អ្នក​សង្កេតការណ៍​ព្រួយ​បារម្ភ​ពី​ការ​មិន​ស្មើ​ភាព​គ្នា​ក្នុង​ការ​បោះឆ្នោត​ជាតិ

ស្ត្រី​​មួយ​រូប​រក​ឈ្មោះ​​របស់​គាត់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​​ ក្នុង​អំឡុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ក្នុង​​ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។

រាជធានី​ភ្នំពេញ៖ អង្គការ​ខុមហ្រ្វែល​និង​អង្គការ​និកហ្វិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ដោយសារ​តែ​ភាព​មិន​ស្មើ​គ្នា​ក្នុ្ងង​ការ​ប្រកួត​ប្រជែង​និង​ការ​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​ត្រូវ​ចែកចាយ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​គណៈកម្មការធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​(ខុមហ្វ្រែល)​និង​គណៈកម្មាធិការ​អព្យាក្រិត្យ​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​(និកហ្វិក) ​លើកឡើង​ថា​ការប្រកួត​ប្រជែង​មិន​ស្មើភាព​គ្នា​ដោយសារ​តែ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ​មិនមាន​ឱកាស​ក្នុង​ការ​ចូល​រួម​ប្រកួត​ក្នុង​ការបោះឆ្នោត​«ដោយ​សុវត្ថិភាព» ​ខ្វះ​តម្លាភាព​ក្នុង​ការ​ជ្រើសរើស​និង​តែងតាំង​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គជប)​ និង​បាត់ឈ្មោះ​អ្នកបោះ​ឆ្នោត​ពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​រហូត​ដល់​១៧​ភាគរយ។

អង្គការ​ទាំងពីរ​ក៏​បាន​ទទូច​ឲ្យ គ.ជ.ប. ​បិត​ឈ្មោះ​អ្នកបោះឆ្នោត​ផ្លូវការ​នៅ​តាម​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចាប់​ពីពេល​នេះ​តទៅ​ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នកបាត់​ឈ្មោះ​ឬ​ឈ្មោះ​ខុសស្នើ​ឲ្យ​មាន​ការ​កែ​តម្រូវ។ មួយ​វិញ​ទៀត​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងពីរ​បាន​ស្នើ​ឲ្យគ.ជ.ប. ​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ដែល​មាន​អសនៈ​ក្នុង​រដ្ឋសភា​ចូលរួម​ក្នុង​ការចូលរួម​ជ្រើសរើស​និង​តែង​តាំង​សមាជិក​គណៈកម្មការ​បោះ​ឆ្នោត​ចូលរួម​ការបង្កើត​គណៈកម្មការ​ជ្រើសរើស​និង​ត្រួតពិនិត្យ​ការតែងតាំង​សមាជិក​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត។​

លោក ធន សារ៉ាយ ​ប្រធាន​គណៈកម្មាធិការ​នាយក​ខុមហ្រ្វែល​និង​ជា​ប្រធាន​សមាគម​អាដហុក​បាន​ ឱ្យ​ដឹង​ថា​ប្រសិន​បើ​ គជប ​មិន​ព្រម​ទទួល​យក​សំណើ​ទាំងនោះ​នឹងនាំ​ឱ្យ​បាត់បង់​ការ​ជឿ​ទុក​ចិត្ត​សម្រាប់​ការ​បោះឆ្នោត​ខាងមុខ។​

លោក​ធន សារ៉ាយ​មាន​ប្រសាសន៍​បន្ថែម​ថា៖ «ប្រសិនបើ​នៅតែ​មិន​ព្រម​ទទួល​យក​និង​ធ្វើការ​កែប្រែ​តាម​អ្វី​ដែល​ជា​ការ​ស្នើ​សុំ​របស់​យើង​ទេ​នោះ​ ខ្ញុំ​គិតថា​ទៅថ្ងៃមុខ​ទៅ​លទ្ធផល​នៃ​ការបោះឆ្នោត​នា​ពេលខាងមុខ​នេះ​នឹង​អាច​ត្រូវ​បាត់បង់​នូវជំនឿ​ ទុក្ខ​ចិត្ត​ពី​មតិ​ជាតិ ​និង​អន្តរជាតិ​ជា​ច្រើន​ទៀត។

ប្រធាន​គណៈកម្មការ​នាយក​និកហ្វិក​និង​ជានាយិការ​អង្គការ​លី​កាដូ ​លោកស្រី​ ពុង​ ឈីវកេក​ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​នោះ​ដែរ​ថា​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា​ឈ្មោះ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​បាត់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត។

លោកស្រី​បញ្ជាក់​ថា៖ «ការស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា​មាន​ឈ្មោះ​ខ្លះ​ត្រូវ​បាន​គេ​លុប​ចេញ។ ឈ្មោះ​ខ្លះ​អត់​មាន​មនុស្ស​ផង​បែរ​ជា​ឈ្មោះ​ក្នុង​បញ្ជី។ ចឹង​បាន​ធ្វើ​ឱ្យ​មតិ​អន្តរជាតិ​និង​បងប្អូន​មាន​ការសង្ស័យ»។

តាមរបាយការណ៍​របស់​អង្គការ​និកហ្វិក​និង​ខុមហ្វ្រែល​បង្ហាញ​ថា​មាន​ប្រជាពលរដ្ឋ​ពី​១៣​ទៅ​១៧​ភាគរយ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត។

លោកធន សារ៉ាយ​មាន​ប្រសាសន៍​ថា​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​បាត់​បង់​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ។

លោក ទេព នីថា​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​អាច​ទំនាក់​ទំនង​បាន​ទេ។ រីឯ​លោក អ៊ឹម សួស្តី​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​អាច​សុំ​ធ្វើ​សេចក្តី​ អត្ថាធិប្បាយ​នោះ​ទេ​ដោយ​លោក​និយាយ​ថា​លោក​កំពុង​ជាប់​ប្រជុំ៕