កាលពីថ្ងៃអាទិត្យ អាជ្ញាធរហ្ស៊កដានី បានបញ្ជូនអ្នកកាសែតម្នាក់នៃបណ្តាញទូរទស្សន៍ Al Jazeera ទៅប្រទេសអូស្រ្តាលីវិញ បន្ទាប់បានដោះលែងលោកពីការជាប់គុកជាងមួយឆ្នាំនៅក្រោយការកាត់ក្តីឲ្យលោកមានទោសពីបទជួយចលនា Muslim Brotherhood ដែលជាក្រុមនៅក្រៅច្បាប់។
លោក Peter Greste បានចាកចេញពីក្រុង Le Caire តាមយន្តហោះទៅកាន់ប្រទេសស៊ីប ដើម្បីបន្តដំណើរទៅកាន់ប្រទេសអូស្រ្តាលី បន្ទាប់ពីក្រុមមន្ត្រីអេហ្ស៊ីប បាននិយាយថាលោកប្រធានាធិបតី Abdel Fattah al-Sisi បានយល់ព្រមនឹងការធ្វើបត្យាប័ន។
អ្នកកាសែតអូស្រ្តាលី រូបនេះបានជាប់គុក៤០០ថ្ងៃ។កាលពីឆ្នាំទៅ លោកបានត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទចោទប្រកាន់ទាក់ទិននឹងភេរវកម្មនៅក្នុងការកាត់ក្តីមួយដែលអង្គការសិទ្ធិមនុស្សបានពណ៌នាថាជាការបញ្ឆោត។
នៅពេលដែលលោក Greste បានត្រូវដោះលែង មន្ត្រីសន្តិសុខអេហ្ស៊ីបម្នាក់បាននិយាយថាអ្នកកាសែត Al Jazeera ទីពីរដែលបានត្រូវចាប់ខ្លួនជាមួយលោក Greste កាលពីខែធ្នូឆ្នាំ២០១៣ ឈ្មោះ Mohammed Fahmy ដែលជាពលរដ្ឋកាណាដាដើមកំណើតអេហ្ស៊ីប ក៏អាចត្រូវបញ្ជូនទៅប្រទេសកាណាដាក្នុងពេលប៉ុន្មានថ្ងៃខាងមុននេះ។លោក Fahmy ក៏បានទទួលទោសជាប់គុក៧ឆ្នាំផងដែរ៕