អេហ្ស៊ីប​ធ្វើ​ការ​បោះឆ្នោត​សភា​ ដែល​បាន​អូសបន្លាយ​អស់​ពេល​យ៉ាង​យូរ​

ស្រ្តី​ជនជាតិ​អេហ្ស៊ីប​ចូលរួម​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ទីក្រុង​គែរ ​នា​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៥។

ការ​បោះឆ្នោត​សភា​ថ្មី​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ ដែល​គេ​រង់​ចាំ​ជាយូរ​មក​ហើយ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ក្នុងពាក់​កណ្តាល​នៃ​ខេត្ត​ទាំងអស់របស់​អេហ្ស៊ីប​នៅ​ពេល​ដែល​រដ្ឋាភិបាល​ធ្វើ​ការ​ដើម្បី​បញ្ចប់​ផែនទី​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​អនុវត្ត​បន្ទាប់​ពី​ការ​បណ្តេញ​លោក Mohamed Morsi ​ចេញពី​តំណែង​ជា​ប្រធានាធិបតី។

ដំណាក់កាល​ទី​មួយ​ពាក់​ព័ន្ធ​នឹង​ខេត្ត​ចំនួន​១៤​ ដែល​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ និង​ថ្ងៃច័ន្ទ ​ហើយខេត្ត​ដែល​សេសសល់​នឹងបោះឆ្នោត​នៅ​ដើម​ខែ​ធ្នូ។​ ប្រជាពលរដ្ឋ​អេហ្ស៊ីប​ដែល​កំពុង​រស់​នៅ​ឯ​បរទេស​មាន​ឱកាស​បោះឆ្នោត​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ។

លោក Abdel Fattah el-Sissi មេដឹកនាំ​នា​ពេល​បច្ចុប្បន្ននេះ ​បាន​ដឹកនាំ​កិច្ចខិតខំ​ប្រឹង​ប្រែង​នៅ​ឆ្នាំ​២០១៣​ដើម្បី​ផ្តួល​រំលំ​លោក Morsi ​ដែល​ជា​ប្រធានា​ធិបតី​ជាប់​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​លើក​ដំបូង​របស់​ប្រទេស​អេហ្ស៊ីប។​ ការណ៍​នេះ​បាន​នាំ​ឲ្យ​មាន​រដ្ឋាភិបាល​អន្តរកាលមួយ​ ដែល​គាំទ្រ​ដោយ​ពួក​យោ​ធា​ដោយ​មាន​ការ​សន្យា​បង្កើត​រដ្ឋធម្មនុញ្ញ និង​ការ​បោះឆ្នោតថ្មី​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ និង​សភា។

រដ្ឋធម្មនុញ្ញ​បាន​ត្រូវ​អនុម័តនៅ​ខែ​មករា ​ឆ្នាំ​២០១៤ ហើយ​លោក Sissi ​បាន​ឈ្នះ​ឆ្នោត​៤​ខែ​ក្រោយមក។​ អេហ្ស៊ីប​មិន​មាន​រដ្ឋសភា​ចាប់​តាំង​ពី​ខែ​មិថុនា ​ឆ្នាំ​២០១២​មក ​នៅពេល​ដែល​តុលាការ​បាន​រំលាយ​អង្គការ​នីតិ​បញ្ញត្តិ​ ដែល​ត្រួតត្រា​ដោយគណបក្ស Muslim Brotherhood របស់​លោក Morsi ​ដែល​ជាក្រុម​មួយ​នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​ហាម​ឃាត់​ ហើយ​ត្រូវ​បាន​ពាក់​ស្លាក​ថា​ ជា​ក្រុម​ភេរវកម្ម។

គណបក្ស​នយោបាយ​ភាគ​ច្រើន​មិន​ចូលរួមការ​បោះឆ្នោតសភា​ ដែល​បាន​អូសបន្លាយ​ពេលជា​យូរណាស់​មក​ហើយ ​ដោយ​អាសនៈ​ចំនួន​៣ភាគ​៤​ត្រូវ​បាន​ជ្រើស​ទុក​សម្រាប់​ពួក​បេក្ខជន​ដែល​ឈរឈ្មោះ​ឯករាជ្យ៕