រក​ឃើញ​បុគ្គល​ទី៨​នៅ​ក្នុងកិច្ចប្រជុំ​រវាង​កូនប្រុស​​លោក Trump ជាមួយ​នឹង​រុស្ស៊ី

លោក Donald Trump Jr. និយាយ​ជាមួយ​នឹង​ឪពុក​របស់​លោក​គឺ​លោក Donald Trump ក្នុង​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ក្រុង Cleveland រដ្ឋ Ohio ​កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។

មនុស្ស​ម្នាក់​ទៀត​ហើយ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា ​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កាលពី​ខែ​មិថុនា​ ឆ្នាំ២០១៦ ជាមួយ​នឹង​កូន​ប្រុស​ច្បង​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​ការ​ជួប​ប្រជុំ​នោះ​រៀបចំ​ឡើង​ទៅ​តាម​ការ​សន្យា​ថា មេធាវី​មួយ​រូប​របស់​រដ្ឋាភិបាល​រុស្ស៊ី​នឹង​ផ្តល់​ឯកសារ​ដែល​បង្ហាញ​ពី​បទ​ឧក្រិដ្ឋ​របស់​គូ​ប្រជែង​របស់​លោក Trump គឺ​លោក​ស្រី Hillary Clinton។

លោក Ike Kaveladze អនុ​ប្រធាន​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​បង្កើត​ឡើង​ដោយ​ឧកញ៉ា​រុស្ស៊ី​មួយ​រូប​ដែល​បាន​ផ្តួចផ្តើម​ឲ្យ​មាន​កិច្ច​ប្រជុំ​ជាមួយ​លោក​នឹង Donald Trump Jr. ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បញ្ចេញ​ឈ្មោះ​កាលពី​ថ្ងៃ​អង្គារ​ដោយ​ចាត់​ទុក​ថា​ជា​ជន​ទី៨​ នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ក្នុងអាគារ​ Trump Tower ក្នុង​ទីក្រុង New York ខណៈ​ពេល​ដែល​លោក​ Donald Trump កំពុង​ឈរ​ឈ្មោះ​បោះឆ្នោត​ចូល​កាន់​តំណែង​នៅ​ក្នុង​សេតវិមាន។

គេហទំព័រ​របស់​លោក Kaveladze បាន​ឲ្យ​ដឹង​ថា លោក​កាន់​គម្រោង​អភិវឌ្ឍន៍​ការ​វិនិយោគ គម្រោង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ការ​រៀបចំ​ពន្ធ សម្រាប់​ក្រុមហ៊ុន Crocus Group ដែល​ជា​ក្រុមហ៊ុន​មួយ​ស្ថិត​ក្នុង​ចំណោម​ក្នុង​ចំណោម​ក្រុមហ៊ុន​អភិវឌ្ឍន៍​នាំ​មុខ​របស់​រុស្ស៊ី​បង្កើត​ឡើង​ដោយ​លោក Aras Agalarov ដែល​ជា​មហាសេដ្ឋី​ខាង​វិនិយោគ​មួយ​រូប៕