ថ្ងៃចន្ទនេះគេឃើញមានការបើកប្រទេសឡើងវិញកាន់តែច្រើនឡើងនៅក្នុងប្រទេសបារាំង ចក្រភពអង់គ្លេស ក្រិក និងប្រទេសជាច្រើនទៀត ខណៈដែលប្រទេសចិន កំពុងដាក់ការរឹតត្បិតខ្លះឡើងវិញបន្ទាប់ពីករណីឆ្លងមេរោគកូរ៉ូណាថ្មីរាប់សិបត្រូវបានគេរកឃើញនៅក្នុងទីក្រុងប៉េកាំង។
ម្ចាស់ភោជនីយដ្ឋាននៅក្នុងទីក្រុងប៉ារីសអាចចូលរួមជាមួយភោជនីយដ្ឋានផ្សេងទៀតនៅក្នុងប្រទេសដោយការបើកទ្វាររបស់ខ្លួនសម្រាប់ភ្ញៀវបរិភោគនៅខាងក្នុងភោជនីយដ្ឋានបាន។ ពួកអ្នកធ្វើដំណើរពីប្រទេសនានានៅតំបន់អឺរ៉ុបក៏អាចធ្វើដំណើរ ទៅកាន់ប្រទេសបារាំងនៅពេលដែលប្រទេសនានាបើកព្រំដែនរបស់ខ្លួនសម្រាប់អ្នកធ្វើដំណើរមកពីផ្នែកនានានៃទ្វីបនោះ។
ប្រធានាធិបតីបារាំង លោកម៉ានុយអែល ម៉ាក្រុង បានមានប្រសាសន៍ថា «យើង ត្រូវតែចាប់ផ្តើមសេដ្ឋកិច្ចរបស់យើងឡើងវិញ»។
ក្នុងប្រទេសអង់គ្លេស ហាងលក់ដូរមិនសំខាន់ៗកំពុងបើកទ្វារឡើងវិញម្តងទៀតនៅថ្ងៃចន្ទនេះ ដូចជាទីកន្លែងធ្វើសក្ការៈបូជាសម្រាប់បុគ្គលម្នាក់ៗ និងទីកន្លែងកម្សាន្ត។ពលរដ្ឋនៅតែចាំបាច់ធ្វើទៅតាមវិធានរក្សាគម្លាតពីគ្នា ហើយរដ្ឋាភិបាលកំពុងណែ នាំឱ្យប្រើម៉ាសនៅពេលពលរដ្ឋស្ថិតនៅខាងក្នុងកន្លែងទាំងនោះ។
កន្លែងឆ្លងកាត់របស់ចក្រភពអង់គ្លេស នៅថ្ងៃចន្ទនេះ មានបទបញ្ជាថ្មីដែលតម្រូវឱ្យពាក់ម៉ាស។
ប្រទេសចិនបានរាយការណ៍ពីជំងឺកូវីដ១៩ថ្មីចំនួន៤៩ករណី ភាគច្រើនមានជាប់ទាក់ ទិននឹងទីផ្សារលក់ទំនិញដុំមួយកន្លែងនៅក្នុងទីក្រុងប៉េកាំង បានបណ្តាលឱ្យពួកអាជ្ញាធរដាក់ការរឹតត្បិតឱ្យនៅឃ្លាតពីគ្នា ហើយបានផ្អាកផែនការចាប់ផ្តើមបើកសាលារៀនខ្លះឡើងវិញ។
ប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោកកំពុងពិបាកសម្រេចចិត្តថាតើនៅពេលណា និងថាតើត្រូវបន្ធូរបន្ថយវិធានការលឿនប៉ុនណាដើម្បីពន្យឺតការរាលដាលនៃមេរោគកូរ៉ូណាដែលបានឆ្លងដល់មនុស្ស៧លាន៩សែននាក់ និងសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៤សែន៣ម៉ឺន៣ពាន់នាក់នៅទូទាំងពិភពលោកនោះ៕