លោកតា Leriman Letiko អាយុ ១០២ ឆ្នាំ អង្គុយក្រោមដើមឈើមួយដើមផ្ទេរចំណេះដឹងវប្បធម៌ និងគ្រាមភាសាមួយប្រភេទ ដែលប្រហែលជាជិតបាត់បង់។
លោកតា Letiko និងប្អូនប្រុសរបស់លោកតាអាយុ ៩៥ ឆ្នាំ ឈ្មោះ Leteiyon គឺជាមនុស្សពីរនាក់ដែលនៅរស់រានមានជីវិតនៅក្នុងកុលសម្ព័ន្ធមួយ ដែលមានមនុស្សប្រហែល ១ ម៉ឺននាក់ ដែលអាចនិយាយភាសា Yakunte បានយ៉ាងស្ទាត់ជំនាញ។
អង្គការ UNESCO បានចាត់ថ្នាក់ភាសា Yakunte ជាភាសាដែលបានបាត់បង់ ប៉ុន្តែកុលសម្ព័ន្ធភាគតិច Yiaku នៅក្នុងព្រៃ Mukogodo និងនៅតំបន់ជុំវិញ ក្នុងស្រុក Laikipia នៅភាគកណ្ដាលផ្នែកខាងជើងប្រទេសកេនយ៉ា កំពុងប្រឹងប្រែងរក្សាភាសានេះមិនឲ្យវិនាសសាបសូន្យ។
លោកតា Letiko និយាយថា៖ «ទាំងម្ដាយរបស់ខ្ញុំ និងទាំងជីដូនរបស់ខ្ញុំសុទ្ធតែចេះនិយាយភាសា Yakunte។ នៅពេលដែលយើងចាប់ផ្ដើមទំនាក់ទំនងទៅខាងក្រៅកាន់តែច្រើនជាងមុន និងរៀបការជាមួយនឹងក្រុមជនជាតិភាគតិច Maasai គឺនៅពេលនោះហើយដែលភាសា Yakunte ចាប់ផ្ដើមបាត់បង់។ នៅពេលដែលយើងរៀបការជាមួយអ្នកដែលមកពីកុលសម្ព័ន្ធផ្សេង យើងបានប្រើភាសារបស់ពួកគេ»។
ជនជាតិភាគតិច Yaakus ភាគច្រើនឥឡូវនេះនិយាយភាសា Kimaasai ដែលជាភាសារបស់កុលសម្ព័ន្ធ Maasai ដែលនៅជិតខាងក្នុងស្រុក Laikipia នេះដែរ។
លោកតា Letiko បានប្រើប្រពៃណីផ្ទេរចំណេះដឹងភាសា និងវប្បធម៌ផ្ទាល់មាត់ទៅឲ្យកូនប្រុសរបស់លោកតា និងជនជាតិ Yaakus ផ្សេងទៀត។
លោកតានិយាយថា វិធីតែមួយគត់ដើម្បីរក្សាភាសា Yakunte គឺការបង្រៀនភាសានេះនៅតាមសាលារៀននានានៅក្នុងស្រុក។
លោកតា Letiko បញ្ជាក់ដូច្នេះថា៖ «នៅពេលឥឡូវនេះ យើងមានសាលារៀន និងការអប់រំ។ ប្រសិនបើភាសានេះត្រូវបានគេបង្រៀននៅតាមសាលានៅក្នុងតំបន់នេះ ហើយគ្រូបង្រៀន និងជនជាតិ Yaakus វ័យចំណាស់នានាចូលរួម នោះខ្ញុំមានជំនឿមុតមាំថា ភាសា Yakunte នេះ អាចរស់រានមានជីវិតឡើងវិញបាន»។
ក្រុមអង្គការសង្គមស៊ីវិលនានា និងក្រសួងកីឡា វប្បធម៌ និងសិល្បៈនៃប្រទេសកេនយ៉ា បានព្រាងច្បាប់មួយដើម្បីកត់ត្រា និងលើកតម្កើងភាសាភាគតិចនៅក្នុងប្រទេសកេនយ៉ា។
លោក Josephta Mukobe គឺជារដ្ឋលេខាធិការចម្បងនៃនាយកដ្ឋានវប្បធម៌ និងបេតិកភណ្ឌរដ្ឋនៃក្រសួងកីឡា វប្បធម៌ និងសិល្បៈប្រទេសកេនយ៉ា។
លោកនិយាយដូច្នេះថា៖ «នាយកដ្ឋានរបស់ខ្ញុំទទួលបន្ទុកផ្នែកភាសា ដូច្នេះយើងបង្កើតគោលនយោបាយមួយដើម្បីមើលថាតើយើងអាចរក្សាភាសាទាំងនេះមួយចំនួនបានដែរឬក៏យ៉ាងណានោះ។ ប៉ុន្តែ ដូចដែលខ្ញុំបាននិយាយរួចមកហើយ ភាសាមួយមានសារៈសំខាន់នៅពេលដែលគេប្រើវាតែប៉ុណ្ណោះ។ ទោះបីជាយើងអភិវឌ្ឍភាសានោះក៏ដោយ ប្រសិនបើគ្មានអ្នកនិយាយវា នោះយើងនឹងមិនដែលឭភាសានេះទេ»។
លោក Kimani Njogu អ្នកភាសាវិទ្យាដែលជាសមាជិកម្នាក់នៃបណ្ឌិតសភាភាសាអាហ្វ្រិក បាននិយាយថា ភាសាអាចស្លាប់ដូចអ្វីៗដទៃទៀតដែរ។
លោក Njogu បញ្ជាក់ដូច្នេះថា៖ «ភាសាមួយចំនួនអាចបាត់បង់ ដោយសារតែសកលភាវូបនីយកម្ម និងនគររូបនីយកម្ម និងដោយសារតែយើងគ្មានការផ្ទេរភាសាជាប្រព័ន្ធពីជំនាន់មួយទៅជំនាន់មួយ។ មនុស្សវ័យចំណាស់មិនផ្ទេរភាសារបស់ខ្លួនដល់យុវជនក្មេងៗ ហើយប្រព័ន្ធអប់រំកំណត់ឲ្យភាសាមួយចំនួនមានប្រៀបជាងភាសាដទៃទៀត»។
លោក Njogu បានបន្ថែមថា គេគួរប្រើបច្ចេកវិទ្យាព័ត៌មានដើម្បីកត់ត្រាទុកភាសាទាំងនេះមុនពេលវាបាត់បង់។
នេះគឺជាគោលបំណងដែលអង្គការ Yaku Laikipia Trust ដែលជាអង្គការធ្វើការជាចម្បងលើបញ្ហាតស៊ូមតិនានានៅជុំវិញតំបន់ Yiaku កំពុងជ្រោមជ្រែង។ អ្នកស្រី Jennifer Konate គឺជាប្រធានអង្គការ Yaku Laikipia Trust នេះ។
អ្នកស្រីនិយាយដូច្នេះថា៖ «អ្វីដែលយើងចង់ចាប់ផ្ដើមធ្វើគឺការកត់ត្រាសំឡេងរបស់មនុស្សវ័យចំណាស់ដែលចេះភាសានេះ ដោយប្រមូលផ្ដុំពួកគេឲ្យបន្តនិយាយភាសានេះ។ ដូច្នេះ យើងចង់មានកន្លែងមួយសម្រាប់ពួកគេនិយាយភាសានេះ ហើយយើងនឹងកត់ត្រាភាសាដែលពួកគេនិយាយ»។
ប្រសិនបើករណីនេះអាចទៅរួច ហើយសំណើច្បាប់អំពីគោលនយោបាយភាសានេះត្រូវបានគេអនុម័ត នោះភាសា Yakunte និងភាសាភាគតិចផ្សេងទៀតអាចនៅរស់រានមានជីវិតទៅមុខបាន ដែលនេះគឺជាអ្វីដែលធ្វើឲ្យលោកតា Leriman Letiko គិតថា ការប្រឹងប្រែងរបស់គាត់មិនមែនអត់ប្រយោជន៍នោះទេ៕
ប្រែសម្រួលដោយ ភី សុភាដា