គ.ជ.ប.​សម្រេច​​មិន​យក​សំណើ​របស់​គណ​បក្ស​នយោ​បាយ​បញ្ចូល​ក្នុង​នីតិ​វិធី​នៃ​ការ​បោះ​ឆ្នោត

រូបឯកសារ៖ ក្រុមមន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ កំពុង​រៀបចំ​ការិយាល័យ​បោះឆ្នោត​ និង​បិទបញ្ជី​បោះឆ្នោត​ថ្មី​ នៅតាម​ការិយាល័យ​បោះឆ្នោត​មួយ ត្រៀម​សម្រាប់​ថ្ងៃ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា​ គ.ជ.ប.​បាន​បដិសេធ​មិន​ទទួល​យក​សំណើ​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល ​ដែល​ស្នើ​សុំ​កែ​លម្អ​នីតិ​វិធី​ការ​បោះ​ឆ្នោត​ដើម្បី​ធានា​ការ​បោះឆ្នោត​មួយ​សេរី ត្រឹម​ត្រូវ ​និង​យុត្តិធម៌​ នៅ​ខែ​កក្កដា​ខាង​មុខ។

កាលពីខែ​វិច្ឆិកា ​ឆ្នាំ​២០​២២​ ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​គ.ជ.ប.បានអនុញ្ញាត​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ ដែល​រួម​មាន​អង្គការ​សង្គម​ស៊ីវិល​ គណ​បក្ស​នយោ​បាយ​ និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ផ្តល់​មតិ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​សម្រាប់​ការ​បោះ​ឆ្នោត​ ដើម្បី​ឈាន​ទៅ​អនុ​ម័ត​ជា​ច្បាប់។ ​គណ​បក្ស​នយោ​បាយ​មួយ​ចំនួន​បាន​ផ្តល់​យោបល់​ទៅ​ស្ថាប័ន​គ.ជ.ប.​ ដោយ​ស្នើ​ឲ្យ​មាន​ការ​កែ​លម្អ​ចំណុច​មួយ​ចំនួន​សម្រាប់នីតិ​វិធី​នៃ​ការ​បោះ​ឆ្នោត។​

ចំពោះ​សំណើ​កែ​លម្អនីតិវិធី​បោះ​ឆ្នោត​ចំនួនជាង​១០​ចំណុច​ដែលគណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​ដាក់​ទៅ​ស្ថាប័ន​គ.ជ.ប.​ កាលពី​ខែ​វិច្ឆិកា ​គឺ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​បដិសេធ ​ដោយ​មិន​កែ​ប្រែ​តាមចំណុច​ដែល​គណ​បក្ស​នេះ​បាន​ស្នើ​សុំ​នោះ​ទេ។​

​លោក ​យ៉េង វីរៈ ​ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ​បាន​បង្ហាញ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​បដិសេធ​ពី​ស្ថាប័ន​គ.ជ.ប.​នូវ​រាល់​សំណើ​របស់​គណ​បក្ស។ ​ហេតុ​ដូច្នេះ​លោក​ថា ​ដំណើរ​ការ​បោះ​ឆ្នោត​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹម​ត្រូវ ​និង​យុត្តិ​ធម៌ឡើយ។​

លោក​ថ្លែង​ថា៖​ «នេះ​ដែល​ជា​បញ្ហា​ដែល​យើង​គិត​ថា ​ការ​បោះ​ឆ្នោត​ហ្នឹង​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​ពិបាក​[ដែល]​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ សេរី ​និង​យុត្តិ​ធម៌»។​

លោក​ថា​ ក្នុង​នីតិវិធី​នៃ​ការ​បោះឆ្នោត​នេះ​គឺ​ត្រូវកែ​ប្រែ​ចំណុច​មួយ​ចំនួន​ដើម្បី​ធានា​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ ដែល​អាចប្រព្រឹត្ត​ទៅ​ដោយ​សេរី ​ត្រឹម​ត្រូវ ​និង​យុត្តិ​ធម៌។​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​សម្រេច​មិន​កែ​ប្រែ​តាម​ការ​ស្នើ​ឲ្យ​កែ​ចំណុច​មួយ​ចំនួន​តាម​យោបល់​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​នោះ​ទេ។ ​នេះ​បើ​តាម​លិខិត​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​ចុះ​ថ្ងៃ​ទី​២៨ ​ខែ​ធ្នូ ​ឆ្នាំ​២០២២។​

សំណើ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន រួម​មាន​ការ​ជ្រើស​រើស​គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត ទាំង​នៅ​ថ្នាក់​រាជ​ធានី​ខេត្ត ​ទាំង​ថ្នាក់​ឃុំ​សង្កាត់​ និង​គណៈ​កម្ម​ការ​ការិយាល័យ​បោះ​ឆ្នោត ​និងរាប់​សន្លឹក​ឆ្នោតមិន​ត្រូវ​ជ្រើស​រើស​យកសមាស​ភាព​ដែល​ជាមន្ត្រី​គណ​បក្ស​នយោ​បាយ​ណា​មួយ ​ព្រោះ​អ្នក​បោះ​ឆ្នោត​មើល​ឃើញ​ថា​ មន្ត្រីគណ​បក្ស​នយោ​បាយ​ណា​មួយ ​និងមន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​ជា​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ទាំង​នៅ​ថ្នាក់​រាជ​ធានី​ខេត្ត ​ទាំង​ថ្នាក់​ឃុំ​សង្កាត់ ​និង​គណៈ​កម្មការការិយាល័យ​បោះ​ឆ្នោត​ និងរាប់​សន្លឹក​ឆ្នោត​ គឺ​ជា​មនុស្ស​តែមួយ ​ដែល​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​ការ​ធានា​នូវ​ភាព​អព្យា​ក្រឹត្យភាព​ ​សេរី​ ត្រឹម​ត្រូវ ​និង​យុត្តិ​ធម៌​របស់​មន្ត្រី​រៀប​ចំការ​បោះ​ឆ្នោត។​

ស្ថាប័ន​ គ.ជ.ប.​សំអាង​តាម​មាត្រា​១៩​ មាត្រា​៣០​ និង​មាត្រា​៣៥​នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ដែល​ថា ​ប្រធាន​ អនុ​ប្រធាន​ និង​សមាជិក​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ក្រោម ​ដែល​ជា​សមាជិក​គណ​បក្ស​នយោបាយ ​ត្រូវ​លា​លែង​ពី​សមាជិក​ភាព​នៃ​គណ​បក្ស​នយោ​បាយ​រហូត​ដល់​ថ្ងៃ​ចប់​ភារ​កិច្ច។​

គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ក៏​បាន​ស្នើ​ស្ថាប័ន​គ.ជ.ប.ឲ្យ​កែ​ប្រែ​ មានដូចជា​ខេត្ត​ដែល​មាន​អាសនៈ​សភា​តំណាង​រាស្ត្រ​តែ​១​អាសនៈ​ គួរ​បន្ថែម​ទៅ​២​ ឬ៣​អាសនៈ ​ការ​ប្រើ​ប្រាស់​រូប​មន្ត​សំណល់​ធំ​បំផុតដូច​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​ក្នុងការ​បែង​ចែក​អាសនៈ ​ពេល​រាប់​សន្លឹក​ឆ្នោត​មិន​ត្រូវ​ឲ្យ​មាន​ការ​បិទ​បង្អួច ​និង​ទ្វារ​នៃ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ និង​មិន​ត្រូវ​ដេញ​អ្នក​បោះឆ្នោត​ដែល​មិន​បង្ក​ការ​រារាំង​ដល់​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​ចេញ​ពី​បរិវេណ​ក្រៅ​ការិយា​ល័យ​រាប់​សន្លឹក​ឆ្នោត​ និង​ការ​ចែក​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ជូន​ភ្នាក់​ងារ​គណ​បក្ស​នយោ​បាយ​ដែល​មាន​វត្តមាន។ ​ស្ថាប័ន​គ.ជ.ប.​បាន​បដិសេធ​មិន​កែ​ប្រែ​ដូច​ការ​ស្នើ និង​បានរក្សា​ទុក​ចំណុច​ទាំង​អស់​ឲ្យ​ដូច​ទៅ​នឹ​ង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​។​

​លោក ​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ.ជ.ប. ​ប្រាប់​វីអូអេ​ថា​ ស្ថាប័ន​គ.ជ.ប.​បាន​ទទួល​យក​សំណើ​មក​ពិចារណា ​ ប៉ុន្តែ​មិន​មែន​គ្រប់​សំណើ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​បាន​ទទួល​យក​មក​បញ្ចូល​ក្នុង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​នោះ​ទេ។​ ​

​លោក​ថ្លែថា៖ ​«សង្គម​កម្ពុជា​យើង​មាន​គណ​បក្ស​នយោបាយ​ច្រើន​ ហើយ​មាន​អ្នក​បោះ​ឆ្នោត​ក៏​ច្រើន​ដែរ​ អ៊ីចឹង​គ.ជ.ប.​ពិត​ជា​ពិបាក​ក្នុង​ការ​ផ្គាប់​ចិត្ត ​ដើម្បី​ឲ្យ​អ្នក​ខ្លះ ​ឬក៏​មតិ​ភាគ​តិច ​ទទួល​យក​តាម​បំណង​របស់​ខ្លួន​ណាស់។​ អ៊ីចឹង​អ្វី​ដែល​បាន​អនុម័ត​ហើយ​ គ.ជ.ប.​ស្នើ​សូម​ឲ្យ​គោរព​តាម​ច្បាប់ ​និង​បទ​បញ្ជា​នៃ​នីតិវិធី​ ដែល​បាន​កំពុង​តែ​អនុវត្ត​ជា​ធរមាន​ទាំង​អស់​គ្នា»។​

ទាក់​ទង​នឹង​ការ​ជ្រើស​រើស​មន្រ្តី​ថ្នាក់​ក្រោម​ដែលទាម​ទារ​កុំ​ឲ្យ​យក​សមាសភាព​ជា​សមាជិក​គណ​បក្ស​នយោ​បាយ ​ ស្ថាប័នគ.ជ.ប.​មិន​អាច​កំណត់​លក្ខ​ខណ្ឌ​ ដូច​ការ​ទាមទារ​របស់​គណ​បក្ស​បាន​ទេ ​ព្រោះមិន​មាន​មហា​វិទ្យាល័យ​ជំនាញដើម្បី​បណ្តុះ​បណ្តាល​ការ​បោះ​ឆ្នោត ​ដូច្នេះ​ទើប​ស្ថាប័ន​គ.ជ.ប.​ត្រូវ​ការ​អ្នក​មាន​បទ​ពិសោធន៍​មក​បម្រើ​ការ​បោះ​ឆ្នោត​ ដែល​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ត្រូវ​តែ​គោរព​តាមច្បាប់​ដែល​មាន​ចែង​ ដោយ​មិន​ត្រូវ​លម្អៀង​ទៅ​កាន់​គណ​បក្ស​ណា​មួយ។​

លោក​ថ្លែង​ថា៖ ​«មន្ត្រី​ទោះ​បីជា​គាត់មក​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ​ គាត់​ត្រូវ​គោរព​តាម​បទ​បញ្ជា ​និង​នីតិវិធី​នៃ​ការ​បោះឆ្នោត ​អ៊ីចឹង​គាត់​មិន​អាច​ដើរ​លម្អៀង​ជាមួយ​តួនាទី​របស់​គាត់​ទេ។ ​ប្រសិន​ជា​មាន​ការសង្កេតឃើញ​ថា ​មន្ត្រី​ណា​បាន​ដើរ​លម្អៀង​នោះ​ គណ​បក្ស​នយោ​បាយ ​ឬភាគី​ពាក់​ព័ន្ធអាច​ដាក់​ពាក់​បណ្តឹងមក​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហើយ​គ.ជ.ប.​នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត»។​

លោក​ កន សាវាង្ស​ មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែលកត់​សម្គាល់ថា​ ស្ថាប័ន​គ.ជ.ប.​ទទួល​យក​សំណើតិច​តួច​ ឬ​សឹងកម្រិត​១%​ពី​ភាគី​ពាក់​ព័ន្ធ​ទៅពិចារណា ​និង​កែប្រែ​ក្នុង​នីតិ​វិធី​បោះឆ្នោត ដែល​នេះនៅ​តែ​ធ្វើ​ឲ្យ​គណ​បក្ស​នយោ​បាយ​តវ៉ា ​និង​ធ្វើ​ឲ្យ​មាន​ការ​មិន​ទុក​ចិត្តលើ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។​

លោក​ថ្លែង​ថា៖ ​«មាន​ន័យ​ថា​ គ.ជ.ប.​នៅតែ​បង្កើត​ការ​សង្ស័យ​ពី​សាធារណ​ជន ​រួមទាំងប្រជា​ពលរដ្ឋ។​ អ៊ីចឹង ទោះបីថា​ លោក​ខំប្រឹង​លើក​ម៉េច​ក៏​ដោយ ​ប៉ុន្តែ​គណបក្ស​នយោបាយ​គេ​តវ៉ា ​នៅ​តែ​គេ​ស្រែក​អ៊ីចឹ​ង ហើយ​អ៊ីចឹង​ការ​បំបាត់​ការ​តវ៉ា ​ការ​ស្រែក​អីហ្នឹង​វា​មិន​មែន​សំខាន់​ទៅ​លើ​ការ​ប្តឹង​ផ្តល់​មិន​ឲ្យ​ការ​និយាយ ​ប្តឹង​ផ្តល់​មិន​ឲ្យ​គេ​ថា​ទេ ​គឺ​សំខាន់​ស្ថាប័ន​គ.ជ.ប.​ខ្លួន​ឯង​ត្រូវ​ពង្រឹង​នូវ​ចំណុច​ណា​ដែល​មាន​ការ​ចន្លោះ​ប្រហោង​ហ្នឹង»។​

គួរ​បញ្ជាក់​ថា ​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​សកល​ជ្រើស​រើស​តំណាង​រាស្រ្ត ​នៅ​ថ្ងៃ​ទី២៣​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ខាង​មុខ៕