ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​រុស្ស៊ី​ប្តេជ្ញា​ទប់ទល់​ជាមួយ​«កម្លាំង​មក​ពី​ក្រៅ​តំបន់‍»​នៅ​អាស៊ី​អាគ្នេយ៍


រដ្ឋ​មន្ត្រីការបរទេស​ចិនលោក Wang Yi ចាប់ដៃ​រដ្ឋ​មន្ត្រីការបរទេសរុស្ស៊ី​​លោក Sergei Lavrov នៅ​ក្នុង​ទីក្រុង​ Vientiane ប្រទេស​ឡាវ​កាលពីថ្ងៃទី​២៥ កក្កដា ឆ្នាំ២០២៤។
រដ្ឋ​មន្ត្រីការបរទេស​ចិនលោក Wang Yi ចាប់ដៃ​រដ្ឋ​មន្ត្រីការបរទេសរុស្ស៊ី​​លោក Sergei Lavrov នៅ​ក្នុង​ទីក្រុង​ Vientiane ប្រទេស​ឡាវ​កាលពីថ្ងៃទី​២៥ កក្កដា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​ចិន​និង​រុស្ស៊ី បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ កាល​ពី​ថ្ងៃសុក្រ ក្រោយ​ពី​បាន​ប្តេជ្ញា​ថា​ នឹង​ទប់ទប់​ជាមួយ «កម្លាំង​មក​ពី​ក្រៅ​តំបន់‍» នៅ​អាស៊ី​អាគ្នេយ៍​ មួយ​ថ្ងៃ​មុន​មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ទៅ​ដល់​ទីក្រុង​វៀងចន្ទន៍ ប្រទេសឡាវ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សេងៗ​របស់​អាស៊ាន​នៅ​ទីនោះ។ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍​អំពី​រឿង​នេះ។ លោក ប៉ូច រាសី សូម​ជូន​សេចក្តី​ប្រែសម្រួល។

លោក Wang Yi និង​លោក Sergei Lavrov បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​៣ថ្ងៃ​របស់​សមាគម​អាស៊ាន​ នៅ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ។

លោក​ទាំង​ពីរ​បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ដៃគូ​របស់​ខ្លួន​នៅ​ក្នុង​ប្លុក​អាស៊ាន​ ហើយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi ក៏​បាន​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​ចក្រភព​អង់គ្លេស​ លោក David Lammy ផង​ដែរ។

កាល​ពី​ថ្ងៃ​ព្រហស្សតិ៍ លោក Wang និង​លោក Lavrov បាន​យល់​ស្រប​គ្នា​ដើម្បី​ធ្វើ​ការ​ជាមួយ​គ្នា​ ក្នុង​កិច្ចប្រឹងប្រែង​«ទប់ទល់​ជាមួយ​កិច្ចប្រឹងប្រែង​ណា​មួយ​របស់​កម្លាំង​ក្រៅ​តំបន់ ដើម្បី​លូកលាន់​ចូល​កិច្ចការ​របស់​អាស៊ីអាគ្នេយ៍ នេះ​បើ​តាម​ក្រសួង​ការបរទេស​រុស្ស៊ី។

លោក Lavrov បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា អស់​លោក​ក៏​បាន​ពិភាក្សា​អំពី​ការ​អនុវត្ត​ «ផែនការ​សន្តិសុខ​ថ្មី​មួយ‍» ក្នុង​តំបន់​អឺរ៉ុប​អាស៊ី​ផង​ដែរ ក៏​ប៉ុន្តែ​មិន​បាន​និយាយ​លម្អិត​បន្ថែម។

បើ​តាម​សារ​មួយ​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស​ចិន Xinhua នោះ លោក Wang បាន​ថ្លែង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​«ត្រៀមខ្លួន​រួចស្រេច​ដើម្បី​ធ្វើការ​ជាមួយ​រុស្ស៊ី ដើម្បី...គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​រឹងមាំ រក្សា​ការពារ​ផលប្រយោជន៍​សំខាន់​ជា​ស្នូល​របស់​ប្រទេស​ទាំង​ពីរ‍»។

ចិន​ជា​សម្ព័ន្ធមិត្ត​នយោបាយ និង​សេដ្ឋកិច្ច យ៉ាង​ជិតដិត​របស់​រុស្ស៊ី ហើយ​សមាជិក​នៃ​អង្គការ​អូតង់​ បាន​ចាត់​ទុក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ថា​ជា ​«អ្នកជួយ​ជំរុញ​យ៉ាង​ជាក់លាក់» នៅ​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken ត្រូវ​បាន​រំពឹង​ថា​នឹង​អញ្ជើញ​ទៅ​ដល់​ទីក្រុង​វៀងចន្ទន៍ នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ ដើម្បី​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន។

លោក Blinken បាន​យក​សម្ពន្ធភាព​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្នុង​តំបន់​អាស៊ី​ជា​អាទិភាព​នយោបាយ​ការ​បរទេស​ចម្បង​ ដោយ​មាន​គោលបំណង​ «ជំរុញ​ឱ្យ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​សេរី​និង​ចំហ​មួយ មាន​ដំណើរការ​ទៅ​មុខ‍»​ ដែល​ជា​វិធី​និយាយ​មិន​ចំៗ ក្នុង​ការ​រិះគន់​ប្រទេស​ចិន​មហិច្ឆតា​របស់​ចិន។

ប៉ុន្តែ​លោក Blinken បាន​កាត់​បន្ថយ​ទស្សនកិច្ច​របស់​លោក​ទៅ​តំបន់​អាស៊ី​ចំនួន​មួយ​ថ្ងៃ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សេតវិមាន​រវាង​លោក​ប្រធានាធិបតី Biden និង​លោក​នាយករដ្ឋមន្ត្រី Benjaman Netanyahu នៃ​ប្រទេស​អ៊ីស្រាអែល។

លោក Wang និង​លោក Blinken នឹង​ជួបគ្នា​នៅ​ក្នុង​ប្រទេស​ឡាវ ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា លើ​បញ្ហា​ដែល​ចិន​និង​អាមេរិក មាន​ការ​ព្រួយ​បារម្ភ​ដូច​គ្នា នេះ​បើ​តាម​សម្តី​របស់​ស្ត្រី​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន។

ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

កាលពី​ថ្ងៃ​សុក្រ លោក Wang Yi បាន​ជួប​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ហើយ​បាន​កោត​សរសើរ​អំពី​ចំណង​ទាក់ទង​សេដ្ឋកិច្ច​ដែល​កាន់​តែ​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ជាមួយ​តំបន់​អាស៊ាន។

នៅ​ពេល​ចាប់ដៃ​គ្នា​តាម​ទំនៀមទម្លាប់​របស់​អាស៊ាន លោក Wang បាន​ឈរ​ជាប់​ជាមួយ​តំណាង​របស់​ប្រទេស​មីយ៉ាន់ម៉ា លោក Aung Kyaw Moe ដែល​ជា​លេខា​អចិន្ត្រៃយ៍​ប្រចាំ​ក្រសួង​ការបរទេស។

កន្លង​មក អាស៊ាន​មិន​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​យោធា​របស់​មីយ៉ាន់ម៉ា ចូលរួម​ក្នុង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​២០២១ និង ការ​បង្រ្កាប​អ្នកប្រឆាំង​ ដែល​បាន​ធ្វើឱ្យ​ប្រទេស​នេះ​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ។

លោក Lavrov ក៏​បាន​ជួប​ជាមួយ​ដៃគូ​អាស៊ាន នៅ​ក្នុង​ទីក្រុង​វៀងចន្ទន៍​ដែរ ក៏​ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​ទេ។

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ត្រូវ​គេ​រំពឹង​ថា​នឹង​ចេញ​សេចក្ដី​ប្រកាស​រួម​មួយ ក្រោយ​ពី​កិច្ចប្រជុំ​៣​ថ្ងៃ​នេះ។

ប្រភព​ការ​ទូត​មួយ​បាន​និយាយ​ថា ​សេចក្តី​ប្រកាស​រួម​នោះ ត្រូវ​បាន​ជាប់​គាំង​ដោយ​សារ​ការ​ខ្វះ ការ​យល់​ស្រប​គ្នា លើ​ពាក្យ​ពេចន៍​នៅ​ក្នុង​ផ្នែក​ដែល​និយាយ​អំពី​ជម្លោះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ និង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង អះអាង​ថា តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​នាវា​ដឹកទំនិញ​មាន​ទឹក​ប្រាក់ រាប់​លានលាន​ដុល្លារ បើកបរ​ឆ្លងកាត់​ក្នុង​មួយ​ឆ្នាំ ជា​ដែនទឹក​របស់​ចិន ស្ទើរ​តែ​ទាំង​អស់​ទោះ​ជា​សេចក្តី​សម្រេច​មួយ​របស់​តុលាការ​អន្តរជាតិ បាន​និយាយ​ថា​ ការ​អះអាង​បែប​នេះ​របស់​ចិន​ គ្មាន​មូលដ្ឋាន​ច្បាប់​អ្វី​ក៏​ដោយ។

ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ចំនួន ធ្វើការ​អះអាង​ត្រួត​គ្នា​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូងដែរ៕

ប្រែសម្រួល​ដោយ​លោក ប៉ូច រាសី

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG