ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតបានចេញទៅបោះឆ្នោតតាមការិយាល័យបោះឆ្នោតនានា នៅតាមទីវត្តអារាម សាលារៀន និងដងផ្លូវសាធារណៈមួយចំនួន។ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតថ្លែងថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋមានចំនួនជាង ៨០ភាគរយ ដែលបង្ហាញថា ប្រជាពលរដ្ឋមានឆន្ទៈក្នុងការប្រើសិទ្ធិរើសតំណាងរបស់ខ្លួន និងពេញចិត្តចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ទោះបីមានសារគំរាមកំហែងខាងនយោបាយនានា ទាក់ទិនការផ្ទុះសង្គ្រាម ដែលធ្វើឡើងនៅមុនការបោះឆ្នោតឃុំប្រឹក្សាឃុំ-សង្កាត់ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៨០ភាគរយនៃចំនួនអ្នកបានចុះបញ្ជីឈ្មោះ ចំនួន ៧ លាន ៨ សែននាក់ បានចេញទៅបោះឆ្នោតឃុំ-សង្កាត់ ដែលបានរៀបចំនៅថ្ងៃទី ៤ ខែ មិថុនា ជាមួយបរិយាកាសស្ងប់ស្ងាត់គ្មានការប៉ះទង្គិចខាងនយោបាយណាមួយឡើយ។ នេះបើតាមការបញ្ជាក់ពីក្រុមអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។
ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងអាជ្ញាធររង់ចាំនៅក្រៅការិយាល័យបោះឆ្នោត ខណៈពេលមន្ត្រីគ.ជ.ប និងអ្នកសង្កេតការកំពុងរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៤ នៅរាជធានីភ្នំពេញ, នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)
ការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃអាទិត្យ បានចាប់ផ្ដើមឡើងនៅម៉ោង ៧ ព្រឹក និងបញ្ចប់ទៅនៅម៉ោង៣រសៀល នៅក្នុងឃុំ-សង្កាត់ចំនួន១៦៤៦ ក្នុងទូទាំងប្រទេសកម្ពុជា។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្សហៅកាត់ថា (Central) ដែលកំពុងឃ្លាំមើលការបោះឆ្នោតជាមួយអង្គការសង្គមស៊ីវិលផ្សេងទៀត តាមអ្វីដែលគេស្គាល់ថា ជាបន្ទប់ស្ថានការណ៍បោះឆ្នោត បានថ្លែងតាមសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអ្នកសង្កេតការណ៍ទៅកាន់អ្នកសារព័ត៌មាន និងអ្នកតាមដានការបោះឆ្នោតផ្សេងទៀត នៅក្នុងសន្និសីទព័ត៌មានស្ដីពី ការវាយតម្លៃលើស្ថានភាពថ្ងៃបោះឆ្នោតថា ក្រុមអ្នកសង្កេតការណ៍មានការសាទរចំពោះចំនួននៃការចេញមកបោះឆ្នោតនាថ្ងៃអាទិត្យនេះ ទោះជាមានបញ្ហាមិនប្រក្រតីតិចតួចបានកើតឡើង។
«ជារួមអង្គការសង្គមស៊ីវិល នៃបន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោត ឆ្នាំ ២០១៧ សូមអបអរសាទរ ចំពោះការចេញទៅបោះឆ្នោត របស់ប្រជាពលរដ្ឋ ច្រើនជាង ៨០ភាគរយនៃប្រជាពលរដ្ឋនៅក្នុងបញ្ជីបោះឆ្នោតនាថ្ងៃនេះ»។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា (និកហ្វិច) ថ្លែងថា តាមការឲ្យដឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានពលរដ្ឋចំនួនជិត៨៥ភាគរយ នៃអ្នកដែលបានចុះបញ្ជីបានទៅបោះឆ្នោត។
លោកថា ការគំរាមកំហែងពីសង្គ្រាម គ្មានឥទ្ធិពលអ្វីមកលើអ្នកបោះឆ្នោត ព្រោះពួកគាត់បានយល់ពីតម្លៃនៃសន្លឹកសំងាត់របស់ពួកគាត់។
«ទោះបីជាមានការទិញទឹកចិត្ត ឬ ដោយសម្ភារៈ ដោយប្រាក់កាក់ក៏ដោយ គឺគាត់យល់ពីតម្លៃនៃសន្លឹកឆ្នោតគាត់ច្បាស់ណាស់ ហើយគាត់ពេញចិត្តហ្នឹង ដំណើរការបោះឆ្នោត ជាពិសេសការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ នេះយើងពិនិត្យមើល នេះជាឆន្ទៈរបស់អ្នកបោះឆ្នោត ដែលអញ្ជើញមកច្រើនយ៉ាងហ្នឹង»។
ប្រជាពលរដ្ឋតម្រង់ជួរចូលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៤, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត បានឲ្យដឹងថា ការិយាល័យភាគច្រើនបានប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងសន្តិវិធី តែក៏មានភាពមិនប្រក្រតី បន្តិចបន្តួចក្នុងដំណើរការបោះឆ្នោតនេះផងដែរ។ ភាពមិនប្រក្រតីទាំងនោះ រួមមាន ការខ្វះខាតសម្ភារៈបោះឆ្នោតក្នុងការិយាល័យខ្លះ វត្តមានរបស់អាជ្ញាធរគ្មានភារកិច្ចក្នុងបរិវេណការិយាល័យបោះឆ្នោត។នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត ដែលចេញផ្សាយជាសាធារណៈនារសៀលថ្ងៃអាទិត្យនេះ។
សេចក្ដីថ្លែងការណ៍បានសរសេរក្នុងន័យដើមថា៖
«ជាក់ស្ដែង អ្នកសង្កេតការណ៍បោះឆ្នោតប្រចាំឃុំ ព្រែកដាច់ និងឃុំព្រែកទន្លាប់ ស្រុកលើកដែកខេត្តកណ្ដាល បានរងការគំរាមកំហែងពីអាជ្ញាធរ រហូតដល់បោះបង់ការចូលរួមសង្កេតការណ៍បោះឆ្នោត»។
(ពីឆ្វេងទៅស្តាំ) លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្សហៅកាត់ថា (Central) លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គារឃ្លាំមើលការបោះឆ្នោត Comfrel
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គារឃ្លាំមើលការបោះឆ្នោត Comfrel ថ្លែងក្នុងសន្និសីទព័ត៌មានដដែលនោះថា អ្នកសង្កេតការណ៍ចំនួន១២ រូបដែលត្រូវបានទទួលស្គាល់ដោយ គ.ជ.ប ត្រូវក្រុមអាជ្ញាធរហាមឃាត់មិនឲ្យចូលសង្កេតការណ៍ និងបានបង្ខំឲ្យពួកគេផ្ដិតមេដៃយល់ព្រមបញ្ឈប់សកម្មភាពសង្កេតការណ៍។ លោកថា ហេតុការណ៍នេះ បានកើតឡើងតាំងពីយប់ថ្ងៃសៅរ៍។
«យប់មិញហ្នឹង គឺថាមានអាជ្ញាធរបានឃាត់ខ្លួន ហើយណែនាំឲ្យអ្នកសង្កេតការណ៍យើងហ្នឹង ធ្វើជាកំណត់ហេតុ លិខិតថា ឈប់ធ្វើកិច្ចការងារសង្កេតការណ៍បោះឆ្នោត រហូតដល់មានផ្ដិតមេដៃមានអីទៀត»។
លោកបានបន្តថា ក្រុមអ្នកសង្កេតការណ៍បន្តឃ្លាំមើលសកម្មភាពមិនប្រក្រតីក្នុងឃុំទាំងពីរនេះ ហើយនឹងប្ដឹងទៅ គ.ជ.ប ប្រសិនបើរកឃើញករណីមិនប្រក្រតីធ្ងន់ធ្ងរបានកើតឡើង ក្នុងពេល និងក្រោយការបោះឆ្នោត។
ក្រៅពីការរារាំងអ្នកសង្កេតការណ៍នេះ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតកម្ពុជា បានឲ្យដឹងថា ក៏មានការរារាំងពីក្រុមអាជ្ញាធរមិនឲ្យអ្នកសារព័ត៌មានឲ្យចូលក្នុងការិយាល័យបោះឆ្នោត ក្នុងពេលរាប់សន្លប់ឆ្នោត ដែលជាការប្រឆាំងនឹងបទបញ្ញត្តិរបស់គ.ជ.ប។
ប្រជាពលរដ្ឋម្ចាស់ឆ្នោត រង់ចាំតាមដានលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៤ នៅរាជធានីភ្នំពេញ, នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/ VOA)
ពួកគេក៏បានសង្កេតឃើញថា ប្រជាពលរដ្ឋចង់មើលដំណើរការរាប់សន្លឹកឆ្នោត នៅតាមការិយាល័យភាគច្រើន ប៉ុន្តែការអនុវត្តន៍បទបញ្ជា និងនីតិវិធីក្នុងការដំណើររាប់សន្លឹកឆ្នោត ដែលតម្រូវឲ្យប្រជាពលរដ្ឋ ចេញទៅទីតាំងការិយាល័យបោះឆ្នោត ធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។
ក្រុមអ្នកសង្កេតការណ៍ បានឲ្យដឹងទៀតថា ពួកគេ នឹងធ្វើការស្រាវជ្រាវ អំពីអវត្តមានអ្នកបោះឆ្នោតដល់មួយលាននាក់ ដែលមិនបានចេញទៅបោះឆ្នោត នាថ្ងៃអាទិត្យនេះផងដែរ។
គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈជាមេឃុំ ចៅសង្កាត់ ជាង១៥៩០ឃុំកាលពីការបោះឆ្នោតឆ្នាំ២០១២ នៅអាណត្តិទី៣។ គណបក្សជំទាស់ទទួលបានតែ ៤០អាសនៈ ជាមេឃុំ និងចៅសង្កាត់តែប៉ុណ្ណោះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មានទំនាក់ទំនងដល់ការឡើងកាន់កាប់ស្ថាប័នព្រឹទ្ធសភា ព្រោះគណបក្សនយោបាយណាដែលទទួលបានសមាជិកក្រុមប្រឹក្សាច្រើននៅថ្នាក់ឃុំ-សង្កាត់ នឹងមានលទ្ធភាពគ្រប់គ្រងស្ថាប័នព្រឹទ្ធសភា។ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ម្នាក់ៗ នឹងក្លាយជា«អង្គបោះឆ្នោត» ដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភា៕