បេក្ខជនខ្មែរអាមេរិកាំងមកពីខាងគណបក្សសាធារណរដ្ឋគឺកញ្ញា អេលីហ្សាបែត ហេង ដែលបានចូលរួមប្រកួតប្រជែងយកតំណែងអ្នកតំណាងរាស្ត្រប្រចាំមណ្ឌលសភាទី១៦ ក្នុងរដ្ឋកាលីហ្វញ៉ាបានចាញ់គូប្រជែងដោយសំឡេងយ៉ាងច្រើនក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីថ្ងៃ អង្គារ។
លទ្ធផលឆ្នោតដែលរាប់អស់ទាំង ១០០ ភាគរយបង្ហាញថា កញ្ញា អេលីហ្សាបែត ហេង បានចាញ់លោក ជីម កូស្តា ដោយសំឡេង ៣៧៤៨០ ទល់នឹង ៤៤៧៦៩ ដែលត្រូវជា ៤៥,៦ភាគរយទល់នឹង៥៤,៤ភាគរយ។
បេក្ខជនទាំងពីរនៅមិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេនៅពេលដែលវីអូអេបានទាក់ទង។ ប៉ុន្តែសារតាមធ្វីតធឺនិងហ្វេសប៊ុកចុងក្រោយរបស់នាង អេលីហ្សាបែត ហេង នៅមុនការបោះឆ្នោតបានបញ្ចប់បានបញ្ជាក់ពីជំហររឹងប៉ឹងថា៖
«ការប្រកួតនេះខ្ពង់ខ្ពស់ណាស់ដែលអ្នកបោះឆ្នោតមិនគួរនៅផ្ទះទេ។ នៅសភាតំណាងរាស្ត្រខ្ញុំនឹងស្តារហេដ្ឋារចនាសម្ព័ន្ធទឹកនៅ តំបន់Central Valley ហើយខ្ញុំមិនទទួលយកពាក្យបដិសេធទេ...»។
យ៉ាងណាក៏ដោយ អ្នកវិភាគនានាមើលឃើញថា នេះជាមណ្ឌលដែលគណបក្សប្រជាធិបតេយ្យឈ្នះដោយងាយស្រួល ព្រោះបានកាន់កាប់ជាង៤០ឆ្នាំមកហើយ។
លទ្ធផលបណ្តោះអាសន្នបង្ហាញថា គណបក្សប្រជាធិបតេយ្យឈ្នះបានអាសន:ចំនួន៣៨រីឯគណបក្សសាធារណរដ្ឋឈ្នះបាន១១ក្នុងចំណោមអាសន:សរុបចំនួន ៥៣ក្នុងរដ្ឋ។ អាសន:ចំនួន៤ទៀតនៅរាប់មិនទាន់ចប់ប៉ុន្តែមានអាសន:ចំនួន៣គឺបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យនាំមុខ។ ក្នុងចំណោមអាសន:ដែលគណបក្សសាធារណរដ្ឋបានបាត់បង់មានអាសន: របស់លោកDana Rohrabacherនៃមណ្ឌលសភាទី៤៨ដែលតែងតែយកចិត្តទុកដាក់បញ្ហាកម្ពុជាផងដែរ។
លោក អាឡាំង ឡូវឹនសលដែលឈរនៅមណ្ឌលសភាលេខ៤៧ ដែលរួមមានទីក្រុងឡុងប៊ិច ទីដែលមានពលរដ្ឋខ្មែររស់នៅច្រើនបានឈ្នះការបោះឆ្នោតនេះ។ រីឯលោកស្រី យុង គីម បេក្ខជនតំណាងរាស្ត្រដើមកំណើតកូរ៉េនៃគណបក្សសាធារណរដ្ឋបានឈ្នះឆ្នោតនៅមណ្ឌលសភាទី៣៩ ជំនួសលោក អេដ រ៉យអតីតប្រធានគណ:កម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រដែលបានចូលនិវត្តន៍។ លោក អេដ រ៉យ ក៏បានជួយដល់ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាច្រើនដែរ ជាពិសេសនៅក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧។
លទ្ធផលរបស់គណ:កម្មាធិការរៀបចំការបោះឆ្នោតប្រចាំរដ្ឋកាលីហ្វញ៉ាក៏បានបង្ហាញថា លោកស្រី Dianne Feinstein មកពីគណបក្សប្រជាធិបតេយ្យនៅរក្សាបានតំណែងជាសមាជិកព្រឹទ្ធសភា ហើយលោកGavin Newsom នៃគណបក្សប្រជាធិបតេយ្យបានផ្តួលគូប្រជែងដែលមកពីគណបក្សសាធារណរដ្ឋហើយបានជាប់ជាអភិបាលរដ្ឋជំនួសលោក ជែរី ប្រោនដែលបានផុតអាណត្តិ។
លោក អ៊ំ សាវុធពលរដ្ឋខ្មែរដែលរស់នៅក្នុងទីក្រុង ឡុងប៊ិចបានបញ្ជាក់ប្រាប់វីអូអេថា លោកបានបោះឆ្នោតគាំទ្រលោក អាឡាំង ឡូវីនសល ដោយសារតែអ្នកតំណាងរាស្ត្ររូបនេះបានធ្វើកិច្ចការជាច្រើនជួយដល់ការលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាពិសេសគឺការចូលរួមគាំទ្រសេចក្តីព្រាងច្បាប់លេខHR5754 ដែលមានគោលបំណងដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក អ៊ំ សាវុធ បានបន្ថែមថា៖
«ខ្ញុំនឹកឃើញថា គាត់ស្មោះស្ម័គ្រនឹងជាតិខ្មែរបានជាខ្ញុំទៅជួយ។ ពីដំបូងគឺខ្ញុំគាំទ្រគណបក្សសាធារណរដ្ឋទេប៉ុន្តែដោយឃើញគាត់ជួយខ្មែរ ខ្ញុំក៏ជួយគាត់រហូតទៅ។ ខ្ញុំបោះជូនគាត់រាល់ឆ្នាំ»។
មានបញ្ហាមួយចំនួនដែលបានបង្ហាញនៅលើសន្លឹកឆ្នោតដែលពលរដ្ឋត្រូវសម្រេចគឺមានច្បាប់ស្តីពីការផ្តល់លំនៅដ្ឋានសមស្របនិងមានតម្លៃទាបសម្រាប់អតីតយុទ្ធជន ការលុបចោលពន្ធសាំងនិងច្បាប់អនុញ្ញាតឱ្យរដ្ឋប្រើប្រាស់ថវិកាបន្ថែមដើម្បីសាងសង់លំនៅដ្ឋានអចិន្ត្រៃយ៍សម្រាប់ជនគ្មានផ្ទះសម្បែងជាដើម។
អ្នកវិភាគនានាមើលឃើញថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ គឺជាការធ្វើប្រជាមតិលើគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ លទ្ធផលនៅទូទាំងប្រទេសបង្ហាញថា គណបក្សប្រជាធិបតេយ្យឈ្នះបានគ្រប់គ្រងសភាតំណាងរាស្ត្រក្នុងពេលដែលគណបក្សសាធារណរដ្ឋបន្តគ្រប់គ្រងព្រឹទ្ធសភា។ រីឯការបោះឆ្នោតថ្នាក់អភិបាលរដ្ឋវិញគឺគណបក្ស សាធារណរដ្ឋបានបាត់បង់ការគ្រប់គ្រងនៅរដ្ឋចំនួន៧។
លោក ចាប គង់ ពលរដ្ឋខ្មែរអាមេរិកាំងដែលរស់នៅទីក្រុង ឡុងប៊ិច បានបញ្ជាក់ថាលោកពេញចិត្តនិងគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះលោកបានបោះឆ្នោតជូនបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យដូចជាបោះឆ្នោតជូនលោកស្រីDianne Feinsteinជាដើម។
ប៉ុន្តែលោកនៅតែគាំទ្រគោលនយោបាយលោកប្រធានាធិបតី ត្រាំនៅថ្នាក់ជាតិដដែល។
លោក ចាប គង់បានបន្ថែមថា៖
«គាត់ជាមនុស្សល្អសម្រាប់ខ្ញុំ។ តាមយោបល់ខ្ញុំយល់អីចឹង។ ខ្ញុំត្រូវតែបោះជូនគាត់ទៀត»។
តាមការឱ្យដឹងពីអង្គការដែលធ្វើកិច្ចការខាងការបោះឆ្នោតនៅទីក្រុង ឡុងប៊ិច គឺអ្នកចេញទៅបោះឆ្នោតមានភាពសកម្មជាពិសេសពលរដ្ឋខ្មែរអាមេរិកាំងដោយសារពួកគេបានខិតខំទូរស័ព្ទទៅពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនទទូចសុំឱ្យពួកគេចេញទៅបោះឆ្នោត។ សកម្មជនស្ម័គ្រចិត្តទាំងនោះបានទូរស័ព្ទនៅនាទីចុងក្រោយនៅថ្ងៃបោះឆ្នោតទទូចសុំឱ្យសមាជិកក្រុមគ្រួសារនិងមិត្តភក្តិរបស់ពួកគេចេញទៅបោះឆ្នោត៕