៨៧នាក់​ស្លាប់​នៅ​ក្នុង​ការ​ដួល​រលំ​ឧបករណ៍​ស្ទូច​នៅ​វិហារ​ Grand Mosque ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត

បព្វជិត​ប្រមូល​ផ្តុំ​នៅ​កន្លែង​បាក់​រលំ​ឧបករណ៍​ស្ទូច​វត្ថុ​ធ្ងន់ៗ​មួយ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​ព្រះវិហារ Grand Mosque ក្នុង​ក្រុង Mecca ប្រទេស​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០១៥។

ក្រុម​មន្ត្រី​អារ៉ាប៊ី​សាអូឌីត​បាន​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៨៧នាក់​បាន​ស្លាប់​ និង​មាន​មនុស្ស​១៨៧​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ពេល​ដែល​ឧបករណ៍​ស្ទូច​វត្ថុ​ធ្ងន់ៗ​មួយ​បាន​រលំ​ធ្លាក់​លើ​ពិតាន​មួយ​នៅ​ឯ​វិហារ​ឥស្លាម​នៅ​ក្នុង​ក្រុង​ពិសិដ្ឋ Mecca។

ការ​រលំ​ឧបករណ៍​ស្ទូច​វត្ថុ​ធ្ងន់ៗ​នេះ​បាន​បន្សល់​ទុក​នូវ​កម្ទិចកម្ទី​ជា​គំនរ និង​មាន​កម្ទិចកម្ទី​អគារ​ដែល​មាន​រាង​ស្រួចៗ​ជាច្រើន។ គេ​កំពុង​រៀបចំ​ពង្រីក​អាគារ​ក្នុង​បរិវេណ​នៃ​ព្រះវិហារ​ Grand Mosque​ នេះ។​

រូបថត​ដែល​ត្រូវ​បាន​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​បាន​បង្ហាញ​ឱ្យ​ឃើញ​ពួកអ្នក​ធ្វើ​ធម្មយាត្រា​ពាក់​រ៉ូប (ប្រភេទ​សម្លៀកបំពាក់) ហើយ​មាន​ជាប់​ឈាម​ និង​កម្ទិចកម្ទី​ជា​ច្រើន​ដែល​កើត​ឡើង​ដោយសារ​ការ​ដួល​រលំ​ឧបករណ៍​ស្ទូច​វត្ថុ​ធ្ងន់ៗ​មួយ​នេះ។​

ឧបទ្ទវហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅពេលដែល​ពួក​កាន់​សាសនា​ឥស្លាម​មក​ពី​ទូទាំង​ពិភពលោក​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ធ្វើ​ធម្មយាត្រា​ទៅ​ក្រុង​ពិសិដ្ឋ​ប្រចាំ​ឆ្នាំ​ដែល​មាន​កំណត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​ខែ​នេះ។ ក្រុម​មន្ត្រី​អារ៉ាប៊ី​សាអូឌីត​បាន​ធ្វើ​ការ​ប្រុងប្រៀប​ច្រើន​ដើម្បី​ទទួល​ពួក​អ្នក​គោរព​សាសនា ឥស្លាម​ដែល​ធ្វើ​ដំណើរ​មក​កាន់​ក្រុង​ Mecca ដើម្បី​ចូល​រួម​ក្នុង​ធម្មយាត្រា​នេះ​ដែល​នឹង​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ជិត​ពីរ​លាន​នាក់​មក​ពី​ទូទាំង​ពិភពលោក​ទៅ​កាន់​ទីនោះ។

វិហារ​ Grand Mosque ជា​កន្លែង​មួយ​ក្នុង​បណ្តា​កន្លែង​នានា​ដែល​មាន​ការ​ប្រមូល​ផ្តុំ​ពួក​អ្នក​ធ្វើ​ធម្មយាត្រា​ច្រើន​នាក់​នៅ​ក្នុង​ធម្មយាត្រា​ទៅ​ក្រុង​ពិសិដ្ឋ​នេះ៕