតំបន់វាលទំនាប Doklam នៃជួរភ្នំហិមាល័យ។
សម្រាប់ពេលបច្ចុប្បន្ននេះ គេអាចមើលឃើញថា ប្រទេសចិនបានលះបង់នូវគម្រោងសាងសង់ផ្លូវនៅលើទីប្រសព្វខ្ពស់នៃតំបន់ភ្នំដែលលាតសន្ធឹងរវាងប្រទេសឥណ្ឌា ប្រទេសប៊ូតង់ និងប្រទេសចិន ដែលគម្រោងសាងសង់នេះកន្លងមកបានបង្កឲ្យមាននូវការប្រឈមមុខដាក់គ្នារវាងប្រទេសឥណ្ឌា និងចិន។
មន្ត្រីរដ្ឋាភិបាលឥណ្ឌានៅតែរក្សាជំហរថា ប្រទេសចិនត្រូវតែដកគ្រឿងចក្រឈូសឆាយដី និងឧបករណ៍សាងសង់ផ្លូវផ្សេងៗទៀតចេញពីតំបន់ដែលមានជម្លោះនោះ។
រដ្ឋាភិបាលក្រុងប៉េកាំងព្យាយាមមិនលើកឡើងពីបញ្ហានេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយថា ប្រទេសចិននឹងពិចារណាអំពីកត្តានានាដូចជាអាកាសធាតុជាដើម «ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងសាងសង់ដែលពាក់ព័ន្ធនានាស្របទៅតាមស្ថានការណ៍ជាក់ស្ដែង»។
កាលពីពេលថ្មីៗនេះ ទាហានឥណ្ឌា និងទាហានចិនបានប្រឈមមុខដាក់គ្នានៅតំបន់វាលទំនាប Doklam នៅពេលដែលឥណ្ឌាបញ្ជូនទ័ពទៅកាន់តំបន់នោះដើម្បីរារាំងចិនពីការសាងសង់ផ្លូវមួយខ្សែនៅចំណុចប្រសព្វនៃជួរភ្នំហិមាល័យ ដែលជាតំបន់ជម្លោះរវាងប្រទេសប៊ូតង់ និងចិន។ ការណ៍នេះបានធ្វើឲ្យចិនចោទប្រកាន់ឥណ្ឌាថាបានឆ្លងចូលដែនដីដែលឥណ្ឌាគ្មានសិទ្ធិកាន់កាប់ ហើយចិនបានទាមទារឲ្យឥណ្ឌាចាកចេញពីតំបន់នោះ។
ជាការឆ្លើយតបមកវិញ ឥណ្ឌាបានបញ្ជាក់ថា ប្រទេសទាំងពីរគួរតែស្ដារស្ថានការណ៍ឡើងវិញ។ ក្រោយមក ប្រទេសទាំងពីរបានដកទ័ពចេញពីតំបន់ជម្លោះនោះ៕