លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានដាក់ពាក្យធ្វើជាសមាសភាពថ្នាក់ដឹកនាំរបស់ស្ថាប័ននេះនៅក្នុងអាណត្តិទី៦ ខណៈរដ្ឋសភាកំពុងដំណើរការជ្រើសរើសសមាជិកក្បាលម៉ាស៊ីនទាំង៩រូប។
ការជ្រើសរើសសមាសភាពថ្នាក់ដឹកនាំស្ថាប័នរៀបចំគ.ជ.ប សាជាថ្មី ដោយសារគណបក្សហ្វ៊ុនស៊ិនប៉ិចក៏ឈ្នះបាន៥អាសនៈក្នុងចំណោមអាសនៈសរុបចំនួន១២៥នៅរដ្ឋសភា។
បើតាមរដ្ឋធម្មនុញ្ញកម្ពុជា គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា គឺជាអ្នកចូលរួមបង្កើតក្បាលម៉ាស៊ីនដឹកនាំស្ថាប័នរៀបចំការបោះឆ្នោត។ ច្បាប់នេះត្រូវបានកំណត់កាលពីប្រមាណ១០ឆ្នាំមុន តាមការឯកភាពរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ។
លោក ហង្ស ពុទ្ធា ដែលជាអតីតមេដឹកនាំអង្គការនិចហ្វិច ដែលឃ្លាំមើលការបោះឆ្នោត កាន់តំណែងជាសមាជិកថ្នាក់ដឹកនាំនៅក្នុងស្ថាប័នគ.ជ.ប អស់រយៈពេល៨ឆ្នាំមកហើយ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក ហង្ស ពុទ្ធា លើកឡើងថារូបលោកអនុវត្តទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី និងថាសំឡេងនិយាយចេញទៅខាងក្រៅ ឬប្រព័ន្ធផ្សព្វផ្សាយ គឺតំណាងឱ្យសមាសភាពនៃថ្នាក់ដឹកនាំរបស់ស្ថាប័នគ.ជ.ប ទាំងអស់។ លោកបន្ថែមថាការងារកាលពីកន្លងទៅ គឺយកច្បាប់និងនីតិវិធីជាគោល ហើយមិនមានភាពលម្អៀងទៅកាន់គណបក្សណាមួយឡើយ។
លោកបញ្ជាក់ថា៖ «ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធពិសេស គឺគណបក្សនយោបាយផ្សេងៗគ្នាទទួលយកបានគឺ គ.ជ.ប ត្រូវរក្សាជំហរជាអព្យាក្រឹត្យ ក្នុងការបញ្ចេញជាយោបល់ ពិសេសគឺគោរពតួនាទីរបស់ខ្លួនជាអាជ្ញាកណ្តាល ហើយប្រកាន់ខ្ជាប់ភាពមិនលម្អៀងនិងមិនអនុញ្ញាតឱ្យគណបក្សនយោបាយណាមួយប្រើប្រាស់ឥទ្ធិពលមកលើ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ»។
កាលពីកន្លងទៅ មានការរិះទៅលើស្ថាប័នគ.ជ.ប ថាមានភាពលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា។ លោក ហង្ស ពុទ្ធា ច្រានចោលការរិះគន់ទាំងនោះ និងថាស្ថាប័នរៀបចំការបោះឆ្នោតអនុវត្តទៅតាមច្បាប់និងគោលការណ៍។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែលដែលឃ្លាំមើលការបោះឆ្នោត ថ្លែងថាខុមហ្វ្រែលមិនមានការវាយតម្លៃអំពីការអនុវត្តតួនាទីរបស់ស្ថាប័នរៀបចំការបោះឆ្នោតនោះទេ ប៉ុន្តែលោកថាស្ថាប័នមួយនេះរងការរិះគន់ផ្សេងៗគ្នាទៅលើការរៀបចំការបោះឆ្នោតកាលពីកន្លងទៅ ជាពិសេសការមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០២៣។
លោកថ្លែងថា៖«យើងឃើញថាមានការលើកឡើងពីបញ្ហាទាក់ទងទៅនឹងបណ្តឹងរបស់គណបក្សនយោបាយនៃការចូលរួមនៅក្នុងឆ្នាំ២០២២ ការបដិសេធការចូលរួមរបស់គណបក្សភ្លើងទៀនឆ្នាំ២០២៣ផងដែរ។ នេះគឺជាអ្វីដែលជាការយើងមើលឃើញនៅក្នុងការអនុវត្តហ្នឹង»។
លោក រ៉ុង ឈុន អតីតអនុប្រធានគណបក្សភ្លើងទៀន និងបច្ចុប្បន្នជាទីប្រឹក្សារបស់គណបក្សកម្លាំងជាតិ លើកឡើងថាក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ស្ថាប័នរៀបចំការបោះឆ្នោតដែលលោកធ្លាប់ជាសមាជិកថ្នាក់ដឹកនាំមួយរូបដែរក្នុងចំណោម៩នាក់ បាត់បង់នូវអ្វីដែលលោកហៅថា«ទម្រង់ដើម»។ លោកបន្ថែមថាស្ថាប័នមួយនេះពិបាកនៅក្នុងការធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តណាស់ ដោយសារតែគណបក្សប្រឆាំងដ៏មានសក្តានុពល គឺគណបក្សភ្លើងទៀនមិនត្រូវបានឱ្យចូលរួមការបោះឆ្នោត។
លោកបញ្ជាក់ថា៖ «អ៊ីចឹងទោះបីការរៀបចំរចនាសម្ព័ន្ធឡើងវិញក្តី យើងឃើញថាក៏មិនអាចផ្តល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខនេះបានល្អប្រសើរដែរ»។
កាលពីដើមឆ្នាំ២០២៣ ពោលគឺនៅមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានស្នើឱ្យមានការជ្រើសរើសសមាជិក គ.ជ.ប ថ្មី ដោយជ្រើសរើសអ្នកឯករាជ្យ ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងគោលដៅធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដែលអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ និងពីម្ចាស់ឆ្នោត។
រដ្ឋសភាកម្ពុជាបានកំពុងដំណើរការជ្រើសរើសសមាជិកនៃថ្នាក់ដឹកនាំគ.ជ.ប ចំនួន៩រូបតាមច្បាប់ដែលមានចែង។ បើអនុវត្តតាមច្បាប់ដែលមាន គណបក្សប្រជាជនកម្ពុជាអាចជ្រើសរើសសមាជិក គ.ជ.ប ចំនួន៤រូប ចំណែកគណបក្សហ៊្វុនស៊ិនប៉ិចដែលមាន៥អាសនៈនៅរដ្ឋសភាដែរអាចជ្រើសរើស៤រូប និង១រូបទៀតត្រូវជ្រើសរើសដោយការព្រមព្រៀងរបស់គណបក្សទាំង២ដែលមានអាសនៈក្នុងរដ្ឋសភា។
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ប្រាប់វីអូអេនៅថ្ងៃពុធនេះថាមកទល់ពេលនេះ មានបេក្ខជនគ្រប់លក្ខខណ្ឌចំនួន១១រូប ហើយនីតិវិធីបន្ទាប់គឺត្រូវរង់ចាំគណៈអចិន្ត្រៃយ៍បញ្ជូនទៅខាងតំណាងរាស្ត្រ ដើម្បីបោះឆ្នោត។
លោកថ្លែងថា៖«១១ជាបេក្ខជនៗដែលគ្រប់លក្ខខណ្ឌ ទីមួយ។ ទីពីរ មិនទាន់ដឹងទេ ពីព្រោះបេក្ខជនហ្នឹងត្រូវតែជូនទៅគណបក្សដែលកាន់រដ្ឋាភិបាល និងគណបក្សមិនមែនជារដ្ឋាភិបាលត្រូវជ្រើសរើសក្នុង១១នាក់ហ្នឹង គាត់ជ្រើសរើសយកនរណា។ អ៊ីចឹងគេបញ្ជូនមកគណៈអចិន្ត្រៃយ៍ៗ ក៏សម្រេចទៅតាមហ្នឹងដែរ។ អាហ្នឹងគឺជាច្បាប់ ច្បាប់កំណត់»។
ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះមិនទាន់អាចបញ្ចេញឈ្មោះដែលបានដាក់ពាក្យធ្វើជាថ្នាក់ដឹកនាំទាំង៩រូបរបស់ស្ថាប័នរៀបចំការបោះឆ្នោតនៅឡើយទេ។
បើតាមច្បាប់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រូវរៀបចំបញ្ជីសមាសភាពគ.ជ.ប ដាក់ជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត តាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ដែលបច្ចុប្បន្នគ្រប់គ្រងស្ទើរតែទាំងអស់ដោយគណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ថាសមាសភាពក្បាលម៉ាស៊ីនដឹកនាំស្ថាប័ន គ.ជ.ប ទាំង៩រូប មានអាណត្តិបំពេញការងាររយៈពេល៥ឆ្នាំ ប៉ុន្តែក្នុងករណីដែលខកខានមិនបានរៀបចំសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺសមាសភាពមានស្រាប់ ត្រូវអនុវត្តការងាររបស់ខ្លួនបន្តទៀត និងមានសមត្ថកិច្ច ដើម្បីចាត់ចែងរៀបចំការបោះឆ្នោតស្របតាមច្បាប់ជាធរមាន។ នេះបើយោងតាមច្បាប់ស្តីពី«ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»ឆ្នាំ២០១៥៕