មនុស្ស១១នាក់​​ស្លាប់​នៅពេល​ដែល​ក្រុម​ចម្រុះទម្លាក់​គ្រាប់​បែក​ក្នុង​ប្រទេស​យេម៉ែន ក្រោយ​ការ​វាយ​ប្រហារ​នៅ​ប្រទេស​អេមីរ៉ាត់​អារ៉ាប់រួម

ទិដ្ឋភាព​អគារ​ខ្ទេចខ្ទី​ក្រោយ​ក្រុម​ចម្រុះ​ទម្លាក់​គ្រាប់បែក​នៅ​រដ្ឋធានី​សាអាណា ប្រទេស​យេម៉ែន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ (AP)

មនុស្ស១១នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​តាមផ្លូវ​អាកាសទៅ​លើ​រដ្ឋធានី​របស់ប្រទេស​យេម៉ែន​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម។ នេះ​បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែកនិង​ប្រភព​ពេទ្យ​ដែលបាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP កាលពី​ថ្ងៃ​អង្គារ​ស្រប​ពេល​ដែលក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី​សាអូឌីត បាន​វាយ​បក​វិញ​បន្ទាប់ពី​មាន​ការវាយ​ប្រហារដ៏​ប្រល័យ​មួយ​លើរាជធានី​អាប៊ុយដាប៊ី​នៃ​ប្រទេស​អេមីរ៉ាត់​អារ៉ាប់​រួម​ដែល​បណ្តាល​ឲ្យ​មាន​ភាពតានតឹង​កើន​ឡើងនៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែក្យ​នោះ។

ពលរដ្ឋ​បានជីក​កកាយកម្ទេច​បាក់បែក​ដើម្បី​រក​អ្នក​នៅ​រស់រាន​មាន​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារតាម​អាកាស​ទៅ​លើ​ផ្ទះ២​ខ្នង​នៅ​ក្នុង​រដ្ឋធានី​សាណា​នៃ​ប្រទេស​យេម៉ែន ប៉ុន្មាន​ម៉ោង​ បន្ទាប់ពី​ក្រុម​ឧទ្ទាម Huthi បាន​អះអាង​ពី​ការវាយ​ប្រហារ​តាម​យន្តហោះគ្មាន​មនុស្ស​បើក ដែលបាន​សម្លាប់​មនុស្ស​៣​នាក់​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​អេមីរ៉ាត់​អារ៉ាប់​រួម។

«មនុស្ស១១នាក់​បាន​ត្រូវ​សម្លាប់។ ការរុករក​នៅ​កំពុង​បន្ត​ធ្វើ​ឡើង​នៅ​ឡើយ​ដើម្បី​ស្វែងរក​អ្នក​នៅ​រស់រាន​មាន​ជីវិត​នៅ​ក្នុង​កំទិច​បាក់បែក»។ នេះ​បើ​តាម​លោក Akram al-Ahdal ជា​សាច់​ញាតិ​ម្នាក់​របស់​ជនរងគ្រោះ និង​ប្រភព​ពេទ្យ​ដែល​បាន​បញ្ជាក់​ពី​ចំនួន​មនុស្ស​ស្លាប់​នេះ។

ប្រទេស​អេមីរ៉ាត់​អារ៉ាប់​រួម​ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​ដែល​កំពុង​ប្រយុទ្ធ​ពួក​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ បាន​សន្យា​ធ្វើ​ការ ឆ្លើយ​តប​ដ៏​ខ្លាំង​ដល់​ការវាយ​ប្រហារ​កាលពី​ថ្ងៃ​ចន្ទ ដែល​ជា​ការវាយ​ប្រហារ​ដ៏​ប្រល័យ​លើក​ទី១​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ខាង​ក្នុង​ព្រំដែន​របស់​ខ្លួន​ហើយ​បាន​អះអាង​ដោយ​ពួក​បះបោរ​យេម៉ែន។

ក្រុម​ចម្រុះ​បាន​ធ្វើ​ការវាយ​ប្រហារ​ជា​ថ្មី​ដោយ​កំណត់​គោល​ដៅ​ទៅ​លើ​ជំរំ​របស់​ក្រុម​ឧទ្ទាម Huthi និងទី​បញ្ជាការ​របស់​ពួក​គេ​នៅ​ក្នុង​រដ្ឋធានី​សាណា​នៅ​ថ្ងៃ​អង្គារ​។ នេះ​បើតាម​ការ​បង្ហោះ​សារ​ក្នុង Twitter ដោយទូរទស្សន៍​រដ្ឋ Al-Ekhbariya នៃ​ប្រទេស​អារ៉ាប៊ីសា​អូឌីត។

សហរដ្ឋ​អាមេរិក​បាន​សន្យា​ធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម Huthi ទទួល​ខុសត្រូវ ស្របពេល​ដែល​ចក្រភព​អង់គ្លេស​និង​ប្រទេស​បារាំង​និង​សហភាព​អឺរ៉ុប ក៏​បាន​ថ្កោលទោស​ការវាយ​ប្រហារ​នេះដែរ៕