អង្គការតាមដានការបោះឆ្នោតថ្នាក់តំបន់មួយ បានរិះគន់លើលទ្ធផលបឋមនៃការបោះឆ្នោតនៅក្នុងប្រទេសថៃ កាលពីថ្ងៃអាទិត្យ ថាមាន «គុណវិបត្តិច្រើន»។
លទ្ធផលបឋមដែលគណៈកម្មការរៀបចំការបោះឆ្នោតថៃបានចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ បានបង្ហាញថា គណបក្ស Phalang Pracharat ដែលគាំទ្រដោយពួកយោធា ទទួលបានសំឡេងឆ្នោតនាំមុខ ប៉ុន្តែគណបក្ស Pheu Thai ដែលជាគណបក្សប្រជានិយមវិញ ទទួលបានអាសនៈរដ្ឋសភាច្រើនជាង គឺ ១៣៧ ទល់នឹង ៩៧ ដែលគណបក្ស Phalang Pracharat ទទួលបាន។
គណៈកម្មការរៀបចំការបោះឆ្នោតនេះរិះគន់លើលទ្ធផលពិបាកយល់ និងលទ្ធផលផ្ទុយគ្នានៃការរាប់សន្លឹកឆ្នោតនេះ ថាជា «កំហុសរបស់មនុស្ស»។
អង្គការបណ្ដាញអាស៊ីដើម្បីការបោះឆ្នោតសេរី (Asian Network for Free Elections) បានចេញសេចក្ដីប្រកាសមួយ នៅថ្ងៃអង្គារនេះ ដោយហៅលទ្ធផលមិនត្រឹមត្រូវនេះបានបំផ្លាញដល់សុច្ចរិតភាពនៃការបោះឆ្នោតនេះ។
លទ្ធផលបឋមបានផ្ដល់ឲ្យគណបក្សប្រជែងធំៗទាំងពីរនូវការអះអាងដែលថា ពួកគេមានអំណាចស្របច្បាប់នៅក្នុងការបង្កើតរដ្ឋាភិបាលចម្រុះមួយ។ គណបក្ស Phalang Pracharat ដឹកនាំដោយលោកមេបញ្ជាការយោធា Prayut Chan-Ocha ដែលបានដឹកនាំរដ្ឋាភិបាលយោធាតាំងពីបានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលរបស់អ្នកស្រី Yingluck Sinawatra កាលពីឆ្នាំ ២០១៤ មក។
ចំណែកឯគណបក្ស Pheu Thai វិញ គឺមានទំនាក់ទំនងជាមួយនឹងលោកអតីតនាយករដ្ឋមន្ត្រី Thaksin Sinawatra ដែលជាបងប្រុសរបស់អ្នកស្រី Yingluck។ រដ្ឋាភិបាលរបស់លោក Thaksin ត្រូវបានពួកយោធាធ្វើរដ្ឋប្រហារផ្ដួលរំលំនៅក្នុងឆ្នាំ ២០០៦។ គណបក្សដែលមានទំនាក់ទំនងជាមួយនឹងលោក Thaksin បានឈ្នះគ្រប់ការបោះឆ្នោតទាំងអស់តាំងពីឆ្នាំ ២០០១ មក។
លទ្ធផលផ្លូវការចុងក្រោយនៃការបោះឆ្នោតនឹងប្រកាសនៅថ្ងៃទី ៩ ខែឧសភា ខាងមុខនេះ៕