ប្រទេសអេហ្ស៊ីបបានអំពាវនាវកាលពីថ្ងៃអង្គារឱ្យមានការឈប់បាញ់គ្នានៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាដោយនិយាយថាជម្លោះនោះ អាចរីកកាន់តែធំធ្លាក់ចូលក្នុងសង្គ្រាមក្នុងតំបន់ ប្រសិនបើ ការប្រយុទ្ធមិនត្រូវបានបញ្ឈប់នៅក្នុងទឹកដីដ៏តូចមួយនៅតាមបណ្តោយសមុទ្រមីឌីទែរ៉ាណេនោះ។
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានធ្វើសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីជំនួបនៅឯវិមានរដូវក្តៅរបស់លោកនៅ El Alameinជាមួយរដ្ឋមន្ត្រីការបរ ទេសសហរដ្ឋអាមេរិកលោក Antony Blinken។
លោក Sisi បាននិយាយទៀតថាភាគីទាំងអស់ត្រូវតែប្រយ័ត្ននឹង«ភាពគ្រោះថ្នាក់នៃជម្លោះដែលរីករាលដាលនៅក្នុងតំបន់»ហើយថាហានិភ័យនៃសង្គ្រាមកាន់តែធំឡើងនឹងកា្លយការពិបាកដែលនឹកស្មានដល់»។
មេដឹកនាំអេហ្ស៊ីបបាននិយាយទៀតថាការឈប់បាញ់គ្នានៅក្នុងតំបន់ហ្កាហ្សា«ត្រូវតែចាប់ផ្តើមនៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនកាន់តែធំឡើងហើយនឹងការអនុវត្តនៃដំណោះស្រាយរដ្ឋ២ ដែលជាអ្នកធានាដ៏សំខាន់នៃស្ថិរភាពនៅក្នុងតំបន់»។
ក្នុងអំឡុងនៃការចរចាដែលជាប់គាំងអស់ជាច្រើនខែស្តីពីការឈប់បាញ់គ្នានៅក្នុងសង្គ្រាម១០ខែកន្លះ សហរដ្ឋអាមេរិកនៅតែរក្សាការគាំទ្ររបស់ខ្លួនដល់ដំណោះស្រាយរដ្ឋ២ដែលអំពាវនាវឱ្យបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយរួមជាមួយអ៊ីស្រាអែល ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបន្តជំទាស់ប្រឆាំងលទ្ធផលបែបនេះថាជាការមិនអាចការពារបានដល់សន្តិសុខរបស់អ៊ីស្រាអែល។
អេហ្ស៊ីបរួមជាមួយប្រទេសកាតានិងសហរដ្ឋអាមេរិកបានជំរុញឱ្យមានការចរចាសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ក៏ប៉ុន្តែមិនអាចធ្វើឱ្យមានការឈប់បាញ់គ្នាបាន៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters