ប៉ម​​តួអេហ្វែលរបស់​បារាំង​បើក​ឡើង​វិញ​ដោយ​តម្រូវ​ឲ្យ​ទេសចរ​ឡើង​កាំ​ជណ្តើរ

មនុស្ស​ម្នា​តម្រង់ជួរ​ចូលទស្សនា​ Eiffel Tower ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០២០។

ប៉មតួអេហ្វែល (Eiffel Tower) ក្នុង​ទី​ក្រុង​ប៉ារីស ដែល​ជា​វិមាន​ដែល​តំណាង​ឲ្យ​ប្រទេស​បារាំង​ខ្លាំង​បំផុត​មួយ បាន​បើក​ទ្វារ​ទទួល​ភ្ញៀវ​ឡើង​វិញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពីត្រូវ​បង្ខំបិទ​ទ្វារអស់​រាប់​ខែ​ដោយ​សារ​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩។

ប៉ុន្តែ​អ្នក​ដែលឡើង​លេង​នៅ​ប៉ម​នេះ​ត្រូវ​ឡើង​តាម​កាំជណ្តើរ ៦៧៤កាំ ដែល​ត្រូវ​ចំណាយ​ពេល​ពី​៣០​ទៅ​៤៥​នាទី ដោយ​សារ​ជណ្តើរ​យោងទាំង​បី​នៅ​តែ​ត្រូវ​បិទ​ដើម្បី​បង្ការ​ការ​ឆ្លង​ដល់​ភ្ញៀវទេសចរ។​

ប្រទេស​បារាំង​បាន​រង​ផល​វិបាក​ខ្លាំង​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដោយ​មក​ទល់​នឹង​ថ្ងៃ​ព្រហស្បតិ៍​មាន​អ្នក​ស្លាប់​ពី​ជំងឺ​នេះ​រហូត​ដល់​ជិត​៣០,០០០​នាក់ (២៩,៧៣៤) និង​អ្នក​ឆ្លង​សរុប​១៩៧,៨៨៥​នាក់។ ប្រធានាធិតបី​បារាំង​លោក Emmanuel Macron បាន​រង​ការ​រិះគន់​ពី​របៀប​ដែល​រដ្ឋាភិបាល​លោក​បាន​ចាត់​ចែង​ក្នុង​ការ​ឆ្លើយ​តប​នឹង​វិបត្តិ​សុខាភិបាល​និង​សេដ្ឋកិច្ច​នេះ។

ការ​បើក​ទ្វារ​តំបន់​ទេសចរណ៍​សំខាន់​នេះ​ក៏​បង្ហាញ​ពី​សញ្ញា​ពី​ការ​រើប​ឡើង​វិញដ៏​សន្សឹមៗ​របស់​ទ្វីប​អឺរ៉ុប​ពី​វិបត្តិ​កូវីដ១៩ ខណៈ​ដែល​ទ្វីប​នេះ​នៅ​ព្យាយាម​រក​តុល្យភាព​រវាង​បើក​សេដ្ឋកិច្ច​ឡើង​វិញ​ខណៈ​នៅ​មាន​ការ​បារម្ភ​ពី​ការ​ឆ្លង​បន្ត​នៃ​ជំងឺ​នេះ៕