មន្ត្រី​ជាន់​ខ្ពស់៖ គ.ជ.ប​ចំណាយ​ប្រាក់​ប្រមាណ​៦០​លាន​ដុល្លារ​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់

មន្ត្រី​តាម​ការិយា​ល័យ​បោះឆ្នោត​ ​ត្រួត​ពិនិត្យ​ឯក​សារ​បោះ​ឆ្នោត​របស់​ពល​រដ្ឋ​ នៅ​ការិយាល័យ​បោះ​ឆ្នោត​អូរ​តាគាំ១​​ ​ក្នុង​ក្រុង​បាត់​ដំបង នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប​/​វីអូអេ)

មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ការពារ​ការ​ចំណាយថវិកា​ជាតិប្រមាណ​៦០​លាន​ដុល្លារ​អាមេរិក​សម្រាប់​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥​នេះ​ថា​ បានគិត​គូរ​ល្អិត​ល្អន់ និង​ដោយ​សុក្រឹតភាព។

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៥​ ខែ​មិថុនា មាន​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន​១.៦៥២ ដែល​កើន​លើស៦​ឃុំ​សង្កាត់ បើ​ប្រៀបធៀប​នឹង​អាណត្តិ​ទី​៤ និង​មាន​ការិយាល័យ​បោះ​ឆ្នោត​សរុប​២៣.៦០២។ ថវិកា​ចំណាយ​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​នេះ មាន​ប្រមាណ​៦០​លាន​ដុល្លារ​អាមេរិក​ ច្រើន​ជាង​ឆ្នាំ​មុន ជាង៧​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។

លោក ​សោម សូរីដា ​អគ្គ​លេខា​ធិការ​រង​នៃ​ គ.ជ.ប ​បាន​ថ្លែង​ការ​ពារ​ការ​ចាត់​ចែង​ថវិកា​ជាតិ​សម្រាប់​ការ​រៀប​ចំ​ការបោះ​ឆ្នោ​ត​នេះ​ថា​ គ.ជ.ប ​បាន​ចាត់​ចែងត្រឹម​ត្រូវ​តាម​ផែន​ការ​គ្រោង ដែល​បានស្នើ​ពី​រដ្ឋ​ជាង​៦០​លាន​ដុល្លារ​អាមេរិក ហើយការ​ចំណាយ​សម្រាប់​បោះ​ឆ្នោត​អាណត្តិ​នេះ មិន​លើស​ផែន​ការដែល​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​បាន​គ្រោង​ឡើយ។

លោក​ថ្លែង​ថា៖ ​«ក្នុង​កម្រិត​នេះ​គឺ​ជា​កម្រិត​មួយ​ដែល​ល្អិត​ល្អន់​នៅ​ក្នុង​ការ​ស្នើ​សុំ​ពី​រដ្ឋ​ និង​ការ​ទូទាត់ ចំណាយ​ជាក់​ស្តែង។ អ៊ីចឹង​ ចំនួន​នេះ​អត់​មាន​ការ​កើន​លើស​ថវិកា​ដែល​គ្រោង​ទុក​ទេ​ គឺ​មាន​តែ​សល់។ សល់​តិច​តួច»។

លោក ​សោម សូរីដា ​អគ្គ​លេខា​ធិការ​រង​នៃ​ គ.ជ.ប ​ក្នុង​អំឡុង​បទ​សម្ភាសន៍​ជាមួយក្រុមការងារ​វីអូអេ​ក្នុង​ពេល​កន្លង​មក។

លោក​បន្ថែម​ថា ​ការ​កើន​ឡើង​ការ​ចំណាយ​លើស​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​នេះ ព្រោះ​ទំនិញ​ឡើង​ថ្លៃ​ ដោយ​សារវិបត្តិ​អន្តរជាតិ និង​ការ​រីករាល​ដាល​ជំងឺ​កូវីដ១៩ ហើយ​ថវិកា​ជាតិនោះ​ត្រូវ​ចំណាយ​លើ​៤​ដំណាក់កាល​ ដូច​ជាដំណាក់​កាល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោ​ត ដើម្បី​រៀប​ចំ​បញ្ជី​បោះ​ឆ្នោត ដែល​ចំណាយប្រមាណ​១៦​លាន​ដុល្លារ​អាមេរិក​ និង​៣​ដំណាក់​កាល​សំខាន់​ទៀត គឺដំណាក់កាល​ចុះ​បញ្ជី​បេក្ខជន​នយោបាយ​ ដំណាក់​កាល​ឃោសនា​បោះ​ឆ្នោត ដំណាក់​កាល​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ ដែល​រួម​មាន​ការ​ជ្រើស​រើស​មន្ត្រី និង​ទិញ​សម្ភារៈ​បរិក្ខារ​ ដែល​ចំណាយ​អស់​ប្រមាណ​ ៤៣​លាន​ដុល្លារ​អាមេរិក។

លោក​បញ្ជាក់​ថា៖ «បរិ​បទ​ឆ្លង​ជំងឺ​កូវីដ១៩ ​រួម​ជា​មួយ​ស្ថានការណ៍​អន្តរ​ជាតិ​នេះ ​ធ្វើ​ឱ្យ​ទំនិញ​ឡើង​ថ្លៃ​ខ្ពស់​ជាង​ឆ្នាំ​២០១៧​ អ៊ីចឹង​ទេ​បាន​ជា​ចំនួន​នៃ​ទឹក​ប្រាក់​៦០​លាន​ដុល្លារ​នេះ ដែល​ត្រូវ​ចំណា​យ​ក្នុង​ដំណាក់​កាល​ទាំង​៤​នេះ មាន​ការ​កើន​ឡើង​»។

លោក សោម សូរីដា ឱ្យ​ដឹង​ថា​ស្ថាប័ន​ គ.ជ.ប​ បាន​បោះ​ពុម្ព​សន្លឹក​ឆ្នោ​ត​សម្រាប់​ការ​បោះ​ឆ្នោ​ត​ឆ្នាំ​២០២២​នេះ ជាង​១១​លាន​សន្លឹក និង​បម្រុង​ប្រមាណ​១​លាន​សន្លឹក។ ចំនួន​អ្នក​មក​បោះ​ឆ្នោត​មាន​ប្រមាណ​៧​លាន​៣​សែន​នាក់ ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ប្រមាណ​៩លាន​២​សែន​នាក់​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​របស់​គ.ជ.ប។

កាលពី​ឆ្នាំ​២០១៧ សហរដ្ឋអាមេរិក​ដែល​ធ្លាប់ផ្ដល់​ជំនួយជា​ថវិកា​ប្រមាណ​១.៨លាន​ដុល្លារ​អាមេរិក ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​សម្រេច​ដក​ថវិកា​របស់​ខ្លួន​វិញ ក្រោយ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និងដក​ហូត​អាសនៈ​របស់​តំណាង​រាស្ត្រ និង​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត។ ចំណែក​សហ​ភាព​អឺរ៉ុប​ក៏​បាន​កាត់​ផ្ដាច់​រាល់​ជំនួយ​ទាំង​អស់ ដែល​ធ្លាប់​ផ្ដល់​ទៅ​ឲ្យ​ស្ថាប័ន​គ.ជ.ប។

លោក កន សាវាង្ស មន្រ្តី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុម​ហ្វ្រែល ថ្លែង​ថា​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ចំណាយ​ថវិកា​ជាតិ គឺ​ទាល់​តែ​ធ្វើ​សវន​កម្ម​ឯក​រាជ្យ​មួយ ដោយសារ​ថវិកា​ទាំង​នេះ បាន​មក​ពី​ការ​បង់​ពន្ធ​របស់​ប្រជា​ពលរដ្ឋ។ បន្ថែម​ពី​នេះ លោក​ចង់​ឃើញ​ស្ថាប័ន ​គ.ជ.ប រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​ប្រជាពលរដ្ឋ​ពេញ​ចិត្ត និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដូច​ជា​ការ​បញ្ជាក់​ច្បាប់ ឬ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់ ​គ.ជ.ប ​ឱ្យ​បាន​ច្បាស់​លាស់​ទៅ​ដល់​ប្រជា​ពលរដ្ឋ ​ដូច​ជា​ការ​បិទ​ទ្វារ ឬ​បើក​ទ្វារ​ការិយាល័យ​នៅ​ពេល​រាប់​សន្លឹក​ឆ្នោត​ជា​ដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​មិន​សប្បាយ​ចិត្ត​នឹង​ស្ថាប័ន ​គ.ជ.ប។

លោក​ថ្លែង​ថា៖ ​«ឧទាហរណ៍​ ទាក់​ទង​ជាមួយ​រឿង​ចូល​ទៅ​ពិនិត្យ​មើលលទ្ធផល​ឆ្នោត​ជាដើម​ ដែល​នៅ​ក្នុង​ច្បាប់​បាន​ចែង​ភាព​មិន​ច្បាស់​លាស់​ក្នុង​នីតិវិធី មិន​មាន​កន្លែង​ណា​ដែល​បញ្ជាក់​ថា​រាប់​លទ្ធផល​ឆ្នោត​ឱ្យ​បើក​ទ្វារ ឬ​មិន​បើក​ទ្វារ​នេះ ​គឺ​ថា​មិន​បាន​ចែង​ឱ្យ​ជាក់​លាក់។ អ៊ីចឹង​ចំណុច​នេះ គឺ​ជា​ប្រយោជន៍​ណាស់​សម្រាប់​ប្រជា​ពល​រដ្ឋ​ ដែល​ប្រើ​ប្រាស់​ថវិកា​ទាំង​អស់​នេះ ជា​ធន​ធាន​ថវិកា​របស់​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​ច្បាប់​មិន​បាន​កំណត់​ឱ្យ​បាន​ច្បាស់​លាស់​ ជាក់លាក់​...​ [ដែល​]​ធ្វើ​ឱ្យ​គាត់​[​ពល​រដ្ឋ​]​មិន​មាន​ការ​សប្បាយ​ចិត្ត​ទេ»។

​លោក ​សោម សូរីដា មន្រ្តី​ជាន់​ខ្ពស់​នៃ ​គ.ជ.ប ឲ្យ​ដឹង​ថា​ស្ថាប័ន​នេះ​បាន​ចំណាយ​ថវិកា​ប្រមាណ​ ៥៣​លាន​ដុល្លារ​សម្រាប់​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ ដែល​កាល​នោះ​មាន​ឃុំ​សង្កាត់១៦​៤៦ និង​មាន​ការិយាល័យ​បោះ​ឆ្នោត​ជាង​ ២​ម៉ឺន​២​ពាន់នៅ​ទូទាំង​ប្រទេស។

គួរ​បញ្ជាក់​ថា​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​រិះគន់​ស្ថាប័ន ​គ.ជ.ប ថា​ មិន​ទាន់​បាន​បំពេញ​តួនាទី​ឯក​រាជ្យ​របស់​ខ្លួន​នៅ​ឡើយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទុក​ចិត្ត ដោយ​សារ​សមាស​ភាព​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​នេះ មក​ពី​គណ​បក្ស​កាន់​អំណាច៕