អ្នកឃ្លាំមើល​ការ​បោះឆ្នោត​ខ្វែង​គំនិត​គ្នា​​ចំពោះ​បន្ទប់​ស្ថានការណ៍​ក្រោយ​រង​ការ​ព្រមាន​ធ្ងន់ៗ​ពី​រដ្ឋាភិបាល​កម្ពុជា​​

រូប​ឯកសារ៖ ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​​ធ្វើសន្និសីទ​ព័ត៌មាន​​ស្តីពី​ស្ថានការណ៍​ក្រោយការ​បោះឆ្នោត​​ឃុំ​សង្កាត់​ នៅ​រាជធានីភ្នំពេញ​ កាលពីថ្ងៃ​ទី​៥ ខែមិថុនា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

ក្រុម​អង្គការ​សង្គមស៊ីវិល​មិនទាន់​បញ្ជាក់​បាន​ថា​ ពួកគេ​នឹង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ដើម្បី​ឃ្លាំមើល​ការ​បោះឆ្នោត​​​ខែ​កក្កដា​ ឆ្នាំ​២០១៨​នៅ​ឡើយ​នោះ​ទេ​ ​ដោយ​ពួកគេ​រង់​ចាំ​ការ​ចុះឈ្មោះ​​គណបក្ស​នយោបាយ​ និង​បេក្ខជន​ឈរ​ឈ្មោះ​ជា​មុន​សិន។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើនដែល​ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​ ​២០១៧​ ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ធ្វើ​អធិប្បាយ​ស្តី​ពី​ការ​បង្កើត​បន្ទប់​ស្ថានការណ៍​ ដែល​ធ្លាប់​ធ្វើ​ឲ្យ​លោក​ ​ហ៊ុន សែន​ ​នាយករដ្ឋមន្ត្រី​កម្ពុជា​ខឹង​សម្បារ​ជា​ខ្លាំង​ ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​ ដែល​បាន​បង្ហាញ​ថា​ គណបក្សសង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​នោះ​ ​បាន​កើន​ការ​គាំទ្រ​ជាង​៤០​ភាគរយ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​៤០​ ​ដែល​បាន​រៀបចំ​បន្ទប់​ស្ថានការណ៍​ឃ្លាំ​មើល​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែ​មិថុនា​ឆ្នាំ២០១៧​ ​បាន​រង​ការ​ព្រមាន​ពី​ក្រសួង​មហាផ្ទៃ​ ​ដែល​ហាម​មិន​ឲ្យ​បន្ទប់​ស្ថានការណ៍​នេះ​កើត​មាន​តទៅ​ទៀត​នោះ។

ក្រោយ​រង​ការ​ព្រមាន​ពី​ក្រសួង​មហាផ្ទៃ​និង​លោក​ ហ៊ុន សែន​ យ៉ាង​ដូច្នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ផ្តល់​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​ថា​ ​ការ​បង្កើត​បន្ទប់​ស្ថាន​ការណ៍​ទំនង​ជា​មិន​អាច​ទៅ​រួច ហើយ​ខ្លះ​ទៀត​ថា​ ​នឹង​ពិចារណា​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​បន្ទប់នេះ​ ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ។​

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ​Nicfec​ ​មាន​ប្រសាសន៍​ថា៖​

«កន្លង​មក​ ខ្ញុំ​ទទួល​លិខិត​ពី​ក្រសួង​ដែរ​ Comfrel ហើយ​នឹង​ Nicfec ​ហ្នឹង​ ​គឺ​គេ​ឲ្យ​បញ្ឈប់​ ​ ​ដូច្នេះ​ យើង​អត់​ចង់​ជំទាស់​ទេ។​ យើង​ជជែក​គ្នា​អស់​ហើយ។ ​យើង​អត់​ចង់​ជំទាស់​ទេ។​ ប៉ុន្តែ​យើង​មាន​វិធីសាស្ត្រ​ យើង​ធ្វើ​ការ​រួមគ្នា​ ហើយ​យើង​ជួប​ពិភាក្សា​គ្នា​ ជួប​ប្រជុំ​ NGO​ ធម្មតា​ណ៎ា​បាទ»។​

ប៉ុន្តែ​លោក​ កន សាវាង្ស​ អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel)​ ​លើក​ឡើង​ថា​ ក្រសួង​មហាផ្ទៃ​ពិតជា​បាន​ហាម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​មិន​ឲ្យ​ដំណើរ​ការ​បន្ទប់​ស្ថាន​ការណ៍​មែន។

លោក​មាន​ប្រសាសន៍​ថា៖​

«ក៏​ប៉ុន្តែ​យើង​នៅ​តែ​ទទូច​ចង់​បាន ​ព្រោះ​ថា​ ការ​បង្កើត​បន្ទប់​ស្ថានការណ៍​នេះ​មិនមែន​ជា​បន្ទប់ មិន​មែន​ជា​លក្ខណៈ​ខុស​ច្បាប់​ទេ។​ យើង​យល់​ឃើញ​ថា វា​ជា​លក្ខណៈ​ស្របច្បាប់​មួយ​ ស្រប​ទៅ​តាម​ គេ​ហៅ​ថា​ ការ​ចូលរួម​របស់​សង្គម​ស៊ីវិល​ និង​ការចូលរួម​របស់​ប្រជា​ពលរដ្ឋ​ទូទៅ។​ នេះ​គឺជា​ចំណុច​ដែល​យើង​យល់​ឃើញ​ថា​ មិន​មាន​អ្វី​ដែល​ជា​ចំណុច​ដែល​ខុស​រឿង​ច្បាប់​នោះ​ទេ​ បាទ»។​

នៅ​ក្រោយ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ ​បន្ទប់​ស្ថាន​ការណ៍​បាន​លើក​ឡើង​អំពីបញ្ហា​មួយ​ចំនួន​ ​ដែល​បាន​កើត​ឡើង​មុន​ថ្ងៃ​បោះឆ្នោត​ ​ដូច​ជា​ បរិយាកាស​ដែល​មាន​ការ​គាប​សង្កត់​ខាង​នយោបាយ​ ​ហិរញ្ញវត្ថុ​ឃោសនា​បោះ​ឆ្នោត​ និង​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ដែល​ខ្វះ​សមធម៌​ និង​ខ្វះ​តម្លាភាព​ ទី​លាន​ប្រជែង​នយោបាយ​ (Level of Playing Field) ​ដែល​ខ្វះ​សមភាព​ និង​បទ​បញ្ញត្តិ​បដិវាទ​ (controversial)​ ​ខ្លះ​នៃ​ក្របខ័ណ្ឌ​ច្បាប់​បោះឆ្នោត​និង​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​នៃ​ច្បាប់​គណបក្ស​នយោបាយ។​

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​លោក​ហ៊ុន សែន​ ដែល​បាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ កើត​ក្តី​ខឹង​សម្បារ​ និង​បាន​ស្តី​បន្ទោស​ខ្លាំងៗ​ថា ​បន្ទប់​ស្ថាន​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រៀបចំ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ជាង​៤០នេះ​ ​បាន​ធ្វើ​ឲ្យ​អាប់អួរ​ស្ថាន​ការណ៍​នយោបាយ។​

លោក​ ហ៊ុន​ សែន​ បាន​ដាក់​ការ​សង្ស័យ​ថា​ ​បន្ទប់​ស្ថាន​ការណ៍​អាច​ជា​បណ្តាញ​នៃ​បដិវត្តន៍​ពណ៌​ ដែល​លោក​បាន​លើក​ឡើង​ជា​រឿយៗ​ក្នុង​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក។​

លោក​បាន​ថ្លែង​ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​៦៦​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ​កាល​ពីខែ​មិថុនា​ ឆ្នាំ​ ២០១៧ ​យ៉ាង​ដូច្នេះ៖

«តើ​ពួក​គេ​មាន​សិទ្ធិ​បង្កើត​នូវ​ទីតាំង​បែប​នេះ​ ឬក៏​ទីតាំង​បែប​នេះ​ជា​មូលដ្ឋាន​បញ្ជា​នៃ​គោល​ការណ៍​បដិវត្តន៍​ពណ៌? ​ប្រសិន​បើ​យ៉ាង​ដូច្នោះ​ ក្រសួង​មហា​ផ្ទៃ​ត្រូវ​ចាត់​ការ​បន្ទាន់​ លើ​អ្វី​ដែល​ពួកគេ​បាន​និង​កំពុង​ធ្វើ​ ក្រោម​លេស​តាម​ពិនិត្យ​មើល​នៃ​ការ​បោះឆ្នោត»។​

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ក៏បាន​ហៅ​ការ​វាយ​តម្លៃ​របស់​បន្ទប់​ស្ថាន​ការណ៍​អំពី​បរិយាកាស​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ថា​ ជា​ការ​មើល​ស្រាល​ដល់​សមត្ថភាព​របស់​គណបក្ស​កាន់​អំណាច ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដែល​ខិតខំ​ធានា​បាន​ការ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​បរិយាកាស​គ្មាន​អំពើ​ហិង្សា​ និង​ការ​ភ័យ​ខ្លាច។​ លោក​អះអាង​ថា​ ​ក្រុម​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរ​ជាតិ​បាន​និយាយ​ថា​ ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​នា​ឆ្នំាំ​នោះមាន​លក្ខណៈ​សេរី ​ត្រឹមត្រូវ​ និង​យុត្តិធម៌។​

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​ជា​ស្ថាប័ន​បាន​ចូលរួម​ក្នុង​បន្ទប់​ស្ថាន​ការណ៍​ បាន​ថ្លែង​ថា​ ការ​រំលោទ​សិទ្ធិ​អ្នក​បោះឆ្នោត​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោតរបស់​អង្គការ​លីកាដូ។​ ​លោក​មាន​ប្រសាសន៍​ថា​ ​លីកាដូ​មិន​ទាន់​មានផែនការ​ជាក់​លាក់​ ​ដែល​មាន​ទំនាក់​ទំនង​ដល់​ការ​បង្កើត​បន្ទប់​ស្ថាន​ការណ៍​នោះ​នៅ​ឡើយ​ទេ។​

«មិនមែន​ទៅ​ អង្គការ​លីកាដូ​ រហូត​មក​ទល់​ពេលនេះ​ យើង​អត់​ទាន់​មាន​គម្រោង​ជាក់លាក់​ណា​មួយ​ថា​ យ៉ាង​ម៉េច​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ថា​ អង្គការ​លីកាដូយើង​នៅ​តែ​រក្សា​ ក្នុង​ការ​ងារ​របស់​ខ្លួន​ គឺ​ការ​ឃ្លាំមើល​ទាក់​ទង​នឹង​ការ​រំលោភ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​នេះ​ ប៉ុន្តែ​ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​ចូលរួម​សង្កេត​ការណ៍​អីយ៉ាង​ណានោះ​ យើង​មិនទាន់​គិត​ឲ្យ​បាន​ច្បាស់​លាស់​ទេ​បាទ»។​

យ៉ាងណាក៏​ដោយ​ ​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅថ្ងៃ​សុក្រ​នេះ​ថា​ ក្រុម​អ្នក​សង្កេត​ការណ៍​អាច​ស្នើ​មក​ក្រសួង​មហាផ្ទៃ​ ​ដើម្បី​រៀប​ចំ​បន្ទប់​ស្ថាន​ការណ៍​មួយ​ដែល​មាន​ជំហរ​អព្យាក្រឹត​ និង​មិន​បម្រើ​ដល់​ផល​ប្រយោជន៍​របស់​គណបក្ស​ប្រឆាំង​ ​ដែល​លោក​អះអាង​ថា​ បាន​រលាយ​បាត់​ទៅ​ហើយ​នោះ។​

«ឥឡូវ​នេះ​ វា​គ្មាន​គណបក្ស​ប្រឆាំង​ឯណា​ទៀត​ទេ។​ វា​អាលាយ​ហិន​ហោច​អស់​ហើយ​ រលាយ​សូន្យសុង​ទៅ​ហើយ។​ ​ក៏ប៉ុន្តែ​បើ​ថា ធ្វើ​មែន​ ធ្វើ​ឲ្យ​ច្បាស់​លាស់។ ​ប៉ុន្តែ​បន្ទប់​ស្ថាន​ការណ៍​ហ្នឹង​ ខ្ញុំ​យល់​ថា​ ដាក់​ពាក្យ​មក​ ការណ៍ដែល​ធ្វើ​បាន​ មិន​បាន​គឺអាស្រ័យ​ទៅ​លើការ​ពិនិត្យ​ពិចារណា​ ហើយ​នឹង​ដាក់​គោល​ការណ៍​ច្បាស់​លាស់​មក​គឺ​ពិនិត្យ​ឡើង​វិញ។ ​ក្នុង​ករណី​ហ្នឹង​ យើង​ចង់​បាន​អ្នក​សង្កេត​ការណ៍​ដោយ​ពិត​ប្រាកដ​ហ្នឹង​ ​ហើយ​មិនមែន​អ្នក​សង្កេត​ការណ៍​ គ្រាន់តែ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​គណបក្ស​ប្រឆាំង​ ដូច​កន្លងទៅ​២០១៣​ទេ​ ព្រោះយើង​មាន​មេរៀន​ហើយ នៅ​២០១៣​នេះ។ ​មេរៀន​ឆ្នាំ​២០១៣​បាន​បង្រៀន​ឲ្យ​យើង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ជា​ការ​ដក​ពិសោធន៍​នៅ​ឆ្នាំ​បន្តៗ​ទៀត។​ អីចឹង​បាន​សេចក្តី​ថា​ អត់​មានអី​ដែល​ repeat [ធ្វើ​ឲ្យ​មាន​ម្តង​ទៀត] ​នូវ​អ្វី​ដែល​កើត​ឡើង​នៅ​ឆ្នាំ​ ២០១៣​ទៀត​ទេ»។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ នៅ​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដឹក​នាំ​ប្រទេស​ដែល​បាន​ទទួល​សុខ​សន្តិភាព​ពេញ​លេញ​នៅ​ឆ្នាំ​១៩៩៨។ ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ ​ប្រជា​រាស្ត្រខ្មែរ​មួយ​ចំនួន​បានប្រាប់​ VOA កាលពីកន្លង​មក​ថា​ ពួកគាត់​គ្មាន​ជំនឿ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខនោះ​ឡើយ​ បើ​សិន​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ទៅតាម​បណ្តឹង​របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៧។

សម្រាប់​លោក​ ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​ប្រទេស​ជាង​៤០ឆ្នាំ​មក​នោះ​ ​បាន​ប្រកាស​នា​ពេល​កន្លង​មក​ជា​ញឹក​ញាប់ថា​ ​ការ​បោះឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅជា​ធម្មតា​តាម​ការ​គ្រោង​ បើ​ទោះ​មិន​មាន​អ្នក​អង្កេត​ការណ៍​ ​ឬ​គណបក្ស​ប្រឆំាង​ចូលរួម​ក៏​ដោយ ហើយ​បើ​ទោះ​ជា​គ្មាន​ការ​ទទួលស្គាល់​ពី​ប្រទេស​នៅ​បស្ចិមលោក​ក៏ដោយ៕