ប្រទេសអេហ្ស៊ីបនិងប្រទេសអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថាបានព្រមព្រៀងគ្នាកាលពីថ្ងៃទី ១៤ ខែតុលាដើម្បីបើកច្រកព្រំដែន Rafahរវាងតំបន់ Gaza និងទឹកដីអេហ្ស៊ីបដើម្បីអនុញ្ញាតឱ្យពលរដ្ឋអាមេរិកាំងដែលជាប់គាំងនៅក្នុងទឹកដីដែលត្រួតត្រាដោយក្រុមហាម៉ាស់ (Hamas) អាចចាកចេញពីទីនោះបាន។
ទោះជាយ៉ាងណាក៏ដោយ គេមិនឃើញមានកិច្ចព្រមព្រៀងណាមួយសម្រាប់ពលរដ្ឋផ្សេងទៀតនៃតំបន់ Gaza ដើម្បីបានចូលក្នុងប្រទេសអេហ្ស៊ីបនោះទេ ស្របពេលដែលអ៊ីស្រាអែលបន្តប្រតិបត្តិការយោធារបស់ខ្លួនឆ្លងព្រំដែន។
ប្រទេសអេហ្ស៊ីបនៅបន្តបង្ហាញការប្រឆាំងចំពោះលទ្ធភាពនៃការតាំងទីលំនៅថ្មីរបស់ជនជាតិប៉ាឡេស្ទីនពីតំបន់ Gaza នៅលើទឹកដីរបស់ខ្លួន នៅចំពេលដែលមានក្ដីកង្វល់ថាជនស៊ីវិលមកពីដែនដីប៉ាឡេស្ទីននឹងត្រូវបង្ខំឱ្យឆ្លងកាត់ព្រំដែនបន្ទាប់ពីបានរត់ភៀសខ្លួនពីផ្នែកផ្សេងទៀតនៃតំបន់ Gaza។
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissiបានទទូចកាលពីថ្ងៃទី ១២ ខែតុលាថា ជនជាតិប៉ាឡេស្ទីនត្រូវតែរើបម្រាសប្រឆាំងនឹងការបង្ខំឱ្យពួកគេចាកចេញពីតំបន់ Gaza។
លោក Fattah el-Sissiបាននិយាយថា៖ «បុព្វហេតុប៉ាឡេស្ទីនគឺជាបុព្វហេតុចម្បងបំផុតសម្រាប់ពលរដ្ឋអារ៉ាប់ទាំងអស់ ហើយវាមានសារៈសំខាន់សម្រាប់ពលរដ្ឋប៉ាឡេស្ទីនក្នុងការរក្សាភាពរឹងមាំនិងស្ថិតនៅលើទឹកដីរបស់ខ្លួន»។
កាលពីពេលថ្មីៗនេះ មេបញ្ជាការយោធាអ៊ីស្រាអែលលោកវរសេនីយឯក Richard Hecht បានជំរុញឱ្យពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ Gaza «ចាកចេញពីតំបន់នោះ» ហើយធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប។ ក្រោយមក កងកម្លាំងការពារជាតិអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថាមិនមាន «ការអំពាវនាវផ្លូវការ» ណាមួយពីអ៊ីស្រាអែលសម្រាប់ពលរដ្ឋនៃតំបន់ Gaza ឱ្យចូលក្នុងទឹកដីប្រទេសអេហ្ស៊ីបនោះទេ។
សមាជិកសភាអេហ្ស៊ីបលោក Mustafa Bakri បានប្រាប់ទូរទស្សន៍ Al Arabiya ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី ១៤ ខែតុលាថា អេហ្ស៊ីប «បានព្រមានទាំងអ៊ីស្រាអែលនិងភាគីអន្តរជាតិដ៏ទៃទៀតថាខ្លួននឹងប្រឆាំងនឹងកិច្ចប្រឹងប្រែងណាមួយដែលព្យាយាមធ្វើយ៉ាងណាឱ្យជនជាតិប៉ាឡេស្ទីនបានតាំងទីលំនៅថ្មីនៅលើឧបទ្វីប Sinai»។
លោកបានអះអាងថាផែនការចាស់រាប់ទសវត្សរ៍មួយដែលមានស្រាប់មានបំណងដាក់ជនជាតិប៉ាឡេស្ទីនឱ្យតាំងទីនៅលើឧបទ្វីប Sinai និងប្រើទឹកដីអេហ្ស៊ីបជាផ្នែកមួយនៃមាតុភូមិប៉ាឡេស្ទីន។
លោក Khattar Abou Diab ដែលបង្រៀនផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យប៉ារីស (University of Paris) បានប្រាប់វីអូអេថា នេះគឺដោយសារអតីតប្រធានាធិបតីអេហ្ស៊ីបលោក Hosni Mubarak ដែលធ្វើការអះអាងថាអ៊ីស្រាអែលមានផែនការធ្វើឱ្យជនជាតិប៉ាឡេស្ទីនបានតាំងទីលំនៅនៅលើឧបទ្វីប Sinai ដើម្បីជាថ្នូរនឹងការលុបចោលបំណុលមួយផ្នែករបស់ប្រទេសអេហ្ស៊ីប ដែលឥឡូវនេះបំណុលសរុបរបស់អេហ្ស៊ីបមានចំនួនប្រហែល ១៧០ ពាន់លានដុល្លារអាមេរិក។
លោក Said Sadek ដែលបង្រៀនផ្នែកសិក្សាសន្តិភាពនៅសាកលវិទ្យាល័យអេហ្ស៊ីប-ជប៉ុន (Egypt-Japan University) បានកត់សម្គាល់ថា អេហ្ស៊ីប «មិនចង់ឃើញចំនួនដ៏ច្រើននៃជនជាតិប៉ាឡេស្ទីននៅក្នុងឧបទ្វីប Sinaiទេ ពីព្រោះវាអាចបណ្តាលឱ្យមានអស្ថិរភាពនៅក្នុងតំបន់ទេសចរណ៍ដ៏សំខាន់មួយប្រសិនបើជនជាតិប៉ាឡេស្ទីនទាំងនេះចាប់ផ្តើមបាញ់ប្រហារដាក់អ៊ីស្រាអែលចេញពីទឹកដីអេហ្ស៊ីប»។
លោក Sadek បានបន្ថែមថា វត្តមានជនជាតិប៉ាឡេស្ទីនដ៏ច្រើននៅក្នុងប្រទេសអេហ្ស៊ីប «អាចបណ្តាលឱ្យមានចលាចលរវាងពលរដ្ឋអេហ្ស៊ីបដែលគាំទ្រសន្តិភាពជាមួយអ៊ីស្រាអែលនិងអ្នកដែលមានបំណងវាយប្រហារអ៊ីស្រាអែល»។
បណ្តាញព័ត៌មានអេហ្ស៊ីបបានរាយការណ៍អំពីការវាយប្រហាររបស់យោធាអ៊ីស្រាអែលម្តងម្កាលនៅជិតព្រំដែនរវាងប្រទេសអេហ្ស៊ីបនិងតំបន់ Gaza ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលចរាចរណ៍ឆ្លងព្រំដែនត្រូវបានបញ្ឈប់នៅច្រកព្រំដែន Rafah។
អេហ្ស៊ីបបានជំរុញឱ្យប្រទេសនានាដែលចង់បញ្ជូនជំនួយទៅឱ្យតំបន់ Gaza ឱ្យបញ្ជូនជំនួយទាំងនោះទៅកាន់អាកាសយានដ្ឋាននៅជិតទីក្រុង El Arish វិញ ដែលជំនួយទាំងនោះអាចត្រូវបានបញ្ជូនទៅកាន់ព្រំដែនតាមរថយន្តដឹកទំនិញនៅពេលព្រំដែនបើកឡើងវិញ។
ពលរដ្ឋប៉ាឡេស្ទីនបានឈូសឆាយរបងព្រំដែនមួយផ្នែករវាងប្រទេសអេហ្ស៊ីបនិងតំបន់ Gaza ក្នុងអំឡុងពេលប្រតិបត្តិការយោធាមួយរបស់អ៊ីស្រាអែលលើតំបន់ Gaza កាលពីឆ្នាំ ២០០៨ ដោយជនជាតិប៉ាឡេស្ទីនរាប់រយនាក់បានចូលទៅផ្នែកខាងជើងនៃឧបទ្វីប Sinai របស់អេហ្ស៊ីប។
ការរំលោភព្រំដែននេះបានបណ្តាលឱ្យមានការព្រួយបារម្ភដ៏យូរអង្វែងនៅក្នុងប្រទេសអេហ្ស៊ីបថា ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ Gaza នឹងស្វះស្វែងបន្តរស់នៅក្នុងផ្នែកមួយចំនួននៃទឹកដីអេហ្ស៊ីបហើយនឹងនៅតែបន្តស្ថិតនៅលើដីអេហ្ស៊ីបតទៅមុខទៀត។
បណ្ដាមេដឹកនាំនៃប្រទេសអារ៉ាប់នានាបានជំរុញពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ Gaza កុំឱ្យព្យាយាមចាកចេញពីតំបន់នោះ ហើយនាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammad Shtayyeh ដែលស្ថិតនៅក្នុងទីក្រុង Ramallahនៃភាគកណ្ដាលតំបន់ West Bank បានប្រាប់ពលរដ្ឋនៅក្នុងតំបន់ Gaza ដែលកំពុងត្រួតត្រាដោយក្រុមហាម៉ាស់ កុំឱ្យចាកចេញពីទឹកដីនោះ។
លោក Shtayyeh បានបញ្ជាក់ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ១៣ ខែតុលាថា ពលរដ្ឋប៉ាឡេស្ទីននឹងមិនចាកចេញពីទឹកដីរបស់ខ្លួនទេ ថ្វីបើអ្វីដែលលោកបានអះអាងថាជាផែនការរបស់អ៊ីស្រាអែលក្នុងការបង្ខំឱ្យពួកគេទាំងអស់ចេញពីតំបន់ Gaza ក៏ដោយ។
លោកបានបន្ថែមថា អ៊ីស្រាអែលបានព្យាយាមដើម្បីធ្វើឱ្យជនជាតិប៉ាឡេស្ទីនរត់រកទីជម្រកនៅក្នុងប្រទេសផ្សេងតាំងពីឆ្នាំ ១៩៥០ មក។
រដ្ឋមន្ត្រីការបរទេសហ៊្សកដានីលោក Ayman Safadi ក៏បានទទូចផងដែរនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ១៤ ខែតុលានៅក្នុងរាជធានីអាម៉ាន់ថា ប្រទេសរបស់លោកនឹងមិនអនុញ្ញាតឱ្យជនជាតិប៉ាឡេស្ទីនរត់ភៀសខ្លួនពីមាតុភូមិរបស់ពួកគេទេ។
លោកបាននិយាយថា ព្រះមហាក្សត្រ Abdullah ទីពីរនៃប្រទេសហ្ស៊កដានីបានមានព្រះរាជបន្ទូលថាការបង្ខិតបង្ខំឱ្យពលរដ្ឋប៉ាឡេស្ទីនចាកចេញពីមាតុភូមិរបស់ពួកគេគឺជា «ចំណុចកំហិត» មួយដែលព្រះអង្គនឹងមិនទទួលយកបាននោះទេ។
លោក Safadi បានព្រមានថា «សន្តិសុខនិងស្ថិរភាពនៃតំបន់ទាំងមូលកំពុងរងការគំរាមកំហែង» ដោយអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ Gaza៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
អេហ្ស៊ីបប្រឆាំងនឹងការអនុញ្ញាតឱ្យជនជាតិប៉ាឡេស្ទីនចាកចេញពីតំបន់ Gaza ចូលក្នុងឧបទ្វីប Sinai
ទីក្រុងគែរ ប្រទេសអេហ្ស៊ីប —