ផែនការក្នុងការជម្លាសប្រជាជនអង់គ្លេសរាប់រយនាក់ពីរមណីយដ្ឋានទីក្រុងរបស់អេហ្ស៊ីបនៅឧបទ្វីប Sinai ត្រូវបានផ្អាកនៅថ្ងៃសុក្រនេះ បន្ទាប់ពីអេហ្ស៊ីបបានព្យួរជើងហោះហើររបស់អង់គ្លេសទៅកាន់តំបន់ដែលសំបូរទៅដោយក្រុមបះបោរ។
ក្រុមហ៊ុនអាកាសចរណ៍ EasyJet ដែលមានតម្លៃថោករបស់អង់គ្លេសបានឲ្យដឹងថា ការផ្អាកនេះមានន័យថា មានតែជើងហោះហើររបស់ខ្លួនចំនួន២ក្នុងចំណោមជើងហោះហើរចំនួន១០បន្ថែមទៀតដែលអាចហោះទៅកាន់ព្រលានយន្តហោះនៅតំបន់ Sharm el-Sheikh ហើយអាចចេញដំណើរនៅថ្ងៃសុក្រនេះបាន។
មន្រ្តីរបស់អេហ្ស៊ីបមិនបានបញ្ជាក់អំពីមូលហេតុដែលជើងហោះហើរត្រូវបានផ្អាកនោះទេ។
កាលពីថ្ងៃពុធនេះ ជើងហោះហើររបស់អង់គ្លេសមក និងទៅកាន់ឧបទ្វីប Sinai ត្រូវបានចុះចតទាំងអស់ បន្ទាប់ពីមានរបាយការណ៍ដែលបានណែនាំថា ការធ្លាក់យន្តហោះរបស់រុស្សីនៅក្នុងតំបន់នេះកាលពីសប្តាហ៍មុនដែលបានសម្លាប់អ្នកដំណើរ និងអាកាសយានិកទាំងអស់ចំនួន២២៤នាក់ អាចបណ្ដាលមកពីមានការដាក់គ្រាប់បែកនៅលើយន្តហោះនោះ។
រដ្ឋាភិបាលទីក្រុងឡុងដ៍បានឲ្យដឹងថា នឹងមានការអនុញ្ញាតឲ្យធ្វើការហោះហើរជាថ្មីឡើងវិញ បន្ទាប់ពីមន្រ្តីរបស់អង់គ្លេស និងអេហ្ស៊ីបព្រមព្រៀងពង្រឹងវិធានការសន្តិសុខនៅព្រលានយន្តហោះក្នុងតំបន់ Sharm el-Sheikh។
នៅថ្ងៃសុក្រនេះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិបានចាប់ផ្តើមដាក់បំរាមមិនឲ្យមានវ៉ាលីបញ្ញើនៅតាមជើងហោះហើរមួយចំនួនចេញពីរដ្ឋធានីគែរ (Cairo) នោះទេ។
ក្រុមហ៊ុនអាកាសចរណ៍ KLM Royal Dutch បានឲ្យដឹងថា មានតែវ៉ាលីតូចៗដាក់តាមខ្លួនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតលើជើងហោះហើរពីរដ្ឋធានីគែរទៅទីក្រុង អាំស្ទែដាំ (Amsterdam) នៅថ្ងៃសុក្រនេះ។ មិនមានការបញ្ជាក់អំពីថាតើគោលនយោបាយនេះនឹងត្រូវអនុវត្តនៅពេលណានោះទេ ប៉ុន្តែមានបញ្ជាក់ថា ការវិវត្តទៅមុខគឺអាស្រ័យនឹងព័ត៌មានក្នុងស្រុក និងអន្តរជាតិ និងការប្រុងប្រយ័ត្នជាមុន៕