កាលពីថ្ងៃច័ន្ទ អាជ្ញាធរអេហ្ស៊ីប (Egypt) បានផ្អាកការប្រកួតកីទ្បាបាល់ទាត់ធំៗទាំងអស់ហើយបានបញ្ជាឲ្យមានការស៊ើបអង្កេតលើការប៉ះទង្គិចគ្នាប្រកបដោយហិង្សាមួយនៅក្នុងតំបន់ជាយក្រុងមួយនៃរដ្ឋធានីឡឺ គែរ (Le Caire) រវាងកងកម្លាំងសន្តិសុខនិងពួកអ្នកមើលកីទ្បាបាល់ទាត់ដែលបានបណ្តាលឲ្យមនុស្សជាង២០នាក់ស្លាប់។
អំពើហិង្សាកាលពីថ្ងៃអាទិត្យបានកើតមានទ្បើងនៅពេលពួកប៉ូលីសបានបាញ់គ្រាប់បែកផ្សែងនិងកាំភ្លើងបាញ់សត្វស្លាបទៅលើហ្វូងអ្នកចូលចិត្តមើលការប្រកួតកីទ្បាបាល់ទាត់ដែលបានព្យាយាមចូលទៅក្នុងកីទ្បាដ្ឋាននៃក្រុមទាហានការពារដែនអាកាសនៅក្នុងមូលដ្ឋានយោធាមួយកន្លែង។ លោកប្រធានាធិបតី អេហ្ស៊ីប Abdel Fattah el-Sissi បានបញ្ជាឲ្យមានការស៊ើបអង្កេត«ដើម្បីរកឲ្យឃើញបុព្វហេតុជាឬសគល់»នៃអំពើហិង្សានេះ។
ពួកអ្នកចូលចិត្តមើលការប្រកួតកីទ្បាបាល់ទាត់បានបន្ទោសពួកប៉ូលីសចំពោះឧបទ្វហេតុនេះ។ អាជ្ញាធរបាននិយាយថា ពួកអ្នកចូលចិត្តមើលកីទ្បានេះបានថប់ដង្ហើមដោយសារគ្រាប់បែកផ្សែងឬត្រូវបានជាន់នៅក្នុងការជាន់គ្នាមួយនៅពេលពួកគេខិតខំព្យាយាមរត់ចេញពីកន្លែងនោះ។ ក្រសួងមហាផ្ទៃនៃប្រទេសអេហ្ស៊ីបបាននិយាយថា ប៉ូលីស២២នាក់ក៏បានត្រូវរបួសដែរហើយមានមនុស្ស១៨នាក់បានត្រូវបានចាប់ខ្លួន៕