ប្រជាជនអេហ្ស៊ីបបានចាប់ផ្តើមការបោះឆ្នោតរយៈពេល ៣ ថ្ងៃកាលពីថ្ងៃសៅរ៍អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងអនុញ្ញាតឱ្យប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi បន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣០។
ការបោះឆ្នោតនេះធ្វើឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីសភាដែលគ្រប់គ្រងដោយអ្នកគាំទ្រលោក El-Sissi យល់ព្រមឲ្យមានការបោះឆ្នោតនេះ។
មានសន្តិសុខតឹងតែងនៅតាមការិយាល័យបោះឆ្នោតនៅទូទាំងទីក្រុងគែរ។ ទូរទស្សន៍រដ្ឋបាននិយាយថា លោក El-Sissi បានបោះឆ្នោតនៅពេលព្រឹកនៅសង្កាត់ Heliopolis ក្នុងរដ្ឋធានី។
ប្រសិនបើត្រូវបានអនុម័ត នោះវិសោធនកម្មនេះនឹងពង្រឹងអំណាចរបស់ប្រធានាធិបតីនិងពង្រឹងវត្តមានយោធានៅក្នុងសហគមន៍មូលដ្ឋាន។
អាណត្តិប្រធានាធិបតីនឹងត្រូវបានបង្កើនពីបួនឆ្នាំទៅប្រាំមួយឆ្នាំ ហើយលោក El-Sissi នឹងត្រូវបានអនុញ្ញាតឲ្យឈរឈ្មោះប្រធានាធិបតីនៅអាណត្តិទី ៣ នៅឆ្នាំ ២០២៤។
វិសោធនកម្មជាច្រើនទាក់ទងនឹងរចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ដូចជាបង្កើតមុខតំណែងថ្មី និងបង្កើនចំនួនតំណែងនយោបាយតែងតាំងដោយប្រធានាធិបតី។
យោធាអេហ្ស៊ីបដែលមានអំណាចសេដ្ឋកិច្ចនិងនយោបាយយ៉ាងច្រើននៅប្រទេសអេហ្ស៊ីបក៏នឹងបង្កើនតួនាទីរបស់ខ្លួននៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌផងដែរ៕