មនុស្ស ៨ នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក Khashoggi

នាង Hatice Cengiz ដែល​ជា​គូដណ្តឹង​របស់​លោក Jamal Kashoggi ចាកចេញ​ពី​តុលាការ​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

តុលាការ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​កាត់ទោស​មនុស្ស ៨ នាក់​ឱ្យ​ជាប់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ចន្ទ​ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឃាតកម្ម​លើ​លោក Jamal Khashoggi អ្នក​សរសេរ​អត្ថបទ​អត្ថាធិប្បាយ​របស់​កាសែត The Washington Post។ លោក Khashoggi ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​កាល​ពី​ឆ្នាំ ២០១៨។

បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​កាល​ពី​ថ្ងៃ​ចន្ទ មនុស្ស ៥ នាក់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ និង ៣ នាក់​ទៀត​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៧ ទៅ ១០ ឆ្នាំ។

លោក Khashoggi ដែល​ជា​អ្នក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានកុង​ស៊ុល​អារ៉ាប៊ីសាអូឌីត​កាល​ពី​ឆ្នាំ ២០១៨ ដើម្បី​យក​ឯកសារ​ដែល​អនុញ្ញាត​ឱ្យ​លោក​រៀបការ​នឹង​នាង Hatice Cengiz ជនជាតិ​តួកគី។ លោក​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ក្នុង​ស្ថាន​កុងស៊ុល​នោះ នៅ​ពេល​ដែល​នាង Cengiz កំពុង​រង់ចាំ​នៅ​ខាងក្រៅ។ ករណី​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​កំហឹង​នៅ​ជុំវិញ​ពិភពលោក។

គ្មាន​ជន​ជាប់​ចោទ​ណា​ម្នាក់​នៅ​ក្នុង​រឿង​ក្ដី​នេះ ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​នោះ​ទេ។

លោក Khashoggi គឺជា​អ្នក​រិះគន់​ដ៏​លេចធ្លោ​ម្នាក់​លើ​ព្រះ​អង្គម្ចាស់​រជ្ជទាយាទ Mohammed bin Salman របស់​អារ៉ាប៊ីសាអូឌីត៕