នៅ​ក្នុង​អាណត្តិ​នេះ​ ប្រជា​ពលរដ្ឋ​​​ចូលរួម​យ៉ាង​សកម្ម​​​​នៅ​ក្នុង​វិស័យ​នយោបាយ

អ្នកគាំទ្រ​គណ​បក្សសង្គ្រោះ​ជាតិ​ជួបជុំ​គ្នា​នៅទីលាន​ប្រជាធិបត្យ​ បង្ហាញ​​ពីសកម្មភាព​ចូលរួម​នយោបាយ​ដោយ​គ្មានការភ័យខ្លាច។

ការ​បោះ​ឆ្នោត​ជ្រើស​រើសតំណាង​រាស្រ្ត​នីតិ​កាល​ទី​៥​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា​ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ និង​ចលនារបស់​ប្រជា​ពលរដ្ឋ​កម្ពុជា។​
ការ​ផ្លាស់​ប្តូរ​នេះត្រូវ​គេ​កត់​សម្គាល់​តាម​រយៈ​ការ​សម្តែង​មតិ​ការ​ចូលរួម​សកម្ម​ភាព​នយោបាយ​ជា​ចំហ​ ការ​ពិភាក្សា​អំ​ពី​នយោបាយ​នៅ​ទី​សាធារណៈ​ ជា​ដើម​ ដែល​និន្នាការ​ទាំង​នេះ​កម្រ​ប្រទះ​ឃើញ​ក្នុង​អាណត្តិ​មុនៗ។​

លោក​សុ ធា ​អាយុ​២២​ឆ្នាំ​កំពុង​អង្គុយ​នៅលើ​កៅ​អីមួយ​ក្នុង​សួនច្បារ​ខាង​លិច​វត្តភ្នំ ​ក្រុងភ្នំ​ពេញ។​ និស្សិត​ឆ្នាំ​ទី៣នៃ​សាកល​វិទ្យាល័យ​ន័រតុន​ផ្នែក​សំណង់​ស៊ីវិល​រូប​នេះ​បានឲ្យ​ដឹង​ថា ​លោក​ផ្ទាល់​ក៏​ទើប​តែ​ចាប់​អារម្មណ៍​ចូល​រួមនឹង​បញ្ហា​នយោបាយ​ក្នុង​ឆ្នាំ​២០១៣​នេះ​ដែរ។​

លោក​និយាយថា៖ «អាណត្តិ​មុនៗ​គឺ​ថា ​ពួក​យើង​ព្រួយ​បារម្ភ​ ហើយ​ភ័យ​ខ្លាច​ការ​គាប​សង្កត់​ ការ​សម្លុត​សម្លាប់​ តែ​អាណត្តិ​នេះ​ ខ្ញុំ​ឃើញ​ចលនា​របស់​ប្រជា​ពលរដ្ឋ​ ការក្លាហាន​របស់​ពួក​គាត់ស្ទុះ​ឡើង​យ៉ាង​ខ្លាំង​ អញ្ចឹង​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​មាន​ការ​ក្លាហាន​ដូច​ពួក​គាត់​ដែរ»។​

កំពុង​ជជែក​លេង​ជាមួយ​មិត្ត​ភ័ក្រ្ត​នៅ​ក្នុង​បរិវេណ​សណ្ឋាគារ ​Raffles ​Hotel​ Le​ Royal ​ លោកហ៊ា​ វឌ្ឍនា​ វ័យ​៣៣ឆ្នាំ ​ជា​អ្នក​បើក​បរ​រថ​យន្តឲ្យ​សណ្ឋាគារ​នេះ។​ លោកលើក​ឡើង​ថា​ វត្ត​មាន​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​សារ​ព័ត៌មាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋមាន​ទំ​នុក​ចិត្ត​ក្នុង​ការបង្ហាញ​គំនិត​ខ្លួន​ជា​សាធារណៈ។​

លោក​និយាយថា៖​ «ពី​ព្រោះ​ ឥ​ឡូវ​មាន​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​ព័ត៌​មាន​ច្រើន​ គេ​តាម​ដាន​ផ្សព្វ​ផ្សាយ​ក្នុង​វិទ្យុ​ អញ្ចឹង​គាត់​ទុក​ចិត្ត​ថា ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​គាត់​ឥឡូវ​មាន​ភាព​ទូលំទូលាយ​ជាង​មុន»។​

ស្ថិត​ក្នុង​ទី​លាន​ប្រជា​ធិបតេយ្យ​ ​លោក​ស៊ាន ម៉េង​សែ​មាន​អាយុ​៦២​ឆ្នាំ។ ​ឈ្មួញ​កណ្តាល​លក់​រថយន្ត​រូបនេះ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​រួម​ក្នុងមហា​បាតុកម្ម​អហិង្សាជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។​ គណបក្ស​នេះ​គ្រោង​នឹង​ដឹក​នាំ​មហា​បាតុកម្ម​មួយ​នៅ​ថ្ងៃទី​៧​ខែ​កញ្ញា​ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​ដែល​គណបក្ស​នេះលើក​ឡើង​ថា​ មិន​មែន​ជា​លទ្ធផល​ត្រឹមត្រូវ​ដោយសារ​តែ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន។​

លោក​ស៊ាន ម៉េង​សែ​ជា​អ្នក​ក្រុង​ភ្នំពេញ​ម្នាក់​ក្នុង​ចំណោម​អ្នក​ក្រុង​ភ្នំពេញ​មួយ​ចំនួន​ទៀត​ ដែល​ហ៊ាន​បង្ហាញ​ជំហរ​នយោបាយ​របស់​ខ្លួន​នៅ​តាម​ទី​សាធារណៈ។​

លោក​និយាយ៖​ «លែង​ខ្លាច​ហើយ!​ វាទូទៅ​អញ្ចឹងហើយ។ ​ការ​និយាយ​ស្តី​លែង​ខ្លាច​ មក​ពី​ដល់ក។​ ប្រជា​ពលរដ្ឋ​គាត់​គ្មានទំនុក​ចិត្ត​លើ​ការ​ដឹក​នាំ​របស់​រដ្ឋា​ភិបាល។ ​ការ​ឈឺចាប់​រាល់ថ្ងៃ​ វា​លើស​ពី​របប​ខ្មែរ​ក្រហម​ទៀត។ ​ភាព​ឈឺ​ផ្សារ ​បើ​អាច​វះ​បេះដូង​អាច​មើល​ឃើញ​ វះ​ហើយ»។​

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​កត់​សម្គាល់​ពី​និន្នាការ​ថ្មី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នេះ។​
សម្រាប់​លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ការ​ផ្តាស់​ប្តូរ​និន្នាការ​សង្គម​នេះ​ មួយ​ផ្នែក​ធំ​ដោយ​សារ​តែ​ក្រុម​យុវជន​ជំនាន់​ថ្មី​ចាប់​ផ្តើម​យល់​ដឹង​ពី​បញ្ហា​ប្រទេស​ជាតិ​កាន់តែ​ច្រើន​ និង​មួយ​ផ្នែក​ទៀត​ដោយ​សារ​តែ​ការ​រីក​ចម្រើន​ផ្នែក​ប្រព័ន្ធ​បច្ចេក​វិទ្យា​អ៊ីន​ធើណែត​ និង​ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​ជឿន​លឿនបញ្ជ្រាប​ព័ត៌មាន​មក​កាន់​គ្រួសារ​របស់​ពួក​គេ។​

ដោយ​ឡែក​លោក​ហង្ស ពុទ្ធា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើ​ល​ការ​បោះ​ឆ្នោត​មួយ​ហៅ​ថា​«និកហ្វិក» ​គិត​ថា ​ការ​យល់​ដឹង​ពី​សិទ្ធិ​កាន់​តែ​ច្រើន​បាន​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ឲ្យ​មាន​សេចក្តី​ក្លាហាន​ចំពោះ​ការ​ចូល​រួម​សកម្មភាព​នយោបាយ​ និង​ការ​បកស្រាយ​ពី​នយោបាយ។​

លោកនិយាយថា៖​ «ទី​មួយ​គាត់​យល់​កាន់​តែ​ច្រើន​អំ​ពី​ការងារសិទ្ធិ​មនុស្ស​ និង​ដំ​ណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ។​ ទី​២ការ​យល់​ដឹង​អំ​ពីសិទ្ធិ​ស្មើ​ភាព​គ្នាចំពោះ​មុខ​ច្បាប់​ដែល​រឹត​តែ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​សន្ទុះ​ចិត្ត ឆន្ទៈ​បន្ថែម​ទៀត​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​ងារ​បោះ​ឆ្នោត​ និង​ការ​ងារ​សង្គម»។​

លោកអំ សំអាត​ ប្រធាន​ផ្នែក​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​យល់​ថា ​ទំនោរ​ថ្មី​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​ជួយ​ពង្រឹង​វិស័យ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​កម្ពុជា។​

លោក​និយាយថា៖​ «គេ​គិត​អំ​ពី​ផល​ប្រយោជន៍​នៃ​ជាតិ ​អ្វី​ដែល​ជា​សិទ្ធិ​សេរីភាព​របស់​គេ។ ​ហើយ​អ្វី​ដែល​គិត​ថា ​នឹង​អាច​ជួយ​ជាតិ​បាន ​ជួយ​ប្រជា​ពលរដ្ឋ​បាន​ទៅ​ថ្ងៃ​ក្រោយគឺ​ជា​ការ​សម្រេច​របស់​បុគ្គល​ម្នាក់ៗ ​ហើយ​ឆន្ទៈ​ទាំង​អស់​នេះ​ហើយ​ដែល​ជំរុញឲ្យ​បុគ្គល​ទាំង​នោះ​លែង​ខ្លាច ទោះ​បី​ជា​មាន​ការគម្រាម​កំហែង ​ការ​រារាំង​យ៉ាង​ណា​ក៏​គេ​លែង​ខ្លាច​ដែរ។​ ការ​ចូលរួម​របស់​ប្រជាជន​ជា​ការជំរុញ​ឲ្យលទ្ធិ​ប្រជា​ធិតេយ្យ​នៅ​កម្ពុជា​មាន​ការ​រី​ក​ចម្រើន​ទៅ​មុខ»។​

លោកជាង សុខា​ នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ អះអាង​ថា ​បញ្ហា​សង្គម​ដែល​កើត​ឡើង​កាន់​តែ​ច្រើន​ដូច​ជា​អំពើ​ពុក​រលួយ ​បញ្ហា​ដី​ធ្លី​ អយុត្តិធម៌​សង្គម ​បាន​បណ្តុះ​សេចក្តី​ក្លាហាន​ឲ្យ​មាន​ការ​ផ្តាស់​ប្តូរ​ទម្លាប់​របស់​ពួក​គេ។

លោក​និយាយ​ថា៖ ​«នេះ​ជា​ចំណុច​របត់​នយោបាយ​មួយ​ដែល​អ្នក​នយោបាយ​ក្តី ​ប្រជា​ពលរដ្ឋ​ក្តី ​និង​យុវជន​ខ្លួន​ឯ​ក្តី​ មិន​នឹក​ស្មាន​ដល់​ថា​ នឹង​មាន​សន្ទុះ​ចូល​រួម​ដល់​ថ្នាក់​នឹង​ទេ។​ ហើយ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​គាត់​នេះ ​មិន​ត្រឹម​តែ​មាន​ឥទ្ធិ​ពល​ទៅ​លើ​យុវជន​គ្នា​ឯង​ទេ ​ថែម​ទាំងមនុស្ស​វ័យ​ចំណាស់​ផងដែរ»។​

ទោះជា​មាន​ការ​រីក​ចម្រើន​លើ​ផ្នត់​គំនិត​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ក្នុង​ពេល​នេះ​ក្តី​ ក៏​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិលយល់​ឃើញ​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​តែ​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត​នៅឡើយ​ដើម្បី​ពង្រឹង​ភាព​ជា​ម្ចាស់​របស់​ខ្លួន៕